ភ្នំពេញ៖ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិននាថ្ងៃទី២៤ ខែសីហាបានឆ្លើយតបទៅនឹងក្រុមសារព័ត៌មាន អំពីមតិរបស់ភាគីចិនលើរបាយការណ៍ វិភាគស្វែងរកប្រភពដើមនៃជំងឺវីរុសកូវីដ-១៩ ដែលចេញដោយស្ថាប័នស៊ើបការណ៍របស់សហរដ្ឋអាមេរិក ដែលត្រូវការចំណាយពេលប៉ុន្មានថ្ងៃទើបអាចរួចរាល់។
នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតចិនប្រចាំកម្ពុជា។ លោកមានប្រសាសន៍ថា អ្នកទាំងអស់ដឹងហើយថា ការស្វែងរកប្រភពដើមនៃជំងឺវីរុសចាំបាច់ត្រូវការវិទ្យាសាស្រ្ត មិនមែនជាការស៊ើបការណ៍នោះទេ។ ការអនុវត្តកិច្ចការស្វែងរកប្រភពដើមនៃជំងឺវីរុសដោយស្ថាប័នស៊ើបការណ៍ជាទង្វើប្រឆាំងនឹងវិទ្យាសាស្ត្រ។ ទីភ្នាក់ងារស៊ើបការណ៍អាមេរិកតែងមានបញ្ហាអាក្រក់ជាច្រើន ហើយរបាយការណ៍ដែលរៀបចំឡើងដោយពួកគេរឹតតែមិនផ្អែកលើភាពជាក់ស្តែង វាគ្រាន់តែជារបាយការណ៍ផ្តេសផ្តាសបង្ខូចគេឯងមួយដែលមានសេចក្តីសន្និដ្ឋានជាមុន ហើយដាក់បញ្ចូល“ភស្តុតាង”តាមក្រោយប៉ុណ្ណោះ មិនអាចជឿទុកចិត្តបាននោះទេ។
លោកលើកឡើងថា ការងារស្វែងរកប្រភពដើមនៃជំងឺវីរុសចាំបាច់ត្រូវការសាមគ្គីគ្នា មិនមែនបង្ខូចអ្នកដទៃនោះទេ។ការស្វែងរកប្រភពដើមនៃជំងឺវីរុសជាការការពារអាយុជីវិតនិងសុខភាពប្រជាជនបណ្ដាប្រទេស មិនមែនដើម្បីទម្លាក់កំហុសគេឯង គៀបសង្កត់ភាគីម្ខាងទៀត ឬបម្រើអត្ថប្រយោជន៍ដ៏អាត្មានិយមសម្រាប់ខ្លួនឯងនោះដែរ។
លោកបានបន្ថែមទៀតថា ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺវីរុសកូវីដមក សហរដ្ឋអាមេរិកបានធ្វើនយោបាយូនីយកម្មលើកិច្ចទប់ស្កាត់ជំងឺវីរុស ដែលជាហេតុបណ្ដាលឱ្យសហរដ្ឋអាមេរិកក្លាយជាប្រទេសដែលមានករណីឆ្លងនិងស្លាប់ច្រើនបំផុត ហើយធ្វើឱ្យប្រជាជនអាមេរិកចំណាយយ៉ាងច្រើន។ ឥឡូវនេះ គោលដៅនយោបាយសម្ងាត់របស់អាមេរិកនិងការប្រើប្រាស់ស្ថាប័នស៊ើបការណ៍ធ្វើការស្រាវជ្រាវលើបញ្ហាស្វែងរកប្រភពដើមនៃជំងឺវីរុសបានប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការស្វែងរកប្រភពដើមជាអន្តរជាតិ និងទទួលរងការសង្ស័យនិងប្រឆាំងពីសហគមន៍អន្តរជាតិ។ យើងណែនាំដល់ភាគីអាមេរិកថា ផ្តើមដំណើរពីអាយុជីវិត សុខភាព និងអត្ថប្រយោជន៍របស់ប្រជាជនខ្លួននិងពិភពលោក ឈប់បំផ្លើសនិងធ្វើនយោបាយូនីយកម្មទៀតវិលត្រឡប់មកកាន់គន្លងនៃការស្វែងរកប្រភពដើមនៃជំងឺវីរុសតាមបែបវិទ្យាសាស្ត្រ៕