បរទេស៖កោះតៃវ៉ាន់ នៅថ្ងៃសុក្រនេះ បានធ្វើការចោទប្រកាន់ប្រទេសចិន ពីបទស្វះស្វែងប្រើប្រាស់ការបោះឆ្នោតនៃប្រទេសហុងឌូរ៉ាស់ ដើម្បីបង្កើតភាពចម្រូងចម្រាស់ និងធ្វើឲ្យប៉ះពាល់ដល់ចំណងមិត្តភាពដ៏យូរអង្វែងរបស់តៃវ៉ាន់ជាមួយប្រទេសនេះ និងនិយាយថា ខ្លួននឹងខិតខំដើម្បីឈ្នះការគាំទ្រ សម្រាប់ចំណងមិត្តភាពរបស់ហុងឌូរ៉ាស់ជាមួយទីក្រុងតៃប៉ិ។
បក្សប្រឆាំងដ៏ធំបំផុតរបស់ប្រទេសហុងឌូរ៉ាស់ ដែលដឹកនាំដោយអតីតប្រធានាធិបតី លោក Manuel Zelaya បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រសិនបើខ្លួនឈ្នះការបោះឆ្នោតជ្រើសប្រធានាធិបតីក្នុងខែវិច្ឆិកានោះ ខ្លួននឹងស្វះស្វែងធ្វើការកែសម្រួលឡើងវិញ នូវបំណុលរបស់ប្រទេស ហើយនឹងបង្កើតមិត្តភាពការទូតជាមួយប្រទេសចិន។
ក្រសួងការបរទេសរបស់កោះតៃវ៉ាន់ ដែលធ្លាប់បានធ្វើការព្រមានដល់ប្រទេសហុងឌូរ៉ាស់រួចមកហើយ មិនឲ្យធ្លាក់ចូលក្នុងការសន្យាក្លែងក្លាយរបស់ប្រទេសចិននោះ បាននិយាយថា ប្រទេសចិនឈប់ព្យាយាមធ្វើឲ្យប៉ះពាល់ដល់ចំណងមិត្តភាពតៃវ៉ាន់ ជាមួយសម្ពន្ធមិត្តការទូតនានានោះទេ។
គួរបញ្ជាក់ថា ប្រទេសហុងឌូរ៉ាស់ គឺជាប្រទេសមួយ នៅក្នុងចំណោមប្រទេសចំនួន១៥ ដែលនៅរក្សាចំណងមិត្តភាពការទូតផ្លូវការ ជាមួយកោះតៃវ៉ាន់ ជាកោះដែលប្រទេសចិនអះអាងថា ជាទឹកដីមួយផ្នែករបស់ខ្លួន គ្មានសិទ្ធិប្រកាសខ្លួនថាជារដ្ឋនោះទេ៕ប្រែសម្រួល៖ប៉ាង កុង