ភ្នំពេញ៖ ដំណើរទស្សនកិច្ច របស់ប្រមុខការទូតចិន នៅកម្ពុជា មិនត្រឹមតែបានប្រគល់ វិមានពហុកីឡដ្ឋានជាតិ មរតកតេជោ នោះទេ ក្នុងនោះក៏បានភ្ជាប់មកនូវជំនួយឥតសំណងចំនួន ២៧០ លានដុល្លារផងដែរ។ នេះបើតាមការបញ្ជាក់ពីលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ជំនួបពិភាក្សាការងារ ទ្វេភាគីជាមូយ លោក វ៉ាង យី ប្រមុខការទូតចិន នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ លោក ប្រាក់ សុខុន បានបញ្ជាក់ថា «ប្រមុខការទូតចិន មកកម្ពុជានាពេលនេះ មានភ្ជាប់មកជាមួយនូវ ជំនួយឧបត្ថម្ភឥតសំណង ចំនួន២៧០លានដុល្លារ សហរដ្ឋអាមេរិក និងជំនួយផ្សេងៗទៀតដល់កម្ពុជា»។
លោក ប្រាក់ សុខុន បន្តថាក្រៅពីជំនួយនេះ ចិនក៏បានសន្យាផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់កម្ពុជាចំនួន៣លានដូសបន្ថែមទៀតផងដែរ។
ប្រមុខការទូតកម្ពុជា បានចាត់ទុកដំណើរទស្សនកិច្ច របស់លោក វ៉ាង យី នៅកម្ពុជានេះ ថាជាការពង្រឹងមិត្តភាពដែកថែប រវាងចិននិងកម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ ប្រមុខការទូតកម្ពុជា បានលើកឡើងអំពីផលប្រយោជន៍ដែលកម្ពុជាទទួលបានតាមរយៈគម្រោង «ខ្សែក្រវាត់និងផ្លូវ» ដែលផ្ដួចផ្ដើមឡើងដោយប្រទេសចិន។
លោក ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា សមិទ្ធផលដែលកម្ពុជាទទួលបានពីគម្រោង «ខ្សែក្រវាត់និងផ្លូវ» របស់ចិននេះ នឹងមិនធ្វើឱ្យកម្ពុជាធ្លាក់ទៅក្នុងអន្ទាក់នៃបំណុលរបស់ចិនឡើយ។ សម្រាប់លោក ប្រាក់ សុខុន ហានិភ័យនៃបំណុលជាតិកើតឡើងនៅពេលដែលប្រទេសមួយមានបំណុលលើសពី៤០ភាគរយនៃ GDP ប៉ុន្តែសព្វថ្ងៃ បំណុលបរទេសរបស់កម្ពុជា មានមិនដល់៣០ភាគរយផង។
សូមជម្រាបថា គិតត្រឹមឆ្នាំ២០២០ កម្ពុជាជំពាក់បំណុលបរទេសនិងស្ថាប័នដទៃទៀតចំនួនសរុបជិត៩ពាន់លានដុល្លារ។ ក្នុងនោះ កម្ពុជាជំពាក់ចិនច្រើនជាងគេ គឺប្រមាណ៤៥ភាគរយនៃបំណុលសរុប ឬស្មើនឹងជិត៤ពាន់លានដុល្លារ។ ចំណែកបំណុលផ្សេងទៀត កម្ពុជាជំពាក់ស្ថាប័នហិរញ្ញវត្ថុអន្ដរជាតិ ដូចជាធនាគារពិភពលោក ធនាគារអភិវឌ្ឍអាស៊ី និងមូលនិធិរូបិយវត្ថុអន្ដរជាតិជាដើម។
ជាការកត់សម្គាល់ ក្រៅពីផ្ដល់កម្ចីច្រើនដល់កម្ពុជា ចិនក៏បន្តស្ថិតនៅក្នុងចំណោមប្រទេសដែលដាក់ទុនវិនិយោគច្រើនជាងគេនៅកម្ពុជាដែរ។ គិតត្រឹម៤ខែដើមឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជាចិន សម្រេចបានប្រមាណ៣ពាន់លានដុល្លារ។ ចំនួននេះ កើនឡើងជិត២០ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យ៉ាងណាក៏ដោយ ជញ្ជីងពាណិជ្ជកម្មនេះផ្អៀងខ្លាំងទៅរកចិន ដោយការនាំចូលពីចិនមានទំហំទឹកប្រាក់ជាង២ពាន់៥រយលានដុល្លា ខណៈការនាំចេញពីកម្ពុជាទៅវិញ មានចំនួនត្រឹមតែ ៤២៤លានដុល្លារតែប៉ុណ្ណោះ៕