ព័ត៌មានអន្តរជាតិ

ចិននឹងបង្កើតក្រុមហ៊ុន រដ្ឋខ្នាតធំផ្តោតលើវិស័យ យុទ្ធសាស្ត្រថ្មី

បរទេស៖គណៈកម្មការគ្រប់គ្រងនិងរដ្ឋបាលទ្រព្យសម្បត្តិរដ្ឋចិន ហៅកាត់ថា SASAC បាននិយាយនៅថ្ងៃព្រហស្បត្តិ៍នេះថា ប្រទេសចិននឹងបង្កើតក្រុមហ៊ុនខ្នាតធំជាកម្មសិទ្ធិរដ្ឋាភិបាលកណ្ដាលថ្មី ដោយផ្តោតលើឧស្សាហកម្មកំពុងលេចធ្លោរតាមបែបយុទ្ធសាស្ត្រថ្មី នៅពេលដ៏សមស្រប។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបង្ហោះលើគេហទំព័រខ្លួន គណៈកម្មការ SASAC នេះ បាននិយាយថា ក្រុមហ៊ុនខ្នាតយក្សជាកម្មសិទ្ធិរដ្ឋ នៅក្នុងមហាអំណាចសេដ្ឋកិច្ចពិភពលោកទីពីរនេះ គួរតែបង្កើតការច្នៃប្រឌិត និងពង្រឹងការស្រាវជ្រាវបច្ចេកវិទ្យា សម្រាប់ម៉ាស៊ីនឧស្សាហកម្ម ឈីបកុំព្យូទ័រ វត្ថុធាតុដើមថ្មី និងរថយន្តថាមពលថ្មី។

គណៈកម្មការចិនដដែលនេះ តាមសេចក្តីរាយការណ៍ បាននិយាយបន្តថា ប្រាក់ចំណេញសុទ្ធនៅក្រុមហ៊ុនកម្មសិទ្ធិរដ្ឋាភិបាលកណ្ដាលរបស់ចិន បានកើតឡើងជាងពីរដង នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំនេះ បើប្រៀបទៅនឹងរយៈពេលដូចគ្នាកាលពីមួយឆ្នាំមុន ដែលមានទំហំទឹកប្រាក់ប្រមាណ១៨៥ពាន់លានដុល្លារ។

គួរបញ្ជាក់ថា ការកើនឡើងនៃតម្លៃវត្ថុធាតុដើម ជាចម្បងបានផ្តល់ផលប្រយោជន៍ដល់ក្រុមហ៊ុនរដ្ឋខ្នាតយក្សរបស់ប្រទេសចិន ដែលគ្រប់ដណ្ដប់លើឧស្សាហកម្មលំដាប់ខាងលើ ចំណែកក្រុមហ៊ុនតូចៗ បាននិងកំពុងតែជាបញ្ហាលំបាក ដោយត្រូវបង្កើនតម្លៃលក់ដល់អតិថិជន៕ ប្រែសម្រួល៖ប៉ាង កុង

To Top