ព័ត៌មានអន្តរជាតិ

អាហ្កានីស្ថាន ក្នុងក្ដារអុកតំបន់ និងក្នុងផលប្រយោជន៍ យុទ្ធសាស្រ្តចតុកោណ អាមេរិក-រុស្ស៊ី-ចិន-ឥណ្ឌា និងអនាគតមួយមិនច្បាស់លាស់ របស់តាលីបង់!

        អាមេរិក និងពួកសម្ព័ន្ធមិត្ត NATO បាននិងកំពុងរំកិលដកទ័ពចេញ ជាប់ផុងនៅអាហ្កានីស្ថាន ក្រោយពីអស់រយៈពេល២ទសវត្សរ៍ នៃការទន្ទ្រានកាន់កាប់ និងធ្វើសង្រ្គាមនៅលើទឹកដីនេះ!។

        Taliban គឺជាក្រុមឧទ្ទាមដែល អាមរិក និងពួកNATO ចង់វាយកម្ទេចនោះ ជាសន្សឹមៗបានវាយបក កាន់កាប់ភូមិ សង្កាត់ ក្រុង ត្រៀមខ្លួនដឹកនាំអាហ្កានីស្ថានឡើងវិញ!

        កងទ័ពអាមេរិក បានវាយយកអាហ្កានីស្ថាន និងបានធ្វើសង្រ្គាមនៅលើទឹកដីនេះ អស់រយៈកាល២០ឆ្នាំ បន្ទាប់ពីមានឧបទ្ទវហេតុជាភេរវកម្មវាយមកលើអគារភ្លោះនៅ New York នាថ្ងៃទី១១ កញ្ញា ២០០១មក!។

        នៅដើមឆ្នាំ២០២១នេះ ប្រធានាធិបតី ចូ បៃដិន បានប្រកាស និងដាក់កាលបរិច្ឆេទថ្ងៃទី ១១ កញ្ញា ២០២១ ជាកាលកំណត់ចុងក្រោយដែលកងទ័ពអាមរិកទាំងអស់ ត្រូវដកចេញឱ្យអស់ពីទឹកដីអាហ្កានីស្ថាន ជាកំហិត!។

        សង្រ្គាមមួយនេះ បានបន្សល់ទុក មកនូវតម្លៃមួយថ្លៃ រួមទាំងភ្ជាប់ទៅជាមួយនូវអាយុជីវិតរបស់កងទ័ពអាមេរិក រួមទាំងថវិកាមួយដ៏មហាសាល ដែលអាមេរិកបានចាក់ចោលនៅលើទឹកដី អាហ្កានីស្ថាន ហើយពុំអាចយកមកវិញ បាននូវអ្វីទាំងអស់! ក្រៅពីពាក្យបណ្ដាសារតាមពីក្រោយនោះ!។

        ២០ឆ្នាំ ឥតសម្រេចបានអ្វីទាំងអស់ អាមេរិកមូរទង់ជាតិ ដកទ័ពចេញពីអាហ្កានីស្ថាន!

        នៅក្នុងស្ថានភាពមួយ ដ៏អស់សង្ឃឹម យ៉ាងដូច្នោះ មន្រ្តីយោធាជាន់ខ្ពស់របស់អាមេរិក បាននិយាយថា គួរតែបិទទំព័រសៀវភៅមួយ ដែលអានទៅអានមកអស់រយៈពេល២០ឆ្នាំ តែរឿងដដែល ហើយដែលអានមិនចប់នេះទៅ!

        ព្រោះទោះបីមានកិច្ចព្រមព្រៀង សន្តិភាពជាមួយពួក Taliban ទាំងនេះក៏ដោយ ក៏មិនអាចជោគជ័យ ដោយពួក Taliban មិនគោរពហើយស្រមោលសង្រ្គាម ភាតរភាពក្នុងស្រុកចាប់បានលេចធ្លោ ជាការពិត ឆាបឆេះគ្រប់ទីកន្លែង  នាំដល់ប្រមុខសេតវិមាន សម្រេចប្រកាសដកទ័ពចេញពី អាហ្កានីស្ថាន ដោយបានប្រកាសថា សហរដ្ឋអាមេរិកគួរបញ្ចប់នូវសង្រ្គាមមួយ ដ៏វែងអន្លាយមួយនេះ!។  ហើយទោះបីជាមានសេចក្ដីប្រកាស យ៉ាងនេះក៏ដោយ ក៏មន្ទីរ Pentagon នៅតែអះអាងថា សហរដ្ឋអាមេរិកនៅតែបន្តផ្ដល់ការគាំទ្រអាហ្កានីស្ថាន តែពុំមែនជាវិធានការយោធាទៀតទេ(Sic) ហើយដែលមើលទៅដូចករណី ១៧ មេសា នៅភ្នំពេញ និង៣០ មេសា នៅទីក្រុងព្រៃនគរនោះ!។

        ការវាយប្រហារ ជាអំពើភេរវកម្ម ដោយក្រុមឧទ្ទាមសកម្មប្រយុទ្ធ អ៊ីស្លាមនិយមជ្រុលមកលើទឹកដីអាមេរិក ដែលជាមូលបទចម្បង ក្នុងការធ្វើឱ្យប្រធានាធិបតី George Walker Bush សម្រេចចាត់បញ្ជូនកងទ័ព វាយលុកចូលអាហ្កានីស្ថានទៅ!។

        នៅចំពោះមុខ នៃការដកកងទ័ពចេញទាំងនេះ អាមេរិក NATO រួមទាំងពួកសម្ព័ន្ធមិត្តក្នុងកងកម្លាំងអន្តរជាតិ នៅតែអះអាងថា ពួកTaliban មិនគោរពបទឈប់បាញ់សោះ! ជាអកុសល ការដកទ័ពមួយនេះបានបញ្ជាក់ឱ្យឃើញថា សហរដ្ឋអាមេរិក បានបិទទំព័រសង្រ្គាម ដែលជ័យជំនះឃើញតែពួកTaliban វិលមកទាំងនៅលើសមរភូមិ ទាំងនៅលើតុចរចា!។ ក្នុងល្បែងសង្រ្គាមចុងក្រោយមួយនេះ ឃើញតែពួកTaliban កាន់កាប់សន្លឹកបៀរយុទ្ធសាស្រ្តទាំងអស់! ព្រោះចាប់តាំងពីបណ្ដាឆ្នាំ ២០១៩ ពួកTaliban បានធ្វើសកម្មភាពជាប្រចាំលើទឹកដីអាហ្កានីស្ថានជាង៧០% រួចទៅហើយ!។

        ក្នុងទិដ្ឋភាពមួយ ដ៏អាក្រក់យ៉ាងនេះ មជ្ឈដ្ឋានអ្នកនយោបាយ ក្នុងតំបន់ និងអន្តរជាតិ រួមទាំងពលរដ្ឋអាហ្កានីស្ថានជឿជាក់ថា ទឹកដីដ៏អភ័ព្វមួយនេះនឹងធ្លាក់ទៅក្នុងភ្លើងសង្រ្គាម កាប់សម្លាប់គ្នាសារជាថ្មីទៀត ដែលមានភាពអាក្រក់ ឃោឃៅបំផុតក្រោមបាតដៃរបស់ពួកTaliban ដ៏កាចសាហាវលើពិភពលោកនេះ!។

        សង្រ្គាមនៅអាហ្កានីស្ថាន ត្រូវបានចាត់ទុកថា ជាសង្រ្គាមមួយដ៏យូរបំផុត នៅក្រៅប្រទេស បន្ទាប់ពីសង្រ្គាម នៅឥណ្ឌូចិន លើកទី២ មករបស់សហរដ្ឋអាមេរិក! ដែលសង្រ្គាមមួយនេះ សហរដ្ឋអាមេរិកបានចំណាយធនធាន ដ៏មហាសាល រួមមានទឹកប្រាក់អស់រាប់ពាន់កោដិដុល្លារអាមេរិក មានពលទាហាន និងមន្រ្តីស៊ីវិលអាមេរិកជាងពាន់នាក់បានស្លាប់ ដោយឡែកសម្រាប់កងទ័ពNATOវិញ បានស្លាប់ជាង១២០០នាក់ផងដែរ!។ តែបើនិយាយដល់អាហ្កានីស្ថានវិញ ត្រូវទទួលស្គាល់ការពិតមួយថា ប្រជាពលរដ្ឋអាហ្កានីស្ថានវិញទេដែលទទួលរងនូវការលំបាកវេទនារាប់លានពាន់ដង ដោយភ្លើងសង្រ្គាមមិនចេះចប់នេះ និងមានរាប់ស៊ិបពាន់នាក់ជាជនពិការនិងជាជនភៀសខ្លួននោះ!។

        ការប្រកាសដកកងទ័ព របស់អាមេរិកចេញពីអាហ្កានីស្ថាន ដ៏តក់ក្រហល់នេះ បានធ្វើឱ្យមតិសាធារណៈអន្តរជាតិ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយប្រទេសនេះឥតទាន់មានសន្តិភាព ឥតទាន់មានកិច្ចធានាសន្តិភាព សុវត្ថិភាពដ៏ពិតប្រាកដណាមួយពីីបណ្ដាភាគីពាក់ព័ន្ធ រួមទាំងពីសហគមន៍អន្តរជាតិទៀតផងនោះ!។

        ការប្រកាសដកកងទ័ព ចេញពីអាហ្កានីស្ថាន បានលេចឡើងនូវផ្ទាំងរូបភាពវឹកវរ ចលាចល ដូចថ្ងៃ១៧ មេសា និងថ្ងៃ ៣០ មេសា នៅកម្ពុជា និងវៀតណាម!

        ផ្ទាំងរូបភាព និងបទពិសោធន៍ នៃការផ្ដូលរំលំរបស់របបសាធារណរដ្ឋខ្មែរ និង សាធារណរដ្ឋវៀតណាម នាឆ្នាំ១៩៧៥ ត្រូវបានមជ្ឈដ្ឋានអ្នកនយោបាយ និងMass Media របស់អាមេរិករំលឹកឡើងវិញ ព្រមទាំងបានចោទសួរថា ទីក្រុងKabul នឹងវិវត្តន៍ប្រែប្រួលទៅយ៉ាងដូចម្ដេចក្នុងករណីពេលដែលអាហ្កានីស្ថានធ្លាក់ទៅក្នុងការត្រួតត្រា កាន់កាប់របស់ពួកTaliban នោះ!។

        នៅពាក់កណ្ដាលរបស់ឆ្នាំ ១៩៥០ អាមេរិកបានដើរតួជំនួសបារាំងដោយចូលមកវៀតណាម ជួយកសាងវៀតណាមភាគខាងត្បូងឱ្យទៅជារបបសេរីប្រជាធិបតេយ្យ ដែលរបបនយោបាយមួយនេះបានបដិបក្ខទៅនឹងវៀតណាមខាងជើង ដែលជារបបនយោបាយមួយដែលប្រកាន់យកសង្គមនិយមនោះ!។

        ៥០ឆ្នាំមុន ជារួមពិភពលោកតែងតែ និយាយអំពីសង្រ្គាមនៅវៀតណាម និងនៅអាហ្កានីស្ថាន ដោយប្រទេសទាំងពីរនេះ មានរូបភាពនយោបាយដូចគ្នា ព្រោះជាប្រទេសដែលមានការគាំទ្រជាយោធា ពីកម្លាំងកុម្មុយនីស្ត និងសេរីដូចគ្នា និងសង្រ្គាមទាំងពីរនេះក៏ជាផ្នែកមួយក្នុងចំណែកនៃសង្រ្គាមត្រជាក់ដែលអូសបន្លាយក្រោយពីសង្រ្គាមលោកលើកទី២ ចប់មក! អំណាចបដិបក្ខពីរ កុម្មុយនីស្តនិយម និងមូលធននិយមបានជួបគ្នា នៅលើសមរភូមិពីរវៀតណាម និងអាហ្កានីស្ថាននេះឯង!។

        វៀតណាមខាងត្បូង ដើរតាមសេរីដោយចង់កសាងប្រទេស របស់ខ្លួនតាមរបបនយោបាយ សេរី ប្រជាធិបតេយ្យ ពហុបក្ស ដូចសហរដ្ឋអាមេរិក! ចំពោះវៀតណាមខាងជើងវិញ ប្ដេជ្ញាប្រឆាំងដាច់ខាត អាមេរិក ហើយរួមគ្នាកសាងខាងជើងវៀតណាមនេះឱ្យទៅជាប្រទេសសង្គមនិយមមួយ ដើរតាមរបបនយោបាយ តាមចិន -សូវៀត! ដែលរបបនយោបាយរបស់វៀតណាមទាំងពីរនេះ មានសណ្ឋានរូបភាពដូច អាល្លឺម៉ង់ខាងកើត-អាល្លឺម៉ង់ខាងលិច និងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ក្នុងការគ្រប់គ្រងទឹកដីនោះ!។

        អាហ្កានីស្ថាន អាចជាច្បាប់ចម្លង នយោបាយរបស់វៀតណាម នៅអាស៊ីកណ្ដាល!

        បរាជ័យរបស់ អាមេរិកនៅវៀតណាម អាចជាចលករមួយយ៉ាងសំខាន់ក្នុងការបង្កើតឱ្យមានចរន្តនៃនិន្នាការ ប្រឆាំងអាមេរិកនៅគ្រប់ទិសទីលើពិភពលោក!។ ព្រោះគេសម្គាល់បានឃើញផងដែរថា នៅចុងឆ្នាំ១៩៧៥នៅទ្វីបអាហ្វ្រិក Angola បានក្រោកឡើងរួមដៃគ្នាបណ្ដេញពួកPortugal ហើយកម្លាំងកុម្មុយនីស្តបានឡើងកាន់អំណាច បង្កើតប្រទេសទៅជា សាធារណរដ្ឋប្រជាមានិតអង់ហ្គោឡាទៅ!។

        នៅឆ្នាំ១៩៧៩ Nicaragua បានបង្កើតឡើងនូវ រដ្ឋអំណាចមួយ ប្រកាន់យករបបសង្គមនិយមមួយ នៅអាមេរិកខាងត្បូង! ទន្ទឹមនេះ បើនៅតំបន់អាស៊ីកណ្ដាលវិញ កងទ័ពសូវៀតរាប់ស៊ិបម៉ឺននាក់ បានសម្រុកចូលកាន់កាប់រដ្ឋធានី Kabul បង្កើតឡើងនូវរដ្ឋាភិបាលកុម្មុយនីស្តមួយ នៅអាហ្កានីស្ថានផងដែរទៅ!។

        នៅឆ្នាំនេះដដែល១៩៧៩ កងទ័ពវៀតណាមប្រហែល២០កងពលធំ ដោយមានការគាំទ្រពីសូវៀត និងបក្សសម្ព័ន្ធយោធា Varsovie បានលើកទ័ពចូលមកភ្នំពេញផ្ដួលរំលំរបបនយោបាយកម្ពុជាប្រជាធិបតេយ្យ កាន់កាប់ប្រទេសកម្ពុជាអស់រយៈកាល១០ឆ្នាំ ដល់ឆ្នាំ១៩៨៩ ទើបប្រកាសដកកងទ័ពចេញ អស់ពីកម្ពុជាទៅ!។

        ហើយនៅក្នុងឆ្នាំនេះផងដែរ ១៩៧៩ ដើម្បីប្រឆាំងទៅនឹងអំណាចក្នុងការគាំទ្រស្ដេច Shah ពួកសកម្មប្រយុទ្ធអ៊ីស្លាមរបស់អ៊ីរ៉ង់ បានសម្រុកចូលស្ថានឯកអគ្គរដ្ឋទូតអាមេរិកនៅTeheran ដោយចាប់ពលរដ្ឋអាមេរិកជាច្រើនធ្វើជាចំណាប់ខ្មាំងទៅ!។

        នៅក្នុងបរិបទដ៏តានតឹង មួយនេះ សហរដ្ឋអាមេរិក បានថ្កោលទោសយ៉ាងខ្លាំងមកលើការលុកលុយ ឈ្លានពាន និងកាន់កាប់អាហ្កានីស្ថានរបស់កងទ័ពសូវៀត! បន្ទាប់មក ប្រធានាធិបតី Jimmy Carter បានសម្រេចពហិការមិនចូលរួម Olympic 1980 ដែលបានប្រព្រឹត្តទៅនៅ Moscow !។ ក្រៅពីនេះ Jimmy Carter បានចេញបទបញ្ជាឱ្យកងកម្លាំងពិសេសរបស់អាមេរិកលួចចូលទៅអ៊ីរ៉ង់ រំដោះចំណាប់ខ្មាំងឱ្យបាន តែប្រតិបត្តិការយោធាមួយនេះបានទទួលបរាជ័យ!។

        បន្ទាប់ពី Ronald Reagan ជាប់ឆ្នោត និងឡើងកាន់អំណាចនាថ្ងៃទី ២០ មករា ១៩៨១ មក អ៊ីរ៉ង់បានឯកភាពដោះលែង ពលរដ្ឋអាមេរិក ទាំងអស់ ដែលត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ហើយដែលបានឃុំឃាំងជាង១ឆ្នាំកន្លងមក!។ ក្រោយមកអាមេរិកបានសម្រេចផ្ដល់អាវុធឱ្យពួកកម្លាំងតស៊ូអ៊ីស្លាម Mujahedeen ធ្វើការប្រយុទ្ធតស៊ូប្រឆាំងនិងការកាន់កាប់របស់កងទ័ពសូវៀត នៅអាហ្កានីស្ថាន ព្រមទាំងបានផ្ដល់ការគាំទ្រ និងអាវុធទៅឱ្យពួកឧទ្ទាមContras ប្រឆាំងទៅនឹងរដ្ឋអំណាចកុម្មុយនីស្តនៅNicaragua !។

        ពេលនោះពួកអ្នកយោធានិយម បានចាត់ទុកស្ថានភាព អាហ្កានីស្ថាន មានសភាពដូចស្ថានការណ៍យោធា នៅក្នុងប្រទេសវៀតណាម ដោយកងទ័ពសូវៀត បានជាប់ផុង ទៅមុខមិនបានថយក្រោយ មិនកើត ដូចករណីដែលអាមេរិក បានជាប់ផុងដកខ្លួនចេញពីវៀតណាម មិនបានដូចគ្នា ក្នុងមួយទសវត្សរ៍មុននោះ!។

        នៅដើមឆ្នាំ១៩៨៩ អស់រយៈកាលជាងមួយទសវត្សរ៍ នៃការកាន់កាប់ជាយោធា សូវៀត បានប្រកាសដកកងទ័ពចេញ អស់ពីអាហ្កានីស្ថាន! បន្សល់ទុកមកនូវ ខាងក្រោយ ជាការប្រយុទ្ធប្រឆាំងគ្នាផ្ទៃក្នុង រវាងកុលសម្ព័ន្ធ អំបូរជាតិសាសន៍មួយនេះ ជាមួយនិងជាតិសាសន៍មួយផ្សេងទៀត ក្នុងការដណ្ដើមអំណាច ដើម្បីគ្រប់គ្រង ត្រួតត្រាប្រទេសអាហ្កានីស្ថាន ក្រោយសករាជសូវៀត កាន់កាប់នោះ!។

        ដល់ខែមេសា ១៩៩២ ពួកទ័ពព្រៃ Mujahedeen  វាយកាន់កាប់បានរដ្ឋធានីKabul ធ្វើឱ្យប្រធានាធិបតីMohammed Najibullad ដែលគាំទ្រទៅដោយសូវៀតបានរត់គេចខ្លួនចូលទៅទីស្នាក់ការរបស់អង្គការសហប្រជាជាតិដើម្បីភៀសខ្លួន រហូតដល់ឆ្នាំ១៩៩៦ បន្ទាប់ពីពួកTaliban ដណ្ដើមបានសិទ្ធិគ្រប់គ្រង ដឹកនាំប្រទេសក៏បានចាប់ខ្លួន Najibullad រួចសម្លាប់ចោលដោយកាត់ទោសព្យូរករនៅកណ្ដាលរដ្ឋធានីKabul ដើម្បីជាការព្រមានដល់មនុស្សទាំងអស់ដែលមានគំនិតចង់ប្រឆាំងទៅនឹងរដ្ឋអំណាចថ្មីនោះ! ពេលនោះអាហ្កានីស្ថានបានបន្តធ្លាក់ទៅក្នុងគ្រោះសង្រ្គាមផ្ទៃក្នុងទៀត!។

        ការធ្វើអន្តរាគមន៍ជាយោធា របស់អាមេរិក ចូលអាហ្កានីស្ថាន!

        ប៉ុន្មានឆ្នាំក្រោយមក គឺនៅថ្ងៃទី៧ តុលា ២០០១ អាមេរិកចាប់បើកប្រតិបត្តិការសឹកនាំទ័ពវាយលុកចូលអាហ្កានីស្ថាន ក្រោមការសម្រេចរបស់ប្រធានាធិបតី George W.Bush ក្នុងការអន្តរាគមន៍ជាយោធា ចូលមកផ្ដួលរំលំរដ្ឋអំណាចTaliban  ដោយពួកនេះបានអនុញ្ញាតឱ្យពួកឧទ្ទាម Al -Qaida ប្រើប្រាស់ទឹកដីអាហ្កានីស្ថានដើម្បីហ្វឹកហ្វឺន និងធ្វើសង្រ្គាមជាភេរវកម្ម វាយចូលទឹកដីអាមេរិកនោះ!។

        មុននេះ គេបានឮយ៉ាងតិចតួចណាស់ អំពីអង្គការ Al -Qaida តែក្រោយមក នៅព្រឹកថ្ងៃទី ១១ កញ្ញា ២០០១ ទើបគេដឹងថា មនុស្សរបស់អង្គការ Al -Qaida មួយនេះ បានប្លន់យន្តហោះស៊ីវិល ដោយយកយន្តហោះស៊ីវិលនេះ ធ្វើជាអាវុធវាយប្រហារចូលមកសហរដ្ឋអាមេរិក ដែលធ្វើឱ្យមនុស្សរាប់ពាន់នាក់ ស្លាប់នាពេលនោះ!។

        កងទ័ពអាមេរិក លុកលុយចូលប្រទេស អាហ្កានីស្ថាន គឺដើម្បីផ្ដួលរំលំរដ្ឋអំណាច Taliban ដោយក្នុងគោលបំណងកម្ទេចអង្គការ Al -Qaida នេះឯង! ក្រៅពីកងទ័ពអាមេរិក មានមកជាមួយនូវកងកម្លាំងNATO ផងដែរ! ប៉ុន្តែមេខ្លោង Osama Bin  Laden បានគេចខ្លួនរត់ចូលប្រទេសប៉ាគីស្ថាន ហើយនៅទីនោះ Bin Laden បន្តធ្វើសង្រ្គាមជាភេរវកម្មសំដៅវាយប្រហារមកលើអាមេរិក និងពួកសម្ព័ន្ធមិត្តរបស់អាមេរិកលើគ្រប់ទិសទីក្នុងពិភពលោក ដោយចាប់ពីអាមេរិកមកអាស៊ី ចូលទៅអឺរ៉ុប ឆ្លងទៅទ្វីបអាហ្រ្វិក ចូលទៅដល់តំបន់Persigue ទៀតផង!។

        អំពើវាយប្រហារជាភេរវកម្ម ត្រូវបានកើតឡើងជាបន្តបន្ទាប់ រហូតដល់សម័យកាលរបស់ប្រធានាធិបតី Barack Obama ទើបមេខ្លោងរបស់ Al -Qaidaមួយនេះ គឺ Bin Laden ត្រូវបានបាញ់សម្លាប់នៅក្នុងប្រទេសប៉ាគីស្ថាន ដោយកងទ័ពពិសេសរបស់អាមេរិកនាថ្ងៃទី២ ឧសភា ២០១១!។

        អស់រយៈកាល២០ឆ្នាំ នៃការជំពាក់វាក់វ័ន្ទ ទៅនឹងការពាក់ព័ន្ធ ជាយោធានៅអាហ្កានីស្ថាន ដែលសង្រ្គាមមួយនេះ បានឆ្លងកាត់អាណត្តិ ប្រធានាធិបតីអាមេរិក ៤រូប  ដែលមានពេលខ្លះមានទ័ពអាមេរិក រាប់រយពាន់នាក់ មានមុខជាអចិន្ត្រៃយ៍ នៅទីនេះ! ប្រើប្រៀបធៀបទៅនឹង សង្រ្គាមនៅវៀតណាម ពេលដែលខ្ពស់បំផុត មានទាហានអាមេរិក កន្លះលាននាក់ បានមានមុខនៅលើទឹកដី វៀតណាម ដែលក្នុងនោះមានទាហានអាមេរិក ៥៨ពាន់នាក់ បានស្លាប់លើទឹកដីវៀតណាម! ដោយឡែក ចំនួនទាហានអាមេរិកដែលបានស្លាប់លើទឹកដីអាហ្កានីស្ថាន មានចំនួនតែ២៣០០នាក់ តិចជាងនៅវៀតណាម!

        មុនអាហ្កានីស្ថាន វៀតណាម ជាទីកន្លែងដែលមានវត្តមាន កងទ័ពអាមេរិក ធ្វើការប្រយុទ្ធដ៏យូរបំផុត នៅក្នុងប្រវត្តិសាស្រ្ត នៃប្រទេសអាមេរិក ហើយត្រូវបានចប់ទៅវិញដោយភាពបរាជ័យផងដែរ!។

        កិច្ចព្រមព្រៀងប៉ារីស ដែលបានចុះហត្ថលេខានៅឆ្នាំ១៩៧៣ គឺដើម្បីទុកលទ្ធភាពឱ្យអាមេរិកដកកងទ័ពចេញពីវៀតណាម ហើយបញ្ហាផ្សះផ្សារ បង្រួបបង្រួមជាតិ និងអនាគតនៃស្ថានភាព នយោបាយនៅលើទឹកដីវៀតណាម គឺអាស្រ័យទៅដោយការស្វ័យសម្រេចរបស់ប្រជាជាតិវៀតណាម ដោយខ្លួនឯង!

        ក្រោយមក រដ្ឋសភា អាមេរិក បានប្រជុំកាត់ផ្ដាច់ជំនួយយោធាទាំងអស់សម្រាប់វៀតណាមខាងត្បូង ដែលក្នុងនោះក៏មានការកាត់ផ្ដាច់ជំនួយយោធា មិនឱ្យរដ្ឋាភិបាលភ្នំពេញ របស់លោក លន់ នល់ ផងដែរ! បន្ទាប់មករដ្ឋសភាអាមេរិកបានចេញក្រឹត្យច្បាប់ War Power Acts ដោយក្រឹត្យច្បាប់មួយនេះ ហាមដាច់ខាតមិនឱ្យអាមេរិកធ្វើអន្តរាគមន៍ចូលមកឥណ្ឌូចិនជាថ្មី ដែលនេះជាភាពអំណោយផលមួយក្នុងការជួយសម្រួលឱ្យកម្លាំងកុម្មុយនីស្តកាន់តែមានថាមពលដោះស្រាយបញ្ហាដោយវិធានការយោធា វាយយកភ្នំពេញបានថ្ងៃទី១៧ មេសា រួចវាយយកព្រៃនគរបាននៅថ្ងៃទី៣០ មេសា ១៩៧៥ ទៅ! អ្វីៗបានកើតហួសរួចទៅហើយ!។ ឥឡូវនេះ សហរដ្ឋអាមេរិក ក៏មានការព្រមព្រៀង សម្របសម្រួលជាពួកTaliban  ក្រោមកិច្ចព្រមព្រៀង Doha Agreement 2020 ដើម្បីអាមេរិកដកកងទ័ពចេញពីអាហ្កានីស្ថាន! តែគេជឿថា ឱ្យតែពួកទ័ពព្រៃ ពួកនេះគ្មានគោរព ប្រតិបត្តិនូវទោះបីនេះជាសន្ធិសញ្ញា ឬច្បាប់អន្តរជាតិណាមួយឡើយ!។ អ្នកដែលមានបទពិសោធន៍នៅកម្ពុជា និងវៀតណាម បានជឿជាក់ជាមុនថា រដ្ឋាភិបាលក្រុងKabul នឹងត្រូវផ្ដួលរំលំដោយកម្លាំងពួកទ័ពព្រៃ ហើយអាមេរិក ដាច់ខាតលែងវិលមកជួយដូចការសន្យាព្រោះនេះបានបញ្ជាក់ថា ល្បែងសង្រ្គាមក្នុងតំបន់បានបញ្ចប់(Game Over) ដោយប្ដូរយុទ្ធសាស្រ្តទៅទីតាំងថ្មីម្ដងវិញ!។

        មានការខុសគ្នា ជាមូលដ្ឋានខ្លះរវាងវៀតណាមនិងអាហ្កានីស្ថាន គឺពេលនោះវៀតណាម មានពីរប្រទេសខាងជើងនិងខាងត្បូង ដោយមានរបបនយោបាយខុសផ្សេងពីគ្នា ចំពោះអាហ្កានីស្ថានវិញមានតែប្រទេសមួយតែសំបូរទៅដោយអំបូរជាតិសាសន៍ ដែលពួកនេះវាយគ្នា ដណ្ដើមការដឹកនាំប្រទេសនេះ! គ្មានក្រុមមួយណាព្រមចុះចាញ់ ឬសម្បទានឱ្យក្រុមមួយណា សោះឡើយ! ទើបទាំងអស់នេះហើយដែលជាឫសគល់ នៃទំនាស់មិនចប់ចេះអស់រយៈកាល ជាងកន្លះសតវត្សរ៍ ហើយនោះ!។

        មានប្រការមួយក្នុងកិច្ចព្រមព្រៀងDoha នេះ គឺពួក Taliban បានសន្យាជាមួយអាមេរិកថា នឹងមិនទុកឱ្យពួក ISISISIL ដែលជាក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយមជ្រុលបំផុត មានទំនាក់ទំនងជាមួយក្រុម Al-Qaida ប្រើប្រាស់ទឹកដីអាហ្កានីស្ថាន ជាជំរកធ្វើជាកន្លែងរបស់ទឹកដីពិសិដ្ឋដើម្បីវាយប្រហារជាអំពើភេរវកម្មមកលើអាមេរិក ក៏ដូចជាពួកប្រទេសលោកខាងលិចដូចមុនទៀត!។

        ពីដែនដីអាហ្កានីស្ថាន មកកាន់ទីក្រុងព្រៃនគរ មេរៀនដ៏ជូរចត់ មួយបន្ទាប់ពីអាមេរិកដកទ័ពចេញ!

        ពួកTaliban បាននិងកំពុងស្ថិត នៅលើដងផ្លួវក្នុងក្រុង Kabul ដូចអ្វីដែលកម្លាំងខ្មែរក្រហម មកដល់ម្ដុំព្រែកព្នៅនៅព្រឹកថ្ងៃទី១៧ មេសា និងពួកវៀតកុងស្ថិតនៅឆ្ងាយពីទីក្រុងព្រៃនគរប្រមាណ១០គីឡូម៉ែត្រនាព្រឹកថ្ងៃទី៣០ មេសា ១៩៧៥នោះ!។ ពលទាហានអាហ្កានីស្ថានរាប់ពាន់នាក់បានបោះចោលអាវុធ លែងច្បាំងរួចរត់ចូលទៅក្នុងដែនដីTajikistan ខ្លះបានរត់គេចខ្លួនចូល ទៅក្នុងប្រទេសប៉ាគីស្ថាន មានទាំងនាំយកប្រពន្ធ កូន គ្រួសារទៅជាមួយផង! បង្កើតទៅជាចរន្តហ្វូងជនភៀសខ្លួន មួយរត់ចោលស្រុក ទៅជ្រកកោននៅបណ្ដាប្រទេសជិតខាង មិនខុសអីទៅនឹងព្រឹត្តិការណ៍នៅឥណ្ឌូចិនក្រោយឆ្នាំ១៩៧៥នោះ!។

        ជាថ្មីម្ដងទៀត ដែនដីអាហ្កានីស្ថាន សាកសមទៅនឹងការប្រសិទ្ធនាមថា ទីលានសម្រាប់បញ្ចុះសពពួកចក្រពត្តិ(The Graveyard of Empires) ក្នុងគ្រប់សម័យកាល!។ អាហ្កានីស្ថាន ជាដែនដីស្ថិតនៅក្នុងចំណុចផ្លូវបែកជាបួន និងជាកន្លែងជំនួបរវាងអរិយធម៌ ឥណ្ឌូ-អឺរ៉ុប ទើបតំបន់់មួយនេះជាកន្លែងរស់នៅទៅដោយអំបូរពូជសាសន៍ជាច្រើន!។ ជាប្រទេសសំបូរទៅដោយភ្នំ និងវាលខ្សាច់ តែអាហ្កានីស្ថាន ត្រូវបានទន្រ្ទានកាន់កាប់ និងឈ្លានពានពីបណ្ដាអនុភាពចក្រពត្តិPrussia Greece, Ottoman, Turkey, Mongol, អារ៉ាប់, អង់គ្លេស, សូវៀតនិងចុងក្រោយគឺអាមេរិក ហើយដែលមុននេះរាប់ពាន់ឆ្នាំកងទ័ពដ៏មហិមារបស់ស្ដេច Alexander The Great ធ្លាប់បានចូលមកលុកលុយដែនដីនេះ នៅមុនពេលចុះទៅវាយឈ្លានពាន ប្រទេសឥណ្ឌា នោះ!។

        ជាប្រទេសសំបូរទៅដោយ អំបូរជាតិសាសន៍ រស់នៅមានលក្ខណៈ ជាកុលសម្ព័ន្ធ ទើបអាហ្កានីស្ថាន នៅតែជាប្រទេសក្រីក្រ និងអន់ថយជាងគេបំផុត នៅលើពិភពលោក! ហើយមុខរបរសំខាន់ ក្នុងអាជីពរស់នៅ ប្រចាំគ្រួសារគឺការដាំអាភៀន មាន៨០%ទូទាំងប្រទេសនោះ!។

        ចាប់តាំងពីបណ្ដាឆ្នាំ១៩៧៨ អាហ្កានីស្ថានបានឆ្លងកាត់សង្រ្គាម ក្នុងស្រុកមួយដ៏យូរ និងឃោឃៅបំផុត ដោយការកាន់កាប់ជាយោធាពីសូវៀត ដល់ឆ្នាំ២០០១ អាមេរិកចូបានលកាន់កាប់ម្ដងវិញរហូតមកដល់ថ្ងៃនេះ២០២១!។ ត្រូវទទួលស្គាល់ជាការពិតមួយក្នុងប្រវត្តិសាស្រ្តថា ទោះបីជាអាហ្កានីស្ថានត្រូវបានជាន់ឈ្លី ជិះជាន់ និងត្រួតត្រាទៅដោយអំណាចចក្រពត្តិគ្រប់ជាតិសាសន៍ក៏ដោយ ក៏គ្មានការឈ្លានពានណាមួយរបស់ពួកចក្រពត្តិទាំងនេះ យកជោគជ័យក្នុងការត្រួតត្រាអាហ្កានីស្ថាននេះបានដូចចិត្ត ហើយត្រូវរងការខាតបង់ គ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរទៀត ទើបអាហ្កានីស្ថាននេះត្រូវបានពួកអ្នកប្រវត្តិវិទូដាក់ឈ្មោះឱ្យថា ឈាបនដ្ឋានក្នុងការជីកកប់គ្រប់អំណាចចក្រពត្តិនៅលើដែនដីមួយនេះ! ដោយឱ្យតែចូលមក គឺជាប់ផុងទាំងអស់ នាំទៅដោយបរាជ័យទាំងស្រុងទោះមានអាវុធយុទ្ធភ័ណ្ឌទំនើបយ៉ាងណាក៏ដោយ!។

        ចិនមានបំណង ចូលជំនួសអាមេរិក ដើម្បីការពារខ្សែក្រវាត់ ព្រំដែនសន្តិសុខពីចម្ងាយ!

        ក្នុងករណីបើអាហ្កានីស្ថាន ធ្លាក់ទៅក្នុងស្ថានភាព បាត់សន្តិសុខ អស្ថិរភាព ដែលប្រការមួយនេះ មានការជះឥទ្ធិពល យ៉ាងអវិជ្ជមាន មកលើគម្រោង ផ្លូវមួយ ខ្សែក្រវាត់មួយនៅក្នុងតំបន់នេះ! ម្យ៉ាងទៀត ក៏ជាឱកាសដ៏អនុគ្រោះមួយសម្រាប់ពួកអ៊ីស្លាមនិយមជ្រុលដែលមានសមាសភាពនៅក្នុងចំណោមពួកសកម្មប្រយុទ្ធអ៊ីស្លាម ឡើងកាន់អំណាចនៅKabul អាចពួកនេះនឹងផ្ដល់ការគាំទ្រដល់ចលនាតស៊ូរបស់ពួកនៅ Xinjiang ប្រឆាំងទៅនឹងរដ្ឋអំណាចចិននោះ!។

        យ៉ាងណាក៏ដោយ ក៏បញ្ហាតំបន់ Xinjiang នៅតែតាមលងចិនដដែលដោយសមាសភាពពួកបំបែករដ្ឋ! ហើយបញ្ហាធំនៅត្រង់ចំណុចក្រោយពីអាមេរិកដកខ្លួនចេញ តើអានុភាពក្រុមណាចូលមកត្រួតត្រាក្រុងKabul នោះ!។

        ចិនបានវាយតម្លៃព្រមទាំងចាត់ទុក ការដកកងទ័ពអាមេរិកចេញពីអាហ្កានីស្ថាន គឺជាអំពើខ្វះការទទួលខុសត្រូវ! ដោយសកម្មភាពមួយនេះ អាចនឹងនាំមកជាមួយនូវស្ថានការណ៍មួយដ៏អស្ថិរភាព អូសបន្លាយនៅក្នុងតំបន់មួយនេះ ដែលជាតំបន់មួយសំបូរទៅដោយសហគមន៍អ្នកកាន់សាសនាអ៊ីស្លាម ដែលចៀសមិនផុតនៅមានពួកអ៊ីស្លាមនិយមជ្រុលជាច្រើនដែលមាននៅក្នុងតំបន់នេះ!។

        នៅបណ្ដាឆ្នាំ២០១៦ ចិន អូសទាញបានអាហ្កានីស្ថាន ចូលរួមក្នុងគម្រោងផ្លូវមួយខ្សែក្រវាត់មួយ តែរហូតមកដល់ពេលនេះការបណ្ដាក់ទុន របស់ក្រុងប៉េកាំង ចូលមកប្រទេសមួយនេះ ក៏នៅមានកម្រិតនៅឡើយ!។ ដោយអាហ្កានីស្ថានក៏ជាប្រទេសមួយសំបូរទៅដោយសម្បត្តិធម្មជាតិ ទើបចិន មានបំណងចង់តភ្ជាប់អាហ្កានីស្ថាន ចូលទៅក្នុងរបៀងសេដ្ឋកិច្ច ក្នុងបណ្ដាញសេដ្ឋកិច្ច ChinaPakistan Economic Corridor ហើយដែលឆ្លងតាមរយៈយន្តការមួយនេះ មានភាពងាយស្រួលក្នុងការឃ្លាំមើលនូវរាល់សកម្មភាពរបស់អាហ្កានីស្ថាន ក្នុងការធានាមួយថា រាល់អំពើរបស់អាហ្កានីស្ថាននឹងមិនធ្វើឱ្យមានការប៉ះពាល់ណាមួយ មកលើអត្ថប្រយោជន៍ និងសន្តិសុខរបស់ចិនឡើយ! ម្យ៉ាងវិញទៀត អាហ្កានីស្ថាន ក៏ជាកំណាត់ផ្លូវ ក្នុងការកំណត់របស់គម្រោង CECPដែលស្ថិតនៅលើដងផ្លូវមួយ ក្នុងការសម្រួលឱ្យចិន មានលទ្ធភាពធ្វើដំណើរទៅកាន់រហូតដល់សមុទ្រឥណ្ឌានោះ!។

        ក្នុងបរិបទមួយនេះ ទើបក្នុងយុទ្ធវិធីរបស់ចិន ដោយស្ថានការណ៍នយោបាយ នៅអាហ្កានីស្ថាន ឥតទាន់មានភាពច្បាស់លាស់ ដោយឥតទាន់ដឹងច្បាស់ថា អំណាចនឹងធ្លាក់ទៅក្នុងដៃរបស់នរណា! របស់ក្រុមណា! ទើបចិនឥតទាន់បាន សម្រេចត្រូវដាក់លុយរាប់កោដិ ចូលមកក្នុងតុបៀមួយណា ក្នុងការវិនិយោគទុន ចូលអាហ្កានីស្ថាននោះ! ហើយក្នុងករណីបើសភាពការណ៍នៅអាហ្កានីស្ថានមានការវិវត្តន៍ហួសព្រំដែន ពុំអាចគ្រប់គ្រងបាន គឺចិនច្បាស់ជានឹងមិនចេញខ្លួន ធ្វើជាតួឯកដូចសូវៀត និងអាមេរិក ធ្លាប់បានបំពេញមុខងារនៅលើទឹកដីមួយនេះ កន្លងមក! ព្រោះចិនក៏បានដឹងយ៉ាងច្បាស់ថា អាហ្កានីស្ថាន ធ្លាប់ជាដែនដីឈាបនដ្ឋាន សម្រាប់ដុតកងទ័ព ចក្រពត្តិទាំងឡាយ ដែលធ្លាប់បានមកឆ្លងកាត់ និងឈ្លានពានទឹកដីមួយនេះ នោះ!។

ព្រោះមុននេះ ទោះបីជាចិន បានជួបចរចាយ៉ាងច្រើនជាមួយពួកTaliban ក៏ដោយ ក៏អំពើកន្លងមករបស់ Taliban ពុំបានធ្វើឱ្យចិនមានការទុកចិត្ត ជឿជាក់ ទើបមានករណីចិនសម្រេចចាត់បញ្ជូនពលរដ្ឋខ្លួន ជាង២០០នាក់ ឱ្យធ្វើមាតុភូមិនិវត្តន៍ ទៅចិនវិញនោះ! ដោយពួកនេះពុំសូវមាន ការគោរពពាក្យសន្យាឡើយ!។

            ស្ថានភាពប្រទេសអ៊ីរ៉ង់ នៅលើក្ដារអុក អសន្តិសុខ នៅក្នុងតំបន់ទាក់ទងដល់សភាពការណ៍ នៅអាហ្កានីស្ថាន!

        អ៊ីរ៉ង់ ជាប្រទេសមួយ ដែលមានទីតាំងភូមិសាស្រ្ត ស្ថិតនៅភាគខាងលិចរបស់អាហ្កានីស្ថាន! ដូច្នោះ អ៊ីរ៉ង់ក៏ជាប្រទេសមួយដែលមានការបារម្ភអំពីសន្តិសុខ សុវត្ថិភាពមួយដ៏ជ្រាលជ្រៅមិនចាញ់ប្រទេសចិនផងដែរ!។ ក្នុងទស្សនៈនយោបាយនៃភាពប្រាកដនិយម អ៊ីរ៉ង់ក៏មានសញ្ញាខ្លះក្នុងគោលគំនិតចង់ខិតជិតមករក Talibanផងដែរ! ដោយកត្តាចាំបាច់ជាអាទិភាពចង់បន្ថែមមិត្ត កាត់បន្ថយសត្រូវនៅក្នុងតំបន់នេះ!។

        ជាភូមិសាស្រ្តនយោបាយ ចិន មានព្រំដែនជាប់ជាមួយអាហ្កានីស្ថាន មានប្រវែង៩០គីឡូម៉ែត្រ ដោយឡែកចំពោះអ៊ីរ៉ង់វិញ មានព្រំដែនជាប់ជាមួយ អាហ្កានីស្ថានប្រវែង៩០០គីឡូម៉ែត្រនោះ! ព្រោះដោយស្ថានការណ៍ អស្ថិរភាពនៅអាហ្កានីស្ថាន អាចជាបន្ទុកមួយ ដ៏ធ្ងន់ទៀតធ្លាក់មកលើ អ៊ីរ៉ង់ ព្រោះបច្ចុប្បន្នមានជនភៀសខ្លួន ជិត៣,៥លាននាក់បាននិងកំពុង រស់ជ្រកកោននៅលើប្រទេសអ៊ីរ៉ង់ ដោយភាពវឹកវរ អសន្តិសុខ នៅអាហ្កានីស្ថានក្នុង២០ឆ្នាំកន្លងមកនេះ!។

        ការបារម្ភទីពីរ របស់អ៊ីរ៉ង់ គឺពួកTalibanជាអ្នកប្រកាន់យកនិកាយSunni ដែលជានិកាយសាសនាអ៊ីស្លាមមួយមានភាពប្រឆាំងទៅនឹឹងនិកាយShia ដែលប្រទេសអ៊ីរ៉ង់ប្រកាន់យកនោះ!។ នៅលើមូលបទនេះហើយ ទើបមតិសាធារណៈអ៊ីរ៉ង់បានអះអាងថា ករណីបើពួកTaliban ឡើងកាន់អំណាចនៅKabulមែន ក្រៅពីមានបន្ទុកក្នុងភារកិច្ចទទួលយកជនភៀសខ្លួនថែមទៀត អ៊ីរ៉ង់ក៏ត្រូវត្រៀមខ្លួនក្នុងការមានប្រទូស្តរាយលើផ្នែកនិកាយសាសនាSunni និងShia ផងដែរ!

        ក្រុង Kabul និងក្រុង Teheran ធ្លាប់មានទំនាស់ដ៏ជ្រាលជ្រៅ ក្នុងដំណាក់កាលដែលពួកTaliban ដឹកនាំប្រទេសពីបណ្ដាឆ្នាំ១៩៩៦ដល់ឆ្នាំ២០០១! ហើយរហូតដល់មានពេលខ្លះ អ៊ីរ៉ង់បានលើកដាក់ទំនាស់ជាសត្រូវទៅម្ខាងសិន ដោយសហការជាមួយក្រុងWashington ក្នុងការរួមគ្នាប្រឆាំងទៅនឹងពួកTaliban ក្នុងសម័យកាលដែលអាមេរិកស្វែងរកមេខ្លោងភេរវកម្មអន្តរជាតិAl- Qaida គឺ Osama Bin Laden នោះ!។

        គោលនយោបាយ ប្រាកដនិយម សំដៅបម្រើឱ្យអត្ថប្រយោជន៍ សេដ្ឋកិច្ច និងសន្តិសុខជាតិ!

        ជាតថភាព ក្រុងប៉េកាំង នៅតែចាត់ទុកអាហ្កានីស្ថាន ជាកំណាត់ផ្លូវមួយដ៏ចាំបាច់និងសំខាន់ក្នុងការបម្រើឱ្យ គម្រោងផ្លូវមួយខ្សែក្រវាត់មួយនោះ!។ តែពួកអ្នកយុទ្ធសាស្រ្តចិននៅតែមានការបារម្ភ ដោយទឹកដីអាហ្កានីស្ថាននៅតែជាទីលានមួយ ពោរពេញទៅដោយអស្ថិរភាព និងជាទីតាំងមួយ តែងតែបាននាំមកនូវគ្រោះថ្នាក់ ជាប្រចាំមួយសម្រាប់តំបន់ អាស៊ីកណ្ដាល និងប៉ាគីស្ថានជានិច្ច!។

        ដោយមើលឃើញភាព រស៊ើបនៅក្នុងតំបន់មួយនេះ ដែលអាចជះភាពអវិជ្ជមានមកលើគម្រោងBRIនិងរួមទាំងការបង្កើតឱ្យមានភាពអសន្តិសុខនៅក្នុងXinjiang ទៀតផង! លើមូលដ្ឋានទាំងនេះទើបចិនក្នុងប៉ុន្មានឆ្នាំនេះ ចំណុចអាទិភាពគឺការស្វែងរកនូវគ្រប់វិធានការដើម្បីពង្រឹងលទ្ធភាព សមត្ថភាពក្នុងការធ្វើយ៉ាងណាដើម្បីការពារសន្តិសុខ សុវត្ថិភាពសម្រាប់ខ្លួនពីចម្ងាយជាមុនសិន! ទើបចាប់តាំងពីបណ្ដាឆ្នាំ២០១៦ ចិនបានសហការជាមួយអាហ្កានីស្ថាន ប៉ាគីស្ថាន និងតាជីហ្គីស្ថាន បង្កើតទៅជាកម្មវិធីនៃកិច្ចសហប្រតិបត្តិការយោធាមួយសំដៅប្រយុទ្ធប្រឆាំងទៅនឹងអំពើភេរវកម្មនៅតាមបណ្ដោយព្រំដែន ពិសេសគឺនៅបណ្ដាតំបន់ដែលស្ថិតនៅជិតព្រំដែនជាមួយអាហ្កានីស្ថាននិងចិន!

        ជាការជាក់ស្ដែង ចិន មានវត្តមានជាយោធា នៅតាជីហ្គីស្ថាន ទន្ទឹមនេះ ចិនក៏បានកសាង និងពង្រឹងកម្លាំងយោធា ដែលឈរជើងនៅតំបន់ Gilgit Baltistan  ក្នុងដែនដីប៉ាគីស្ថានដែលជាតំបន់មួយ ស្ថិតនៅជិតរបៀង Wakhan ! ព្រមទាំងបានផ្ដល់ការគាំទ្រដល់ក្រុង Kabul ក្នុងការបង្កើតមូលដ្ឋានយោធានៅតំបន់ភ្នំជិតទៅនឹឹងខេត្តBadakhchan ដែលសកម្មភាពយោធាទាំងអស់នេះ ស្ថិតនៅក្រោមរូបភាពប្រយុទ្ធប្រឆាំងទៅនឹងអំពើភេរវកម្ម! តែជាការពិតសុទ្ធតែជាសកម្មភាពការពារចិនពីចម្ងាយទាំងអស់!។

        ជារួម រាល់សកម្មភាពរបស់ចិន គឺការស្វែងរកនូវគ្រប់វិធានការដើម្បីធានាសន្តិសុខសម្រាប់ភូមិសាស្រ្តមួយដែលមានហានិភ័យខ្ពស់ក្នុងការអាចនាំឱ្យមានភាពវឹកវរក្នុងដែនដីអាហ្កានីស្ថាន ហើយដែលអាចរីករាលដាលទៅដល់ដែនដីរបស់ចិននោះផង!។ នៅក្នុងបរិបទនៃភាពវិវាទតំបន់មួយនេះ ចិនអាចសម្រេចបានគោលដៅពីរក្នុងសកម្មភាពមួយ ដែលអាទិភាពទីមួយចិន នៅរក្សាបានភាពជាមហាអំណាចនៅក្នុងតំបន់ ទីពីរចិនបន្តរក្សាបានសន្តិសុខ សុវត្ថិភាព ព្រមទាំងមានលទ្ធភាពអាចចរចាបានជាមួយភាគីដែលមានការពាក់ព័ន្ធផ្ទាល់ក្នុងជម្លោះវិវាទមួយនេះផងដែរ!។

        ចិនអាចសងនូវ តម្លៃមួយខ្ពស់ ក្នុងករណីបើបោះជំហាន ចូលអាហ្កានីស្ថាន ជំនួសតួនាទីអាមេរិក នៅក្នុងតំបន់នេះ!

        មុនពេលធ្វើដំណើរផ្សងព្រេង ចូលមកដែនដីនេះ ត្រូវគិតគូរ ពិចារណាអំពីការបរាជ័យជាបន្តបន្ទាប់ របស់គោលនយោបាយ អន្តរាគមន៍របស់ពួកលោកខាងលិច! ហើយចាប់តាំង ពីក្រោយសង្រ្គាមលោកលើកទី២មក នយោបាយ អន្តរាគមន៍មួយនេះ ត្រូវបានបែងចែកទៅជាដំណាក់កាល រួមមាន៖

        ក្នុងសម័យកាល របស់សង្រ្គាមត្រជាក់ ក្រោមការគំរាមកំហែង នៃអាវុធបរមាណូ ទើបភាគីមហាអំណាច នីមួយៗ សុទ្ធតែមានសន្លឹកបៀរសម្រាប់លេង ដោយឡែករៀងៗខ្លួន នៅក្នុងទ្វីប អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិកឡាទីន និងអាស៊ី ដែលសន្លឹកបៀរលេងមួយនេះត្រូវបានអនុវត្តន៍ឆ្លងតាមរយៈសង្រ្គាមខ្ចីដៃ -Proxy War នៅក្នុងតំបន់ទាំងនេះ!។ ពេលដែលសង្រ្គាមត្រជាក់ចប់ ពួកលោកខាងលិច ហាក់បីទទួលភាពបរាជ័យ ក្នុងការរារាំង ទប់ស្កាត់នូវ អំពើប្រល័យពូជសាសន៍មួយ ដែលបានកើតមានឡើង នៅរ៉វ៉ាន់ដា រួមទាំងការសម្លាប់រង្គាល ដែលមានកើតមានឡើង នៅក្នុងតំបន់ បាល់កង់ នោះ!ហើយព្រឹត្តិការណ៍ថ្ងៃទី១១ កញ្ញា ២០០១ កាន់តែបញ្ជាក់ឱ្យឃើញថា នយោបាយអន្តរាគមន៍មួយនេះពុំបានទទួលជោគជ័យ ដូចការគិតនោះទេ!

        ឆ្នាំ២០២១ ជាមួយការបរាជ័យ របស់ពួកលោកខាងលិចនៅអាហ្កានីស្ថាន ដែលសុទ្ធតែជានយោបាយជ្រៀតជ្រែក អន្តរាគមន៍ទាំងអស់! ដែលអំពើទាំងនេះពុំទទួលបានស្វាគមន៍ពីមនុស្សមួយចំនួនយល់ថា ពួកខ្លួនត្រូវបានគេជិះជាន់នោះ!។ ក្រោយពីលោកខាងលិចក្នុងនោះមានសហរដ្ឋអាមេរិកជាមេធំក្នុងការប្រកាសដកខ្លួនចេញពីតំបន់នេះ ស្រាប់តែគេឃើញស្រមោលមហាអំណាចខ្លះចាប់លេចចេញជារូបរាង ចង់ដើរតួជំនួសអាមេរិកនៅក្នុងតំបន់មួយនេះក្រៅពីមហាអំណាចចិន គេឃើញរូបរាងដដែលគឺរុស្ស៊ី តួកគី និងអ៊ីរ៉ង់ !។

        តើមានអានុភាពណាខ្លះ ដែលអាចទប់ស្កាត់ តាលីបង់បាន!

        ក្នុងបណ្ដាឆ្នាំ១៩៩០ ពួកតាលីបង់ ត្រូវបានសហគមន៍អន្តរជាតិ ថ្កោលទោសព្រមទាំងឯកោនៅលើឆាកអន្តរជាតិ! ដូច្នោះ ពេលនេះ តាលីបង់ប្រហែលជាត្រូវការឱ្ យមានការទទួលស្គាល់ពួកខ្លួន នៅលើទិដ្ឋភាពច្បាប់អន្តរជាតិ ទៅវិញ! ក៏ប៉ុន្តែ អាចជាការលំបាកមួយពេលដែលពួកនេះ វាយដណ្ដើមបានអំណាចនោះ! ក្នុងករណីបើចង់ បានការទទួលស្គាល់នៅលើផ្លូវច្បាប់ខ្លះ គឺពួកតាលីបង់ ត្រូវមានគោលនយោបាយ ផ្សះផ្សារ បង្រួបបង្រួមជាតិមួយ យ៉ាងពិតប្រាកដ ព្រមទាំងការបំបាត់ចោល នូវភាពឃោឃៅ ព្រៃផ្សៃចេញពីការដឹកនាំរបស់ពួកខ្លួន! អំពីតួនាទីរបស់ពួកមហាអំណាច នៅក្នុងតំបន់វិញ គឺអ៊ីរ៉ង់ហាក់បីមិនសប្បាយចិត្ត ពេលដែលឃើញវត្តមាន នូវរបបនយោបាយ ប្រកាន់យកនិកាយអ៊ីស្លាម Sunni មានមុខនៅភាគខាងកើតរបស់ប្រទេសខ្លួន! តែយ៉ាងណាក៏ដោយ ក៏អ៊ីរ៉ង់ ពុំសូវវខ្លាចរអាតាលីបង់នេះ ជាងខ្លាចពួក IS ដែលកម្លាំងមួយនេះបាននិងកំពុងរីករាលដាល ធំធាត់នៅក្នុងតំបន់នោះ!។ ជានយោបាយ អ៊ីរ៉ង់មានភាពរំពឹងក្នុងដំណោះស្រាយមួយដ៏ល្អបំផុត មានវត្តមានរបស់ពួកតាលីបង់ តែមិនបានក្ដាប់អំណាចពេញលេញ ហើយអាហ្កានីស្ថាន មិនធ្លាក់ទៅក្នុងស្ថានការណ៍ អស្ថិរភាពដែលជាហេតុបច្ច័យក្នុងការនាំឱ្យកម្លាំងពួកISរីករាលដាល រឹងមាំ និងចាក់ឫសនៅលើដែនដីនេះ!។ បញ្ហាធំនៅទីនេះ គឺត្រង់ក្រុង Teheran ពុំមាននូវទោះបីមធ្យោបាយជាក់លាក់ ឬវិធានការយោធាណាមួយក្នុងការអាចរារាំង ទប់ស្កាត់ ដំណើររុលទៅមុខរបស់តាលីបង់នេះបានឡើយ!។

        ចំពោះមហាអំណាចរុស្ស៊ី វិញ ក៏មានការបារម្ភមួយយ៉ាងជ្រាលជ្រៅ អំពីពួកISនេះផងដែរ!។ នៅចំពោះមុខ រុស្ស៊ី ចង់ទប់ស្កាត់ពួកតាលីបង់ នៅខាងក្រៅព្រំដែន ដើម្បីជាការធានាសន្តិសុខមួយ សម្រាប់តាជីហ្គីស្ថាន និងអូបេហ្គីស្ថាន ដែលជាទីលានមួយយ៉ាងសំខាន់ស្ថិតនៅជាប់រុស្ស៊ីនោះ!។ ក្រៅពីនេះ ប៉ាគីស្ថាន ក៏ហាក់បីមិនចង់ឱ្យពួកតាលីបង់វិលមកកាន់អំណាចផងដែរ! ដែលជាតំបន់មួយស្ថិតនៅជាប់ប៉ាគីស្ថាននោះ!។

            អនាគត ពិបាកវាយតម្លៃ របស់អាហ្កានីស្ថាន នៅចំពោះមុខស្រមោល តាលីបង់!

        ជាយូរមកហើយ ពួកតាលីបង់ ត្រូវបានស្គាល់ថាជាកងកម្លាំង សកម្មប្រយុទ្ធអ៊ីស្លាមនិយមជ្រុលបំផុត ដែលពួកនេះមានបំណង ចង់បង្កើតអាណាចក្រអ៊ីស្លាម មួយនៅលើដែនដីអាហ្កានីស្ថាន! កម្លាំងតាលីបង់ មានដើមកំណើត កើតចេញពីកម្លាំងឧទ្ទាម ម៉ូចាហេឌីន របស់អាហ្កានីស្ថាន ក្នុងបណ្ដាឆ្នាំ១៩៨០។ ហើយត្រូវទទួលស្គាល់ ការពិតមួយនេះ ពួកឧទ្ទាមអ៊ីស្លាមទាំងនេះ ត្រូវបានមហាអំណាចអាមេរិក ប្រើប្រាស់ជាសន្លឹកបៀរ (Proxy War) ដើម្បីវាយមកលើកម្លាំងកាន់កាប់ របស់សហភាពសូវៀត ក្នុងទសវត្សរ៍ទី៨០ ដោយពួកលោកខាងលិច មានអាមេរិកជាដើម បានផ្ដល់ជំនួយ ជាថវិការហូតដល់ការបំពាក់ អាវុធគ្រប់ធន់ ក៏ដើម្បីបំបាក់សូវៀតតែមួយគត់ នៅអាហ្កានីស្ថាននោះ!។

        ដំណាក់កាល ដែលពួកតាលីបង់គ្រប់គ្រង ត្រួតត្រា អាហ្កានីស្ថាន គឺចាប់តាំងពីបណ្ដាឆ្នាំ១៩៩៥ រហូតដល់ពេលដែលកងទ័ព អាមេរិក លុកលុយចូលអាហ្កានីស្ថាន នាឆ្នាំ ២០០១ មក។ មូលហេតុចម្បងដែលពួក តាលីបង់ ទទួលការដាក់ទណ្ឌកម្មនេះ ដោយពួកតាលីបង់បានផ្ដល់ទឹកដីពិសិដ្ ឋទៅឱ្យពួកភេរវកម្មអន្តរជាតិ Al-Qaida ជ្រកកោន និងយកទឹកដីអាហ្កានីស្ថាន ធ្វើជាកន្លែងបណ្ដុះបណ្ដាល ចិញ្ចឹមកម្លាំង អ៊ីស្លាម វាយចូលទឹកដីអាមេរិកនាថ្ងៃទី១១ កញ្ញា ២០០១នោះទៅ!។

        ហើយទោះបីជាពួក តាលីបង់ ត្រូវវាយបំបាក់ឱ្យរត់ចោល ក្រុងKabul អស់រយៈកាល២០ឆ្នាំ ក៏ដោយ ក៏ពួកតាលីបង់នេះ នៅរក្សាបានក្បាលម៉ាស៊ីន ដឹកនាំរដ្ឋសម្រាប់កម្លាំងខ្លួនដដែល ដោយមានឈ្មោះហៅថា អាណាចក្រអ៊ីស្លាមអាហ្កានីស្ថាន មានទង់ជាតិ និងភ្លេងជាតិដោយឡែក និងមានរដ្ឋអំណាចស្រមោលមួយគ្រប់គ្រងមកលើក្រុង ខេត្ត ៣៤ ក្នុងទូទាំងប្រទេសអាហ្កានីស្ថាន។ បន្ទាប់មកចាប់តាំងពីបណ្ដាឆ្នាំ២០០៦ ពួកតាលីបង់ ចាប់ផ្ដើមប្រមូលកម្លាំង វាយបកមកលើរដ្ឋាភិបាល និងកងកម្លាំងបរទេសដែលមានមុខលើអាហ្កានីស្ថាន!

        យោងទៅតាម របាយការណ៍ របស់គណៈកម្មាធិការ ពិសេសមួយ របស់អង្គការសហប្រជាជាតិ មូលបទសំខាន់ដែលពួកតាលីបង់ អាចរស់រានបានដោយពួកនេះ អាចរកចំណូលបានក្នុងមួយឆ្នាំ ប្រមាណ១,៥កោដិដុល្លារ អាមេរិក! លុយដែលពួកតាលីបង់រកបានមក គឺដោយសារកិច្ចសហការ របស់ពួកតាលីបង់ជាមួយក្រុមរកស៊ី ជួញដូរគ្រឿងញៀននៅក្នុងតំបន់! ក្រៅពីក្នុងបណ្ដាឆ្នាំមុន២០២០ ពួកតាលីបង់រកបានរាប់សិបលានដុល្លារអាមេរិក ពីការឃុបឃិតលួចលក់ធនធានរ៉ែដែលក្នុងនោះក៏មានទាំងវត្ថុធាតុដើមដើម្បីផលិតគ្រឿងញៀនផង!ទន្ទឹមនេះ ពួកតាលីបង់បានបង្កើតប្រព័ន្ធប្រមូលពន្ធដារនៅតាមច្រកព្រំដែនដោយឡែករបស់ពួកខ្លួន រួមទាំងការទទួលបានជំនួយពីខាងក្រៅទៀតផង!។

        តួនាទី និងស្ថានភាពរបស់តាលីបង់ ចាប់មានការផ្លាស់ប្ដូរ ប្រែប្រួលច្រើនក្រោយពី២០ឆ្នាំ ពេលដែលចាប់មានសង្រ្គាម នៅអាហ្កានីស្ថានមក! ដោយតាលីបង់ពីស្ថានភាពជាពួកចោរព្រៃ ពីកម្លាំងប្រដាប់អាវុធ ជ្រុលនិយម ដោយមានទំនាក់ទំនងជាមួយក្រុមភេរវកម្ម អន្តរជាតិច្រើន ឥឡូវនេះតាលីបង់បានប្រែខ្លួនទៅជាក្រុមត្រឹមត្រូវ ជាដៃគូចរចាមួយស្មើភាពជាមួយអាមេរិក ជាមួយរដ្ឋាភិបាលក្រុង Kabul និងជាមួយមហាអំណាចផ្សេងទៀត ដោយអត្ថិភាពនិងកិត្យានុភាពរបស់តាលីបង់ត្រូវបានទទួលស្គាល់លើបណ្ដាវេទិកាតំបន់ និងអន្តរជាតិ ថាជាកម្លាំងនយោបាយ និងយោធាមួយឯករាជ្យម្ចាស់ការនោះ!។

        មានមូលបទជាច្រើនជុំវិញ ការរីកធំធាត់ និងការងើបឡើង របស់ពួកតាលីបង់ ដែលក្នុងនោះរួមមាន រដ្ឋអំណាច អាហ្កានីស្ថាននៅ Kabul មានអំពើពុករលូយ អសមត្ថភាព ពុំមានយុទ្ធសាស្រ្ត យុទ្ធវិធីច្បាស់លាស់មានអំពើអសកម្មបានជះឥទ្ធិពល មកលើបណ្ដាយុទ្ធនាការយោធារបស់បរទេសដែលនោះ មួយថ្ងៃកាន់តែធ្វើឱ្យរដ្ឋាភិបាលក្រុង Kabul បាត់ភាពម្ចាស់ការ ហើយកាន់តែរណប ផ្ដេកផ្ដួលមកលើតែលុយបរទេស និងជំនួយយោធាពីបរទេស ក៏ដូចជាមានការប្រកួតប្រជែងគ្នា នៅក្នុងតំបន់កាន់តែមានភាពផុសផុលឡើងៗនោះ!។

        ការគិតគូរជាយុទ្ធវិធី របស់ពួកប្រទេសធំ ចំពោះអាហ្កានីស្ថាន!

        នៅក្នុងស្ថានភាព មួយដ៏លំបាក ស្មុគស្មាញក្រោយពីពួកតាលីបង់ដណ្ដើមបានKabulនេះមក បានធ្វើឱ្យទំនាក់ទំនងត្រីកោណរវាងពួកប្រទេសធំ អាមេរិក-ចិន-រុស្ស៊ី មានការគិតគូរ ពិចារណាឡើងវិញជុំវិញបញ្ហាទាំងក្នុងតំបន់និងអន្តរជាតិ!។

        ពិតមែនតែ អាមេរិក បានប្រកាសដកទ័ពចេញ អស់ពីដែនដីអាហ្កានីស្ថាន នេះក៏ដោយ ក៏អាមេរិក នៅបន្តរក្សាទុកកងទ័ពប្រយុទ្ធរួម ទាំងយន្តហោះទម្លាក់គ្រប់បែក និងអាវុធយុទ្ធភ័ណ្ឌជាច្រើន នៅតាមប្រទេសដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក បន្តហ៊ុមព័ទ្ធអាហ្កានីស្ថានដដែល។

        ទន្ទឹមទៅនឹងការរក្សាវត្តមាន កងទ័ព នៅក្នុងតំបន់មកអាមេរិក ក៏បានស្វែងរកកិច្ចគាំទ្រលើផ្នែកសន្តិសុខ សម្រាប់អាហ្កានីស្ថាន ដោយអ្នកនាំពាក្យ របស់សេតវិមាន មានអះអាងថា សហរដ្ឋអាមេរិកនិងចិន គួររួមគ្នាសហការគ្នា ដោយទាំងអាមេរិក ដោយទាំងចិន គ្មាននរណាម្នាក់ នឹងទទួលបាននូវទោះបី ផលប្រយោជន៍ណាមួយក្នុងករណីបើអាហ្កានីស្ថាន ធ្លាក់ទៅក្នុងស្ថានការណ៍អស្ថិរភាព គ្មានសន្តិសុខ ពុំមានការអភិវឌ្ឍន៍ រីកចម្រើន និងត្រូវបំផ្លិចបំផ្លាញ វិនាសហិនហោច ទៅដោយអំពើហិង្សានោះ!។

        ក្នុងពេលនោះ រុស្ស៊ី បានបង្កើនវត្តមានជាយោធាពីរដង បន្ទាប់ពីកិច្ចសហការសមយុទ្ធនៅតាមបណ្ដោយព្រំដែន តាជីហ្គីស្ថាន និងអាហ្កានីស្ថានមក! ដោយរុស្ស៊ីបានយល់ឃើញថា សេណារីយ៉ូនៃសភាពការណ៍នៅអាហ្កានីស្ថានមានសភាពខុសគ្នាទៅនឹងប៉ុន្មានឆ្នាំមុន ហើយស្ថានភាពរបស់សភាពការណ៍ បច្ចុប្បន្ននៅក្នុងតំបន់មានអំណោយផលឱ្យកម្លាំងអ៊ីស្លាមនិយមជ្រុលច្រើនជាង! ព្រោះក្នុងពេលដែលរុស្ស៊ីចង់ស្ដារអត្ថិភាពនិងឥទ្ធិពលរបស់ខ្លួនឡើងវិញនៅក្នុងតំបន់អាស៊ីកណ្ដាលដែលជាហេតុធ្វើឱ្យអាមេរិកចង់រុញបញ្ហាស្មុគស្មាញនិងកត្តាអស្ថិរភាពទៅខិតជិតពួកប្រទេសអាស៊ីកណ្ដាលវិញ។ ក្នុងបរិបទមួយនេះ ទើបរុស្ស៊ីបានបង្កើនតួនាទីក្នុងការធានាសន្តិិសុខមួយភាគធំមកលើឧបទ្វីបអាស៊ី -អឺរ៉ុប ដោយឆ្លងតាមរយៈអង្គការយោធា Collective Security Treaty Organization -CSTO ដឹកនាំដោយរុស្ស៊ីនោះ!។

        ដូច្នោះទាំងរុស្ស៊ីទាំងចិន សុទ្ធតែមានធ្វើល្អ យកចិត្តដល់កម្លាំងតាលីបង់ ដើម្បីផលប្រយោជន៍សន្តិសុខយូរអង្វែង រុស្ស៊ី-ចិន ព្រោះមានតែកម្លាំងររបស់តាលីបង់ មួយគត់ អាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការរារាំង ទប់ស្កាត់ រួមទាំងការកម្ទេច មកលើកម្លាំងអ៊ីស្លាមនិយមជ្រុលបំផុតIS/ISILដែលពុំអាចមានកន្លែងឈរជើង បង្កើតអុកឡុក រំខានស្ថិរភាពមកលើសន្តិសុខរុស្ស៊ីនិងចិន បានដោយកត្តាភូមិសាស្រ្តនយោបាយ!។

        ចុងក្រោយ ទាំងរុស្ស៊ីទាំងចិន មានការប្រុងប្រយ័ត្នខ្ពស់ នៅចំពោះមុខស្ថានការណ៍ឥតទាន់មានស្ថិរភាព សន្តិសុខនៅក្នុងប្រទេសអាហ្កានីស្ថាន ពិតមែនតែសភាពការណ៍នៅចំពោះមុខ រុស្ស៊ីនិងចិនអាចសហការ ជាមួយតាលីបង់ ដើម្បីធានានិងការពារនូវរាល់ផលប្រយោជន៍ដ៏សាវ័ន្ត របស់ខ្លួនទាំងនយោបាយនិងសេដ្ឋកិច្ច នៅ អាស៊ីកណ្ដាលនិងអាស៊ីភាគខាងត្បូងនោះ!។

        មុននេះប៉ុន្មានសប្ដាហ៍ ចិនបានផ្ដល់ជំនួយ ជាថវិកាជួយដល់Kabul និងបានជួបចរចាជាមួយក្រុមតាលីបង់អំពីខ្សែបន្ទាត់ព្រំដែនក្រហម និងការរំពឹងរបស់ខ្លួន! ជាក់ស្ដែងគឺការត្រួតពិនិត្យឱ្យបាននូូវបណ្ដាសកម្មភាពរបស់ពួកចលនាអ៊ីស្លាម Turkestan ខាងកើត (ETIM) ដែលពួកឧទ្ទាមអ៊ីស្លាមទាំងនេះ តែងតែស្វែងរកនូវគ្រប់វិធានដើម្បីបង្កើតរដ្ឋមួយសម្រាប់ អ៊ុយហ្គរ នៅក្នុងតំបន់ស្វយ័ត Xinjiang នោះ!។

        នៅក្នុងបរិបទនយោបាយមួយដ៏ចង្អៀតយ៉ាងនេះ ទើបពេលជួបចរចាជាមួយពួកតាលីបង់ លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន បានប្រកាសថា ចលនា ETIM គឺឺជាគ្រោះគំរាមកំហែងដោយផ្ទាល់មកលើសន្តិសុខជាតិ និងបូរណភាពទឹកដី របស់ចិន! ដូច្នោះ ប៉េកាំងទទួលស្គាល់ តាលីបង់ជាកម្លាំងនយោបាយនិងយោធា តែមួយគត់ក្នុងការធានា ការពារអត្ថប្រយោជន៍ នៅអាហ្កានីស្ថាន ដែលក្នុងនោះរួមទាំង ការមិនផ្ដល់កំណើតឱ្យចលនា ETIM មនាទឹកដីពិសិដ្ឋសម្រាប់ការធ្វើសកម្មភាពទៀតផង!។

        សម្ព័ន្ធមិត្តយោធា ចិន -ប៉ាគីស្ថាន នៅអាហ្កានីស្ថាន កាន់តែធ្វើឱ្យឥណ្ឌា មានការបារម្ភ!

        ក្នុងពេលដែល ទំនាក់ទំនង រវាងក្រុង ញ៉ូដេលី ជាមួយនិងប៉េកាំង និងក្រុង Islamabad មានកំដៅក្ដៅរហូតនោះ ស្រាប់តែផែនការសហប្រតិបត្តិការចំណុច ដែលលោក វ៉ាង យី ប្រកាសក្រោយពីមានជំនួប ជាមួយសមភាគីប៉ាគីស្ថាន មក បានធ្វើឱ្យមានការកើតឡើងនូវភាពសង្ស័យដែលនាំឱ្យឥណ្ឌា មានការបារម្ភខ្លាំងនោះ!។ ព្រោះក្រោយពីKabul ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកតាលីបង់ មក បានដាក់ប្រទេសឥណ្ឌាឱ្យស្ថិតនៅក្នុងស្ថានភាពមួយ ត្រូវទប់ទល់ទៅនឹងភាព អសកម្ មដែលអាចកើតមានឡើងពីសភាពការណ៍ អស្ថិរភាពនៅអាហ្កានីស្ថាន ហើយដែលភាពអវិជ្ជមាន នេះអាចនឹងនាំឱ្យមានសង្រ្គាមផ្ទៃក្នុងនោះ! ហើយក្នុងសេណារីយ៉ូមួយនេះ អ្នកបានផលគឺប៉ាគីស្ថាន ព្រោះប៉ាគីស្ថាន បានជួយឱ្យតាលីបង់ក្នុងការវាយយកKabulដោយមិនចេញមុខនោះ!។

        បចុប្បន្ន ឥណ្ឌា បានជំពាក់ជំពិនទៅនឹង ការទំនាស់វិវាទបញ្ហាព្រំដែន ជាមួយចិន ព្រមទាំងបានចាត់ទុក ប៉ាគីស្ថានជាសត្រូវប្រចាំសតវត្សរ៍ របស់ឥណ្ឌា! ដូច្នោះ ចំពោះផលប្រយោជន៍ឥណ្ឌា គឺទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី តាមរយៈរបៀងសេដ្ឋកិច្ចចិននិងប៉ាគីស្ថាន គឺជាគ្រោះគំរាមកំហែងយូរអង្វែង មកលើពាណិជ្ជកម្ មនិងសន្តិសុខរបស់ឥណ្ឌានៅក្នុងតំបន់! ហើយដែលបញ្ហាមួយនេះ បានស្ថិតនៅក្នុងរបៀបវារៈនៃការជួបចរចាគ្នារវាង ឥណ្ឌានិងអាមេរិក នៅមុនពេលដែលក្រុងKabulធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកតាលីបង់នោះ!។

        ការបារម្ភរបស់ ឥណ្ឌា បានលេចធ្លោពិតប្រាកដ គឺនៅពេលដែលអគ្គមេបញ្ជាការកងទ័ពអាហ្កានីស្ថាន ជួបពិភាក្សាជាមួយមជ្ឈដ្ឋានយោធា ឥណ្ឌា មុនពេលKabul ត្រូវផ្ដួលរំលំ បានឃើញយ៉ាងច្បាស់ នូវនយោបាយ យុទ្ធសាស្រ្ត របស់ចិននៅអាហ្កានីស្ថាន ដោយចិន មិនឈរទៅភាគីណាមួយ! ឱ្យតែអ្នកកាន់អំណាចក្រុង Kabul ទាំងអស់សន្យាថានឹងមិនទុកឱ្យ អាហ្កានីស្ថានជាទីកន្លែងសម្រាប់លាក់ខ្លួន របស់ពួកភេរវកម្មអ៊ីស្លាមជ្រុលនិយម ETIMបានហើយ!

        នៅលើក្ដារអុកនយោបាយនេះ ការបណ្ដាក់ទុន មកលើហេដ្ឋារចនាសម្ព័ន្ធ មានតួនាទីមួយសំខាន់ ក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ច សម្រាប់អាហ្កានីស្ថាន! ទើបនៅខែសីហា ២០២១ គេឃើញក្រុងប៉េកាំង Islamabad និងKabul បានរួមគ្នាជំរុញការពង្រឹងគម្រោងនៃរបៀង សេដ្ឋកិច្ច ចិននិងប៉ាគីស្ថាន CPEC ងាកទៅកាន់ដែនដីអាហ្កានីស្ថានផង! ដែលគម្រោងCPECនេះក៏ជាចំណែកមួយក្នុងគម្រោង BRI របស់ចិននោះផងដែរ! ហើយមូលបទ ដែលនាំឱ្យឥណ្ឌា មានការបារម្ភនិងប្រឆាំង ទៅនឹងគម្រោងមួយនេះ ដោយរបៀងCPEC បានដើរកាត់ដែនដីឥណ្ឌាមួយចំណែក ដែលត្រូវបានប៉ាគីស្ថានកាន់កាប់ដោយខុសច្បាប់នោះ!។

        ធាតុពិតជាយូរ មកហើយ ឥណ្ឌា ក៏ដូចជាអាមេរិក បានដឹងយ៉ាងច្បាស់ថា ពួកយោធាក៏ដូចជាកម្លាំងចារកម្ម របស់ប៉ាគីស្ថាន គឺជាជនលាក់មុខឈរ នៅពីក្រោយនិងផ្ដល់ការគាំទ្រយ៉ាងសកម្ម ដល់កម្លាំងឧទ្ទាមតាលីបង់ ប្រឆាំងទៅនឹងរដ្ឋអំណាចក្រុងKabul! ព្រោះក្រុងKabulកាន់តែរឹងមាំ គឺអំណាចនិងឥទ្ធិពល របស់ឥណ្ឌា នៅក្នុងតំបន់អាស៊ីខាងត្បូងកាន់តែរឹងមាំ ហើយដែលភាពរឹងមាំរបស់ឥណ្ឌា នៅអាហ្កានីស្ថានគឺជាបន្លានៅក្នុងកែវភ្នែក របស់ ប៉ាគីស្ថាននិងចិន នោះ!។

        មានចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ តែផលប្រយោជន៍ជាតិ ជាយុទ្ធសាស្រ្តមានការខុសគ្នា!

        អាហ្កានីស្ថាន ជាប្រទេសមួយ ដែលសំបូរទៅដោយអំបូរ ជនជាតិ ហើយក៏គ្មានជនជាតិណាមួយដែលមានចំនួន ភាគច្រើនឡើយ! ដោយឡែកមាន តែអំបូរពីរទេដែលមានចំនួនច្រើន គឺជនជាតិPastun និងDari ដែលមានភាសានិយាយដូចអ៊ីរ៉ង់!។ អស់រយៈកាលមួយដ៏យូរក្នុងប្រវត្តិសាស្រ្ត ដោយអាហ្កានីស្ថានមួយនេះមានការជ្រៀតជ្រែកពីអានុភាពខាងក្រៅ របស់ពួកប្រទេសភូមិផង ក្នុងផលប្រយោជន៍ ផ្សេងគ្នា ទើបធ្វើឱ្យតុល្យភាពអំណាច មានការផ្អៀងមក រកក្រុមឧទ្ទាមអ៊ីស្លាម តាលីបង់នេះទៅ! និយាយជារួម ប្រទេសភូមិផងទាំងអស់ ដែលស្ថិតនៅជុំវិញ អាហ្កានីស្ថានសុទ្ធតែបានផ្ដល់ការគាំទ្រចំពោះក្រុម តាលីបង់ ទាំងអស់ លើកលែងតែប្រទេសឥណ្ឌា មួយចេញ! តែក៏ការគាំទ្រទាំងនេះ មានកម្រិតផ្សេងៗពីគ្នា ទៅតាមអត្ថប្រយោជន៍ ជាយុទ្ធសាស្រ្តខុសផ្សេងពីគ្នា!។

        មូលបទសំខាន់ ដែលប៉ាគីស្ថានមានការគាំទ្រ យ៉ាងសកម្មមកលើពួក តាលីបង់ ដោយអំបូរ Pastun មួយនេះមានប្រជាជន ប្រមាណ៣០លាននាក់ មានចំនួន១៥%ក្នុងចំណោមជនជាតិប៉ាគីស្ថាន ហើយដែលអ្នកPastun រស់នៅប៉ាគីស្ថានត្រូវបានគាំទ្រយ៉ាងច្រើនៅអាហ្កានីស្ថាននោះ! ដូច្នោះក្នុងយុទ្ធសាស្រ្ តពួកប៉ាគីស្ថាន ចង់បានរដ្ឋអំណាចមួយជាដៃគូរណបរបស់ខ្លួន ដើម្បីជាកម្លាំងសមតាមួយ ទៅនឹងអានុភាព របស់ឥណ្ឌានៅក្នុងតំបន់នោះ!។

        ជាតថភាព ប៉ាគីស្ថាន បានរួមចំណែកមួយដ៏ធំ ក្នុងការជួយឱ្យតាលីបង់ ឡើងកាន់អំណាចដំបូងនៅអាហ្កានីស្ថាននាឆ្នាំ១៩៩៦ ដែលការជួយនេះតាមរយៈបាតដៃរបស់បណ្ដាញចារកម្មប៉ាគីស្ថាន! ក្រោយមក រដ្ឋអំណាចប៉ាគីស្ថានបានផ្ដល់ជាហិរញ្ញប្បទានដល់បណ្ដាសកម្មភាពរបស់កម្លាំងតាលីបង់ រួមមានទាំងការរើសទ័ព ការផ្គត់ផ្គង់អាវុធនិងការគាំទ្រក្នុងបណ្ដាប្រតិបត្តិការជាយោធាទៀតផង! មិនត្រឹមតែប៉ុណ្ណោះ ជួនពេលខ្លះក៏មានកងទ័ពជាតិរបស់ប៉ាគីស្ថានបានចូលរួមក្នុងការប្រយុទ្ធជាមួយពួកតាលីបង់ក្នុងការវាយប្រហារមកលើរដ្ឋអំណាចKabulទៀតផង!។

        បើរដ្ឋអំណាច អ៊ីរ៉ង់ ដែលជាមហាអំណាច នៅក្នុងតំបន់វិញ ក៏មានទំនាក់ទំនងជាមួយពួកតាលីបង់ ផងដែរតែមិនរលូន! ដោយភាគីទាំងពីរនេះ នៅមានទំនាស់វិវាទគ្នាលើផ្នែកនិកាយសាសនាអ៊ីស្លាម មិនចុះសម្រុងគ្នា! តែក្រោយមក ដោយមានទំនាក់ទំនងកាន់តែជ្រៅជាមួយ អាមេរិកនិងអ៊ីស្រាអែល អ៊ីរ៉ង់បានប្ដូរឥរិយាបថ នយោបាយងាកមកធ្វើល្អជាមួយពួកតាលីបង់ ហើយជាសន្សឹមៗទទួលស្គាល់ ទាំងពួកតាលីបង់ លេងជាមួយរដ្ឋអំណាចKabul ផង ក្នុងគោលដៅតែមួយគត់ ឆ្លៀតប្រើប្រាស់ទំនាស់រវាង តាលីបង់និងក្រុងKabul បម្រើឲ្យផលប្រយោជន៍ Teheran វិញ!។

        ទំនាក់ទំនង រវាងរុស្ស៊ីជាមួយពួកតាលីបង់ ក៏ជាភាពមួយ មិនអំណោយផលមកឱ្យអាមេរិកផងដែរ! ក្នុងបណ្ដាឆ្នាំ១៩៩០ រុស្ស៊ីបានពង្រឹងតំបន់ព្រំដែនភាគខាងត្បូងដែលជាប់ទៅនឹងអាហ្កានីស្ថានដើម្បីរារាំង ទប់ស្កាត់នូវឥទ្ធិពលរបស់អាមេរិកនាម្ដុំនេះ! ដោយរុស្ស៊ីបានបង្កើតទំនាក់ទំនងជាមួយគ្រប់ភាគីពាក់ព័ន្ធរបស់អាហ្កានីស្ថានដែលក្នុងនោះរួមមានទាំងពួកតាលីបង់ផង! ដែលទោះបីជារុស្ស៊ីបានដឹងថា តាលីបង់មួយនេះមានជំហរគាំទ្រទៅដល់កម្លាំងភេរវកម្មអន្តរជាតិក៏ដោយ! ហើយនៅឆ្នាំ២០១៥ ទំនាក់ទំនងរុស្ស៊ីនិងតាលីបង់ ចាប់មានជារូបរាងពិតប្រាកដគឺនៅពេលធ្វើសង្រ្គាមប្រឆាំងជាមួយអង្គការរដ្ឋអ៊ីស្លាម Daech នៅអាហ្កានីស្ថាន ដែលពេលនោះរុស្ស៊ីចាត់ទុកតាលីបង់ជាដៃគូសម្ព័ន្ធភាពនោះ!។

        ជារួម ចិន មានទំនាក់ទំនងរលូន ជាមួយក្រុមតាលីបង់ ដោយការចាប់អារម្មណ៍ចម្បងរបស់ចិន គឺការពង្រីកឥទ្ធិពល ងាកទៅទិសខាងលិច ដើម្បីកាន់កាប់ទីតាំង ដណ្ដើមឧត្តមភាព ឱ្យបានលើផ្នែកយុទ្ធសាស្រ្ត ក្នុងតុល្យភាពកម្លាំង ជាមួយឥណ្ឌានិងអាមេរិកនៅក្នុងតំបន់មួយនេះ!។

        ការបាត់ Kabul ទៅឱ្យតាលីបង់ ក៏បានធ្វើឱ្យអត្ថិភាព និងកិត្យានុភាពរបស់អាមេរិកធ្លាក់ ចុះមួយកម្រិត!

A U.S. Chinook helicopter flies near the U.S. Embassy in Kabul, Afghanistan, Sunday, Aug. 15, 2021. Helicopters are landing at the U.S. Embassy in Kabul as diplomatic vehicles leave the compound amid the Taliban advanced on the Afghan capital. (AP Photo/Rahmat Gul)

        ទោះបីក្នុងប៉ុន្មានថ្ងៃនេះ សេតវិមាន រួមទាំងមន្ទីរបញ្ចកោណ បានខិតខំការពារ ពន្យល់បកស្រាយថា បេសកកម្មជាប្រវត្តិសាស្រ្ តរបស់អាមេរិកនៅអាហ្កានីស្ថាន បានសម្រេចជាស្ថាពរ! ហើយកិច្ចការនៅសេសសល់ បន្តគឺជាកិច្ចការផ្ទៃក្នុងរបស់ប្រជាជនអាហ្កានីស្ថាន ចូលរួមដោះស្រាយ ដោយខ្លួនឯង ក៏ដោយ ក៏ការបាត់បង់ក្រុងKabul យ៉ាងឆាប់និងរូបភាព ការបាត់ភាពម្ចាស់ការ លើសមរភូមិ របស់អ្នកកាន់អំណាចក្រុង kabul ជាសញ្ញាមួយបង្ហាញឱ្យឃើញ នូវភាពបរាជ័យ ជាយុទ្ធសាស្រ្ត ទាំងលើផ្នែកយោធា ទាំងលើផ្នែកនយោបាយ របស់ក្រុង Washington !។

        ពួកតាលីបង់ វិលមកកាន់អំណាចវិញ ចំដំណាក់កាលមួយ អាទិត្យមុនថ្ងៃគម្រប់ខួប២០ឆ្នាំ នៃព្រឹត្តិការណ៍វាយប្រហារ ជាភេរវកម្មមកលើអគារភ្លោះ នៅNew York (2001-2021) ! ដែលក្រោយពីឧបទ្ទវហេតុនេះមក អាមេរិកបានជាប់ផុងក្នុងការធ្វើសង្រ្គាមនៅអាហ្កានីស្ថានជិត២០ឆ្នាំដែលសង្រ្គាមរ៉ាំរ៉ៃមួយនេះ បានដុតលុយអស់ជាង២៥០០កោដិដុល្លារអាមេរិក ព្រមទាំងបានសម្លាប់ពលទាហានអាមេរិក ជាង២៥០០នាក់! ដែលលទ្ធផលគ្មានបានអ្វីទាំងអស់!។

        មជ្ឈដ្ឋានអ្នកនយោបាយ អាមេរិក មានការបារម្ភ ជ្រាលជ្រៅថា ការដកថយដោយភាពបរាជ័យ នៅអាហ្កានីស្ថាន នេះ នឹងជះឥទ្ធិពលយ៉ាងអវិជ្ជមាន មកលើសកម្មភាពទាំងឡាយរបស់អាមេរិក នៅលើទីតាំងយុទ្ធសាស្រ្ត ជាច្រើនផ្សេងទៀត នៅក្រៅប្រទេស!បរាជ័យមួយនេះ មិនត្រឹមតែជាផលវិបាកមួយ សម្រាប់តែអាហ្កានីស្ថាន មួយនោះទេ! តែថែមទាំងមាន ការប៉ះពាល់មកលើការប្រយុទ្ធប្រឆាំង ទៅនឹងអំពើភេរវកម្ម អន្តរជាតិ រួមទាំងមានការប៉ះពាល់ ជារួមមកលើតួនាទីរបស់ សហរដ្ឋអាមេរិក លើពិភពលោកទៀតផង!។

        គូសត្រូវ របស់អាមេរិក ពេលនេះដឹងច្បាស់ថា ពួកគេឥឡូវនេះ លែងខ្លាចអាមេរិក ហើយអាចទាំងគំរាមកំហែង មកលើអាមេរិក និងបក្សសម្ព័ន្ធរបស់អាមេរិក នៅពេលណាក៏បាន! និងក្នុងទោះបីកន្លែងណាមួយ លើពិភពលោកនេះក៏បាន!។ ការជឿជាក់ និងសេចក្ដីទុកចិត្ត មកលើសហរដ្ឋអាមេរិក ក្នុងឋានៈជាប្រទេសសម្ព័ន្ធមិត្ត ត្រូវបានអស់ជំនឿ និងប្រេះឆា នៅពេលដែលរដ្ឋាភិបាលអាហ្កានីស្ថាន ត្រូវបានបោះបង់ចោល ស្របពេលដែលកំពុង មានដំណើរការចរចានៅDoha ពួកតាលីបង់នោះ!។

        ព្រឹត្តិការណ៍ដ៏អាក្រក់ កើតឡើងនៅអាហ្កានីស្ថាន បានក្លាយទៅជាភាព ប្រឈមមួយថ្មី ដែលសហរដ្ឋអាមេរិក ត្រូវប្រឈមមុខ ក្នុងការរារាំង ទប់ស្កាត់ ទាំងជាមួយរុស្ស៊ីនៅក្នុងតំបន់អឺរ៉ុបនិងទាំងជាមួយចិន នៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិកនោះ! ហើយយ៉ាងហោចណាស់ទាំងរុស្ស៊ីទាំងចិន មានការពេញចិត្តពេលដែលឃើញអាមេរិកជាប់ផុងនៅអាហ្កានីស្ថាន ដូចអ្វីដែលអាមេរិក បានជាប់ផុងក្នុងសង្រ្គាម នៅវៀតណាមក្នុង៤៥ឆ្នាំមុន!។តែក្រោយពីបរាជ័យនេះ សហរដ្ឋអាមេរិកមានឱកាសប្រមូលផ្ដុំ ធនធាននិងកម្លាំងសរុបចូលមកទីលានប៉ាស៊ីហ្វិកច្រើនជាង ដើម្បីទប់ទល់ទៅនឹងឥទ្ធិពលរបស់យក្សចិននៅទីនេះ! តែកុំភ្លេចថា ចិនក៏បានប្រើប្រាស់នូវចំណុចខ្សោយទាំងឡាយ នៅអាហ្កានីស្ថានដើម្បីបម្រើឱ្យយុទ្ធវិធី ក្នុងការវាយបកទៅអាមេរិកផងដែរ!។

        ដល់ពេល ដែលយុទ្ធសាស្រ្ត ត្រូវបានប្ដូរ!

        ពួកអ្នកយុទ្ធសាស្រ្តយោធា នៅក្នុងតំបន់ជឿជាក់ថា ការវិលមកវិញ របស់តាលីបង់នៅKabul គឺជាភេរវសញ្ញាមួយប្រាប់ឱ្យដឹងជាមុនថា អំពើហិង្សា ភាពវឹកវរ អស្ថិរភាព និងដែនដីពិសិដ្ឋសម្រាប់កម្លាំងភេរវកម្មធ្វើសកម្មភាពបានរស់ឡើងវិញ! មានឱកាសធ្វើឱ្យតំបន់អាស៊ីកណ្ដាលមួយនេះបន្តធ្លាក់ទៅក្នុងភាពគ្មានសុវត្ថិភាព សន្តិសុខម្ដងទៀតតាមរយៈអំណាចProxy Warទៀត!។

        នៅក្នុងឯកសារមួយ ដែលសរសេរ ដោយលោក Zbigniew Brzezenski ស្ដីពីThe Grand Chessboard ដោយលោកបានអះអាងថា សហរដ្ឋអាមេរិកឬនិយាយឱ្យត្រង់គឺពួកDeep States មានសន្លឹកបៀរ នៅក្នុងដៃយ៉ាងច្រើន សម្រាប់លេងពីដំណាក់កាលមួយទៅដំណាក់កាល មួយទៀត ពីមួយទសវត្សរ៍ ទៅមួយទសវត្សរ៍! ក្នុងការបន្តពង្រឹង និងរក្សាអត្ថិភាពរបស់អាមេរិកនៅតែជាSuper of Superpowers ដដែល!។

        មុននេះ សហរដ្ឋអាមេរិក បង្កើតឡើងពួក Mujahedeen និងចិញ្ចឹមកម្លាំងតាលីបង់ តែក្រោយពីពេលនេះ អាមេរិកនឹងបង្កើតឡើងនូវកម្លាំងអ៊ីស្លាម និយមជ្រុលមួយថ្មី ក្រោមបាតដៃ របស់ ប៉ាគីស្ថាននិងតួកគី ដោយលើកនេះរុញស្ថានភាព អសន្តិសុខទៅកៀកព្រំដែនរុស្ស៊ីនិងចិន សំដៅបង្កើតភាពវឹកវរ នៅខាងក្នុងដែនដីតាជីហ្គីស្ថាន គកជីស្ថាន តួមេនីស្ថាន អ៊ុយបេគីស្ថាន ល.ល…ដែលកំពុងមានពន្លួងប្រឆាំងទៅនឹងអំណាចរុស្ស៊ី និងផ្ដល់ការគាំទ្រដល់ពួកអ៊ុយហ្គរ ក្នុងរដ្ឋ Xinjiang ប្រឆាំងទៅនឹងអាជ្ញាធររបស់ចិន!ដែលពួកអ៊ីស្លាមនិយមជ្រុលទាំងនេះមានគោលដៅតែមួយ គឺការបង្កើតឡើងនូវរដ្ឋអ៊ីស្លាមដាច់មុខតែមួយនៅក្នុងតំបន់នេះ! អនាគតរបស់ អាហ្កានីស្ថាននៅតែស្ថិតនៅក្នុងភាពឥតទាន់ ច្បាស់លាស់ នៅឡើយ! នៅក្នុងកណ្ដាប់ដៃរបស់មនុស្សមួយក្រុមតូចជាអ្នកសម្រេចនោះ!។

        ក្ដារអុកដែលត្រូវបន្តលេង ពុំមែននៅអាហ្កានីស្ថានទៀត! គឺស្ថិតនៅក្រុងហាណូយម្ដងវិញ!

        រឿងចម្លែកដែលបានកើតឡើងជាបន្តបន្ទាប់គួឱ្យចាប់អារម្មណ៍នោះ គឺបន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់ Lloyd Austin ប្រមុខជាន់ខ្ពស់របស់មន្ទីរ Pentagon មិនដល់មួយខែផង ស្រាប់តែមានមេធំរបស់ White House លោកស្រី Kamala Harris ប្រញាប់ប្រញាលហោះមកវៀតណាម ភ្លាមក្រោយទីក្រុង Kabul របូតបាត់ទៅក្នុងដៃរបស់ពួកទមិឡឥតសាសនា Taliban មិនបានពីរសប្ដាហ៍ត្រឹមត្រូវផង!។

        ទាំងអស់នេះ បានស្ថិតនៅលើក្ដារអុក យុទ្ធសាស្រ្ត Chessboard of Great Games ដែលពួកDeep States បានរៀបចំជាScenarioយូរមកហើយ ហើយដែលត្រូវបន្តលេងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលល្បែងនេះចាប់លេងមុនគេគឺផ្ដើមចេញពីទីក្រុងហាណូយនេះឯង!។

        ទោះបីជា សភាពការណ៍ មានការវិវត្តន៍ទៅយ៉ាងណាក៏ដោយ ក៏ពួកអ្នកយុទ្ធសាស្រ្តយោធានិយម នៅតែអះអាងថា ក្រុងហាណូយ ទេ ដែលស្ថិតនៅចំកណ្ដាលស្នូល របស់ល្បែងលេង Great Games វិញទេ ដែលពុំមែនក្រុង Kabul, Yangon , Taiwan ស្អីនោះទេ!។

        ព្រោះពុំដឹងថា វៀតណាម បានរ៉ាយរ៉ាប់អ្វីខ្លះប្រាប់ Lloyd Austin នោះទេ! គ្រាន់តែបានដឹងថា មានមន្រ្តីការទូតជាន់ខ្ពស់ របស់វៀតណាម បាននិយាយប្រាប់BBC នាថ្ងៃទី១៨ សីហា នេះថា នៅមុនពេលមានដំណើរទស្សនកិច្ ចរបស់Kamala Harris នៅវៀតណាមថា ……..វត្តមានជាយោធារបស់ចិន នៅលើទឹកដីអង្គរ គឺជាការសម្ងាត់តែចំហរមួយ! ដែលក្នុងករណីមានវិបត្តិ នៅលើសមុទ្រចិនខាងត្បូង គឺចិននឹងដាក់ពង្រាយនាវាចម្បាំង និងយន្តហោះយោធា នៅកម្ពុជា តាមរយៈមូលដ្ឋានជើងទឹក និងវាលយន្តហោះ ដែលមាននៅកោះកុង(Sic)នោះ! ហើយដោយឡែក មន្រ្តីជាន់ខ្ពស់រូបនេះបានអះអាងបន្ថែមទៀតថា ការបង្កើតឱ្យមានជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ គឺជា Just in-time !ហើយមានតែលំហរអាកាសមួយគត់ ដែលអាចកំណត់ កំហិតបាននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការមិត្តភាព វៀតណាម-អាមេរិក បាននោះ!៕

ដោយ៖ ហើស សិរិធន់

To Top