ព័ត៌មានជាតិ

ក្រុមហ៊ុន ព្រីនស៍គ្រុប និង ក្រសួងអប់រំចុះ MOU ដើម្បីរៀបចំអនាគតសម្រាប់និស្សិត សាកលវិទ្យាល័យនៅកម្ពុជាក្រោយ ជម្ងឺរាតត្បាត

ភ្នំពេញ : នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប (ហៅកាត់ថា “ព្រីនស៍ គ្រុប”) ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជាបានបញ្ចប់អនុស្សរណៈយោគយល់គ្នាជាមួយក្រសួងអប់រំ យុវជន និងកីឡា (MoEYS) ក្នុងការបើកដំណើរការកម្មវិធីអាហារូបករណ៍សម្រាប់និស្សិតថ្នាក់សាកលវិទ្យាល័យនៅក្នុងប្រទេសកម្ពុជា។ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នឹងផ្តល់ថ្លៃសិក្សាពេញលេញជាមួយនិងប្រាក់ឧបត្ថម្ភដល់និស្សិតដែលបានជ្រើសរើសចំនួន ៤០០នាក់ ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្ររបស់ពួកគេក្នុងសាកលវិទ្យាល័យល្បីៗនៅកម្ពុជា ដោយរួមមាន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិគ្រប់គ្រង និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ សរុបមកសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នឹងផ្តល់ថវិកាជាង ២លានដុល្លារសហរដ្ឋអាមេរិកក្នុងរយៈពេល ៧ឆ្នាំ។

ដោយសារភាពជាដៃគូរវាងវិស័យសាធារណៈនិងឯកជនពិតជាមានសារៈសំខាន់ណាស់ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នឹងធ្វើការជាមួយរាជរដ្ឋាភិបាលដើម្បីសម្រេចបាននូវគោលដៅដែលបានចែងនៅក្នុងផែនការយុទ្ធសាស្ត្រអប់រំ (ឆ្នាំ២០១៩-២០២៣) ។ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នឹងធ្វើការជាមួយក្រសួងអប់រំយុវជន និងកីឡា ដើម្បីធានាបានថានិស្សិតទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ ការបណ្តុះបណ្តាល ការណែនាំបង្ហាត់បង្ហាញ និងឱកាសការងារដើម្បីជំរុញដល់ការសិក្សាក្នុងវិស័យចំនួនបី៖ ការអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យអចលនទ្រព្យ ការជំរុញនៃការរួមបញ្ចូលហិរញ្ញវត្ថុ និងសេដ្ឋកិច្ចឌីជីថលនៅក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ ព្រមទាំងការលើកកម្ពស់ស្តង់ដារបដិសណ្ឋារកិច្ចលំដាប់ពិភពលោក ដើម្បីបំពេញតម្រូវការមូលធននៃធនធានមនុស្សនាពេលអនាគតសម្រាប់សេដ្ឋកិច្ចក្នុងតំបន់។

តាមរយៈការចុះកម្មសិក្សា សិស្សនិស្សិតនឹងបានរៀនសូត្រពីអ្នកជំនាញលំដាប់កំពូលៗនៅកម្ពុជា ក្នុងនាមសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ជាក្រុមហ៊ុនគ្រប់គ្រងអាជីវកម្មជាង ៨០ ដោយមានកម្លាំងពលកម្មចម្រុះដែលមាននិយោជិក ២០% មកពីកន្លែងផ្សេងៗដូចជា ប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងប្រទេសចិន។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងដូច្នេះថា “ពួកយើងសូមស្វាគមន៍ចំពោះកិច្ចសហការរបស់និយោជកនានាដែលដើរតួជាអ្នកអប់រំយ៉ាងយកចិត្តទុកដាក់។ ផ្លូវឆ្ពោះទៅរកការងើបឡើងវិញរបស់ប្រទេសកម្ពុជានឹងទាមទារឱ្យមានគំនិតថ្មីៗមកពីគ្រប់តំបន់នៃប្រទេស និងក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយដៃគូរបស់ខ្លួនគឺនឹងអាចយកឈ្នះនូវរាល់ឧបសគ្គទាំងឡាយ ការផ្តល់ការណែនាំតម្រង់ទិស ការធានានូវលទ្ធភាពទទួលបានការអប់រំប្រកបដោយសមធម៌ និងឱកាសការងារដើម្បីធានាបានថានិស្សិតដែលមានទេពកោសល្យផ្តោតទៅលើការរៀនសូត្រនិងទទួលបាននូវជំនាញដែលមានសារៈសំខាន់សម្រាប់អនាគតរបស់ប្រទេសកម្ពុជា” ។

លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានមានប្រសាសន៍ថា “ ពួកយើងមានសេចក្តីសោមនស្សរីករាយដែលបានបើកដំណើរការកម្មវិធីអាហារូបករណ៍ធំបំផុតមួយនៅកម្ពុជាដែលទទួលបានការឧបត្ថម្ភដោយសហគ្រាសឯកជន” ។ “ អង្គភាពផ្សេងៗរបស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប មានក្តីរំភើបរីករាយក្នុងការទទួលស្វាគមន៍និស្សិតកម្ពុជាឱ្យចូលមកចូលរួមជាមួយគ្រួសាររបស់យើង ដែលយើងនឹងបង្កើតនូវកម្មវិធីកម្មសិក្សាដ៏រឹងមាំ និងការបណ្តុះបណ្តាលសិក្ខាកាមក្នុងការគ្រប់គ្រងដើម្បីអប់រំអ្នកដឹកនាំសម្រាប់ថ្ងៃស្អែក។ អាហារូបករណ៍ ចេន ហ្ស៊ី បាននឹងកំពុងស្វែងរកការផ្តល់ជូនទាំងទៅលើបទពិសោធន៍សិក្សា និងបទពិសោធន៍ជាក់ស្តែងដល់សិស្សនិស្សិតតាមរយៈការផ្តល់នូវការអប់រំកម្រិតដំបូង ហើយទទួលបាននូវបទពិសោធន៍ការងារលំដាប់អន្តរជាតិ»។

អាហារូបករណ៍នេះនឹងត្រូវបានដឹកនាំដោយអ្នកឧកញ៉ា ចេន ហ្ស៊ី ដែលជាប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ដោយសារតែភាពជាអ្នកដឹកនាំក្នុងអាជីវកម្មរបស់គាត់ និងទំនួលខុសត្រូវរបស់ក្រុមហ៊ុននៅក្នុងសង្គមចំពោះជម្ងឺរាតត្បាត ថ្មីៗនេះគាត់ត្រូវបានគេទទួលស្គាល់ថាជាសហគ្រិនឆ្នើមប្រចាំឆ្នាំ ក្នុងចំណោមអ្នកដឹកនាំក្រុមហ៊ុននៅឯកម្មវិធីពានរង្វាន់អាជីវកម្មអន្តរជាតិឆ្នាំ២០២១ ។ ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា ចេន ហ្ស៊ី សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បាននឹងកំពុងអនុវត្តន៍តាមបរិយាកាសរួម ក្របខ័ណ្ឌសង្គមនិងអភិបាលកិច្ច (ESG) ដែលមានគោលបំណងធ្វើឱ្យមានឥទ្ធិពលរយៈពេលវែងនៅក្នុងប្រទេសកម្ពុជា។ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានបើកដំណើរការនូវ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈព្រីនស៍ នាឡិកា ដែលជាសាលានាឡិកាឯករាជ្យដំបូងគេបង្អស់នៅកម្ពុជា។ មជ្ឈមណ្ឌលបណ្តុះបណ្តាលនេះផ្តល់ឱ្យយុវជនកម្ពុជានូវឱកាសក្នុងការរៀនជំនាញសិប្បកម្មថ្មីមួយដូចជា ការផលិតនាឡិកា និងទទួលបានបទពិសោធន៍ចាំបាច់បន្ថែម ដើម្បីជួយពួកគេទាំងក្នុងទីផ្សារការងារនៅកម្ពុជា និងនៅបរទេស។ នៅខែសីហាឆ្នាំនេះ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ក៏បានឧបត្ថម្ភកម្មវិធីរៀបចំអាជីពការងារដែលដំណើរការដោយអង្គការ Caring for Cambodia ជាអង្គការសប្បុរសធម៌ឈានមុខគេលើវិស័យអប់រំដែលបានជួយដល់សិស្សានុសិស្សនៅវិទ្យាល័យ។ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នឹងបន្តរិះរកវិធីផ្សេងៗយ៉ាងសកម្មដើម្បីរួមចំណែកឱ្យប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានទទួលលទ្ធផលនៃការអប់រំបានល្អប្រសើរ៕

To Top