ព័ត៌មានជាតិ

ក្រសួងសាធារណការ រៀបចំប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ សម្រាប់ដោះស្រាយបញ្ហា ទាក់ទងការដឹកជញ្ជូនកំពុងប្រឈម

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវការធ្វើបច្ចុប្បន្នភាព និងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ ឲ្យមានប្រសិទ្ធភាព ដើម្បីឆ្លើយតប និងដោះស្រាយបញ្ហាទាក់ទងនឹងការដឹកជញ្ជូន ដែលកំពុងប្រឈមនាបច្ចុប្បន្ន។

ក្នុងកិច្ចប្រជុំជាមួយសមភាគីកូរ៉េ ដើម្បីពិភាក្សាលើគម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ (ITS – Intelligent Transport System) សម្រាប់កម្ពុជា ក្រោមការគាំទ្ររបស់ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ លោក ឈួន វ៉ន់ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ បានឲ្យដឹងថា បច្ចុប្បន្នបច្ចេកវិទ្យាទំនើបពិតជាផ្ដល់ឱកាសឲ្យទាំងអស់គ្នា បានអភិវឌ្ឍន៍វិស័យដឹកជញ្ជូនឲ្យមានការរីកចម្រើន រួមមាន ៖ ឡានដើរដោយថាមពលអគ្គិសនី កំពុងមានការប្រើប្រាស់នាពេលបច្ចុប្បន្ននេះ ជាដើម។

លោកបានបញ្ជាក់ថា «ដើម្បីសម្របខ្លួនទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យានេះ ក្រសួង សាធារណការ និងដឹកជញ្ជូន ត្រូវការធ្វើបច្ចុប្បន្នភាព និងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃឲ្យមាន ប្រសិទ្ធភាព ដើម្បីឆ្លើយតប និងដោះស្រាយបញ្ហាទាក់ទងនឹងការដឹកជញ្ជូនដែលយើងកំពុងប្រឈមនាបច្ចុប្បន្ននេះ និងបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ក្រសួង ក្នុងការសម្របសម្រួលជាមួយក្រសួង- ស្ថាប័នពាក់ព័ន្ធ សង្គមស៊ីវិល និងភាគីពាក់ព័ន្ធទាំងឡាយ ដើម្បីអភិវឌ្ឍគម្រោងនេះឲ្យបានជោគជ័យ»។

លោកបានសង្ឃឹមថា ការរៀបចំផែនការមេ ប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃនេះ នឹងអាចបញ្ចប់ក្នុងរយៈពេលមួយឆ្នាំ តាមផែនការដែលបានកំណត់ ដើម្បីគ្រប់ភាគីពាក់ព័ន្ធទាំងឡាយរួមគ្នាអនុវត្តឲ្យបានជោគជ័យ។

សូមជម្រាបថា កូរ៉េបានអនុម័តគម្រោងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃក្រោមរូបភាពជាជំនួយអភិវឌ្ឍន៍ផ្លូវការ(Official Development Assistance) ដើម្បីជួយធ្វើឱ្យប្រសើរឡើងដល់វិស័យដឹកជញ្ជូន កម្ពុជា ដោយមានការចូលរួមសហការពីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា ក្រសួងដែនដី ហេដ្ឋា រចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េ និងសមាគមសាងសង់នៅបរទេសរបស់កូរ៉េផងដែរ។ គម្រោងនេះគ្រោងនឹងបញ្ចប់នៅក្នុងខែសីហា ឆ្នាំ២០២២ ហើយគ្រោងដាក់ឲ្យដំណើរការសាកល្បងក្នុងឆ្នាំ២០២៣ នៅព្រលានយន្តហោះថ្មីរបស់កម្ពុជា ទីក្រុងរណបជុំវិញរាជធានីភ្នំពេញ និងនៅតាមបណ្តាញផ្លូវជាតិសំខាន់ ដូចជា ៖ ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥ ទោះបីស្ថិតនៅក្នុងបរិបទនៃការ ឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក៏ដោយ៕

To Top