បរទេស៖ អាជ្ញាធរនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បាននិយាយថា ខ្លួនបាញ់ទម្លាក់មីស៊ីលផ្លោងចំនួន៣គ្រឿង ដែលផ្តោតគោលដៅវាយប្រហារតំបន់ប្រេងភាគខាងកើតរបស់ប្រទេស ក៏ដូចជាទីក្រុង និងទីក្រុង នៅក្នុងតំបន់ភាគខាងត្បូងនោះ។
នៅពេលភ្លាមៗនេះ នៅមិនទាន់មានការអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារកាលពីថ្ងៃសៅរ៍នោះទេ ប៉ុន្តែកងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដែលកំពុងប្រយុទ្ធនឹងពួកហូធីនៅក្នុងទីក្រុងយេម៉ែន បានថ្កោលទោសចំពោះក្រុមឧទ្ទាមដែលមានចំណងទាក់ទងជាមួយអ៊ីរ៉ង់។
ប្រភពមួយដែលដឹងរឿងនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់សារព័ត៌មានថា មីស៊ីលដែលមានគោលដៅវាយប្រហារទៅលើតំបន់ភាគខាងកើតទាំងនោះ ត្រូវបានបាញ់ទម្លាក់នៅពីលើទីក្រុង Dammam។
កម្ទេចកម្ទីពីមីស៊ីលទាំងនោះ បានធ្លាក់បាចសាចពីលើស្រុក Dammam Suburb បង្កឲ្យកុមារអារ៉ាប៊ីសាអូឌីតពីរនាក់រងរបួស ចំណែកផ្ទះចំនួន១៤ បានរងការខូចខាតតិចតួច នេះបើតាមការឲ្យដឹងពីទីភ្នាក់ងារសារព័ត៌មាន SPA ដែលដកស្រង់សេចក្តីថ្លែងការណ៍ចេញដោយក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីត៕
ប្រែសម្រួល៖ប៉ាង កុង