តូក្យូ៖ ក្រសួងការបរទេសជប៉ុន បានឲ្យដឹងថា ប្រទេសជប៉ុននឹងផ្តល់ប្រាក់ កម្ចីរហូតដល់ ៤៥ ពាន់លានយ៉េន (៤១០ លានដុល្លារ) ដល់ប្រទេសតួកគី ដើម្បីជួយសម្រាល បន្ទុកហិរញ្ញវត្ថុរបស់ប្រទេសនេះ ក្នុងការទទួលជនភៀសខ្លួនពី ប្រទេសស៊ីរី ដែលហែកហួរដោយសង្គ្រាម។
ក្រសួងបានឲ្យដឹងថា ជំនួយហិរញ្ញវត្ថុដែលបានផ្តល់ជូនក្នុងអំឡុងពេល កិច្ចប្រជុំមួយនៅទីក្រុងអ៊ីស្តង់ប៊ុល រវាងរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Toshimitsu Motegi និងសមភាគីរបស់លោក គឺលោក Mevlut Cavusoglu ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ជនភៀសខ្លួនស៊ីរីជាង ៣,៦ លាននាក់ ដែលបានភៀសខ្លួនទៅប្រទេសតួកគី។
រដ្ឋាភិបាលតួកគី បានឲ្យដឹងថា បានទទួលយកជនភៀសខ្លួនស៊ីរី ច្រើនជាងគេ។ ក្នុងនោះដែរភាគីទាំងពីរ ក៏បានឯកភាពគ្នាបង្កើតក្រុមអ្នកការទូតជាន់ខ្ពស់ ដើម្បីពិភាក្សាអំពីបញ្ហាដែនសមុទ្រ ដូចជាសេរីភាពនាវាចរណ៍ ដែលជាបញ្ហាសំខាន់ដែលជប៉ុន ព្រួយបារម្ភចំពោះការប្រឈមមុខដាក់គ្នារបស់ចិន នៅសមុទ្រចិនខាងកើត។
ក្រសួងជប៉ុនបានឲ្យដឹងទៀតថា អ្នកទាំងពីរក៏បានពិភាក្សាអំពីស្ថានភាពនៅអាហ្វហ្គានីស្ថាន និងដំណើរការសន្តិភាព ដែលពាក់ព័ន្ធនឹងអ៊ីស្រាអែល និងប៉ាឡេស្ទីនផងដែរ។
លោក Motegi បានសុំការគាំទ្រពីប្រទេសតួកគី ក្នុងការដោះស្រាយបញ្ហាកូរ៉េខាងជើង ការចាប់ពង្រត់ជនជាតិជប៉ុននៅទសវត្សឆ្នាំ១៩៧០ និង ១៩៨០ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
បច្ចុប្បន្នលោក Motegi កំពុងធ្វើទស្សនកិច្ចនៅមជ្ឈឹមបូព៌ា។ លោកបានធ្វើទស្សនកិច្ចនៅអេហ្ស៊ីប តំបន់វេសប៊ែង ដើម្បីជួបជាមួយមេដឹកនាំប៉ាឡេស្ទីន អ៊ីស្រាអែល និងហ្សកដានី ហើយលោក នឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ និងកាតា មុននឹងត្រលប់មកប្រទេសវិញនៅថ្ងៃអង្គារសប្ដាហ៍ក្រោយនេះ៕