ស្ថានភាពជំនន់ទឹកភ្លៀង

ចាប់ពីថ្ងៃ២៥-៣១សីហា កម្ពុជានឹងមានភ្លៀង លាយឡំ ផ្គរ រន្ទះ ខ្យល់កន្ត្រាក់

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១​ថា តំបន់មួយចំនួនរបស់ប្រទេសកម្ពុជានឹងមានភ្លៀង ធ្លាក់ពីមធ្យម ទៅច្រើន ដោយលាយឡំ នឹងបាតុភូតផ្គរ រន្ទះ ខ្យល់ កន្ត្រាក់ ចាប់ពីថ្ងៃ២៥-៣១ សីហា ខាងមុខនេះ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក បានលើកឡើងថា ក្នុងសប្ដាហ៍ខាងមុខ កម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា ក្នុងកម្រិតខ្លាំង ។ ទន្ទឹមនោះក៏សង្ឃឹមនឹងអាចកើតមាននៅជ្រលងសម្ពាបទាប ITCZ សារជាថ្មីផងដែរ ។

ក្រសួងបន្តថា ស្ថានភាពបែបនេះធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាលមានសីតុណ្ហភាពអប្បបរមាពី ២៥-២៧អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣៤-៣៦អង្សាសេ អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅខ្លាំង និងមានលាយឡំទៅដោយ ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ។

ចំណែក បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានវិញ មានសីតុណ្ហភាពអប្បបរមាពី២៣-២៥ អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣២-៣៤៥អង្សាសេ អាចនឹងមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន និងលាយឡំទៅដោយផ្គរ រន្ទះ ខ្យល់កន្ត្រាក់។

ដោយឡែក តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី ២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី៣៣-៣៥អង្សាសេអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន។

នៅលើផ្ទៃសមុទ្រវិញ អាចមានភ្លៀងធ្លាក់ច្រើន និង រលកសមុទ្រមធ្យម ៕

To Top