ព័ត៌មានអន្តរជាតិ

ករណីឆ្លងជំងឺកូវីដ-១៩ សរុប​នៅក្នុងប្រទេសវៀតណាម កើនឡើងដល់ជិត ៣៥ម៉ឺនករណីហើយ ដោយករណីឆ្លង ប្រចាំថ្ងៃមានលើសពី ១ម៉ឺនករណី

ហាណូយ៖ យោងតាមក្រសួងសុខាភិបាល ប្រទេសវៀតណាម បានរាយការណ៍ថា មានករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១១,២១៤ ករណី ដោយក្នុងនោះករណីឆ្លង ក្នុងស្រុកចំនួន ១១,២០៨ ករណី និងនាំចូលចំនួន ៦ករណី។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ បានឲ្យដឹងថា ករណីសហគមន៍ភាគច្រើន ត្រូវបានរកឃើញនៅតំបន់ភាគខាងត្បូង រួមមាន ៤,១៩៣ករណី នៅចំណុចកណ្តាលទីក្រុងហូជីមិញ ៣,៧៩៥ករណី នៅខេត្តប៊ិញឌឿងក្បែរនោះ និង ៨៤៩ករណី នៅខេត្តដុងណៃ។

នៅថ្ងៃអាទិត្យម្សិលមិញនេះផងដែរ ខេត្តសុកត្រាំងខាងត្បូង បានបញ្ជាក់ពីករណីឆ្លងក្នុងស្រុក ចំនួន ១៣៨ ករណីផ្សេងទៀត ដែលត្រូវបានរកឃើញនៅថ្ងៃមុនៗ ។

ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថា ការឆ្លងថ្មីនេះបានធ្វើឱ្យចំនួនសរុប នៅក្នុងប្រទេសកើនឡើង ដល់ ៣៤៨,០៥៩ករណី ដោយមានអ្នកស្លាប់ចំនួន ៨,២៧៧ នាក់។

រហូតមកដល់ពេលនេះអ្នកជំងឺកូវីដ-១៩ ចំនួន ១៤៧,៦៦៧ នាក់បានជាសះស្បើយ ដោយកើនឡើង ៧,៥៨០នាក់ចាប់ពីថ្ងៃសៅរ៍ ខណៈវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាង ១៧ លានដូសត្រូវបានផ្តល់ជូន ទូទាំងប្រទេស៕ ដោយ ឈូក បូរ៉ា

To Top