ភ្នំពេញ ៖ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា ប្រចាំនៅទីក្រុងហ្សឺណែវ បានបដិសេធចោលទាំងស្រុង នូវទស្សនៈផ្ទាល់ខ្លួន របស់ លោក វិទិត ម៉ុនតារបន (Mr. Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ដែលពុំបានផ្ដល់ការយកចិត្តទុកដាក់ចំពោះសារៈសំខាន់ នៃការអនុវត្តច្បាប់ និងការប្រព្រឹត្តដោយភាពស្មើគ្នា ចំពោះប្រជាពលរដ្ឋទាំងអស់នៅកម្ពុជា។
យោងតាមសេចក្ដីថ្លែងការណ៍ព័ត៌មានរបស់ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្ដ រជាតិនានា នៅទីក្រុងហ្សឺណែវ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ការអត្ថាធិប្បាយរបស់អ្នករាយការណ៍ពិសេសខាងលើ បង្កឲ្យមានការភាន់ច្រទ្បំ និងជ្រើសយកតែមួយជ្រុងហួសហេតុ ដូចជា ៖
ទី១-ដូចសព្វមួយដងដែរ បុគ្គលដែលអះអាងខ្លួនជាអ្នកជំនាញ ប៉ុន្តែបម្រើការងារក្នុងសមត្ថភាពផ្ទាល់ខ្លួន និងមិនមែនជាមន្រ្តីរបស់អង្គការសហប្រជាជាតិ បានតាំងខ្លួនឯងជាចៅក្រម អារកាត់សេចក្ដីលើកិច្ចការផ្ទៃក្នុងរបស់តុលាការនៃរដ្ឋអធិបតេយ្យមួយ។
ទី២-ការអះអាងថា ការកាត់ទោស លោក រ៉ុង ឈុន មិនមានភាពត្រឹមត្រូវ និងពុំសមាមាត្រនោះ បង្ហាញថា ក្រុមអ្នកជំនាញទាំងនោះពុំបានយកចិត្តទុកដាក់លើអង្គហេតុនិងអង្គច្បាប់ឡើយ។ ដោយស្រមៃចង់បានជាប់ជានិច្ចនូវរូបភាពសេរីភាពបញ្ចេញមតិជ្រុលហួស ក្រុមអ្នកជំនាញបានមើលស្រាលចំពោះផលវិបាកដ៏មហន្តរាយនិងមិនអាចវិលត្រទ្បប់ទៅរកសភាពដើមបាននៃព័ត៌មានក្លែងក្លាយ នៅពេលត្រូវបានសាយភាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
ទី៣-ការស្ទង់មតិតាមអ៊ីនធឺណិតដែលធ្វើឡើងដោយអង្គការប្រឆាំងរដ្ឋាភិបាល ខុមហ្វ្រែល នៅខែសីហា ឆ្នាំ២០២០ បានបង្ហាញថា អ្នកឆ្លើយតបជិត៨០% បានគាំទ្រការចាប់ខ្លួនលោក រ៉ុង ឈុន ដែលលទ្ធផលនេះបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់អំពីបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាចង់បាននូវសន្តិភាពនិងស្ថិរភាពសង្គម ព្រមទាំងការគាំទ្រចំពោះចំណាត់ការផ្លូវច្បាប់ចំពោះបុគ្គលខាងលើ។
ទី៤-វាជាការខុសឆ្គងដ៏ធ្ងន់ធ្ងរដែលក្រុមអ្នកជំនាញ ថ្លែងថា «អ្នកការពារសិទ្ធិមនុស្សមិនគួរត្រូវចាប់ខ្លួន ឬផ្តន្ទាទោស»។ ការចូលរួមជាមួយអង្គការមិនមែនរដ្ឋាភិបាល ពុំមែនជាអាជ្ញាប័ណ្ណសម្រាប់បំពានច្បាប់ដោយនិទណ្ឌភាពឡើយ។ ការចោទប្រកាន់ចំពោះបុគ្គលណាម្នាក់គឺផ្អែកលើបទល្មើសដែលបានប្រព្រឹត្តនិងមានចែងនៅក្នុងច្បាប់ ពុំមែនផ្អែកលើថាតើពួកគេស្ថិតក្នុងក្រុមណាមួយនោះឡើយ។
ទី៥-ការទាមទាររបស់អ្នករាយការណ៍ពិសេសឲ្យលុបចោលបទប្បញ្ញត្តិមួយចំនួននៃក្រមព្រហ្មទណ្ឌរបស់កម្ពុជា គឺមានន័យស្មើនឹងការជំរុញឲ្យកម្ពុជាធ្លាក់ទៅក្នុងភាពអនាធិបតេយ្យ និងបំផ្លិចបំផ្លាញដល់នីតិរដ្ឋនៅក្នុងប្រទេស។
និងទី៦-វាជាការគួរឲ្យសោកស្តាយយ៉ាងខ្លាំងដែលអ្នករាយការណ៍ពិសេសទាំងនោះ ពុំដែលសង្កត់ធ្ងន់ទាល់តែសោះថា ការអនុវត្តសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ការប្រមូលផ្តុំដោយសន្តិវិធី និងការបង្កើតសមាគម ត្រូវភ្ជាប់ទៅនឹងករណីកិច្ច ការទទួលខុសត្រូវ និងព្រំដែនកំណត់ពិសេស ដូចមានចែងក្នុងកតិកាសញ្ញាអន្តរជាតិស្តីពី សិទិ្ធពលរដ្ឋនិងនយោបាយ។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានក្រើនរំលឹកអ្នករាយការណ៍ពិសេសឲ្យយកចិត្តទុកដាក់ ចំពោះសេចក្តីថ្លែងការណ៍របស់គណៈប្រតិភូភាគច្រើនលើសលប់ នៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលបានគូសបញ្ជាក់ពីភាពចាំបាច់នៃការកែលម្អរបៀបរបបការងាររបស់អ្នកកាន់អាណត្តិនីតិវិធីពិសេស ដោយត្រូវអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ គណនេយ្យភាព និងការទទួលខុសត្រូវ ដោយភាពស្មោះត្រង់។
សូមរំលឹកថា សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានប្រកាសសាលក្រម ដោយកាត់ទោស លោក រ៉ុង ឈុន ឲ្យជាប់ពន្ធនាគារ២ឆ្នាំ និងពិន័យប្រាក់២លានរៀល ចំពោះករណីញុះញង់បង្កបញ្ហានៅព្រំដែន កម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំ កាលពីឆ្នាំមុន៕