ព័ត៌មានជាតិ

ពហុកីឡដ្ឋានជាតិ មរតកតេជោ អាចផ្ទុកអ្នកទស្សនា ជាង៦ម៉ឺននាក់ និងអាចជម្លៀស ទស្សនិកជន ត្រឹម៧នាទី

ភ្នំពេញ​ ៖​ លោក​ ថោង​ ខុន​ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍​ បានឱ្យដឹងថា​ ពហុកីឡដ្ឋានជាតិមរតកតេជោ អាចផ្ទុកអ្នកទស្សនា​ ជាង៦ម៉ឺននាក់ និងអាចជម្លៀសទស្សនិកជនត្រឹម៧នាទី​ ក្នុងករណីមានហេតុការណ៍មិនប្រក្រតីកើតឡើង។

ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានបែងចែកការសាងសង់ជា ៣ដំណាក់កាល ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានចម្ងាយ ១២គីឡូម៉ែត្រពីវត្តភ្នំ និងសាងសង់លើផ្ទៃដីទំហំជាង ៨៥ហិកតា ក្រោមគម្រោងចំណាយប្រមាណ ២០០លានដុល្លារ។

ក្នុងពិធីប្រគល់-ទទួល ពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី១២​ ខែកញ្ញា​ ឆ្នាំ២០២១​ លោក​ ថោង ខុន បានថ្លែងថា​ ពហុកីឡដ្ឋានជាតិមរតកតេជោ នឹងក្លាយជាទីកន្លែងសំខាន់សម្រាប់ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២៣ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ។

លោកបានបញ្ជាក់ថា​ «ពហុកីឡដ្ឋានលំដាប់អន្តរជាតិនេះ អាចផ្ទុកអ្នកទស្សនាបានប្រមាណ៦ម៉ឺននាក់ និងអាចជម្លៀសទស្សនិកជនត្រឹមរយៈពេល៧នាទីក្នុងករណីមានហេតុការណ៍មិនប្រក្រតីកើតឡើង»។

លោកបានបន្ថែមថា​ ពហុកីឡដ្ឋានជាតិនេះ ក៏ជាកន្លែងសំខាន់មួយសម្រាប់រៀបចំពិព័រណ៍ពាណិជ្ជកម្ម ឬពិព័រណ៍ទេសចរណ៍ផងដែរ ក្រៅពីនោះក៏មានជាសណ្ឋាគារ និងផ្សារដែលសាងសង់ព្រមជាមួយគ្នាទៀតផង ។ 

សូមបញ្ជាក់ថា​ ក្នុងពិធីប្រគល់-ទទួល ពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាព​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន៕

To Top