បរទេស៖ ជំនួយការដ៏យូររបស់លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គូ ឌូតឺតេ នាពេលថ្មីៗនេះ បានបដិសេធចំពោះការគំាទ្ររបស់បក្សកាន់អំណាច ឲ្យឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី ក្នុងការបោះឆ្នោតឆ្នាំ២០២២ ហើយនេះជាការវិវត្តមួយ ដែលអ្នកវិភាគនិយាយថា អាចនឹងបើកផ្លូវឲ្យកូនស្រីរបស់លោក ឌូតឺតេ ឈរឈ្មោះជំនួស។
សមាជិកព្រឹទ្ធសភា លោក Christopher “Bong” Go នៅក្នុងលិខិតមួយជូនដល់គណបក្ស PDP-Laban បាននិយាយថា លោកចង់ផ្តោតការយកចិត្តទុកដាក់របស់លោក ចំពោះការជួយប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត និងស្នើឲ្យសម្ពន្ធមិត្តរបស់លោកគាំទ្របេក្ខភាព ដែលនឹងបន្តគោលនយោបាយនិងកម្មវិធីរបស់លោក ឌូតឺតេ។
នៅក្នុងលិខិតដែលបង្ហាញជាសាធារណៈនៅថ្ងៃចន្ទនេះ តាមសេចក្តីរាយការណ៍ លោកបានសរសេរថា “តាមដែលខ្ញុំប្រាថ្នាច្រើនចង់ឆ្លើយតប ចំពោះសម្លេងមិត្តរួមបក្សរបស់យើងជាច្រើន ហើយខ្ញុំសូមបដិសេធដោយក្តីគោរពបំផុត”។
គួរបញ្ជាក់ថា លោក ឌូតឺតេ មានវ័យ៧៦ឆ្នាំ ដែលជាប្រធានាធិបតីហ្វីលីពីននាពេលបច្ចុប្បន្ននេះ ត្រូវបានរដ្ឋធម្មនុញ្ញហាមមិនឲ្យឈរជាបេក្ខភាពប្រធានាធិបតីក្នុងអាណត្តិទីពីររបស់លោក ប៉ុន្តែគូប្រឆាំងរបស់លោកបង្ហាញការជឿជាក់ថា លោកចង់រក្សាការកាន់អំណាចរបស់លោក៕
ប្រែសម្រួល៖ប៉ាង កុង