នយោបាយ

វិភាគ ៖ អាមេរិក នៅតែត្រៀមខ្លួន ជួបកូរ៉េខាងជើង ទោះបីប្រទេសនេះ បាញ់សាកល្បង មីស៊ីលក៏ដោយ

បច្ចុប្បន្នភាព

លោកស្រី Karine Jean-Pierre អ្នកនាំពាក្យសេតវិមាន របស់សហរដ្ឋអាមេរិក បាននិយាយថា ប្រទេសនេះ នៅតែបន្តត្រៀមខ្លួន ជួបចរចា ជាមួយប្រទេសកូរ៉េខាងជើង ទោះបីជាកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលតម្រង់ គោលដៅរយៈចម្ងាយឆ្ងាយ ប្រភេទថ្មីក៏ដោយ ។

លោកស្រី Karine Jean-Pierre បានបន្ថែមថា សហរដ្ឋអាមេរិក បានត្រៀមខ្លួនរួចហើយ ក្នុងការភ្ជាប់ទំនាក់ទំនងការទូត ជាមួយកូរ៉េខាងជើង ក្នុងដំណើរឈានឆ្ពោះ ទៅរកការរំសាយកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលរបស់កូរ៉េខាងជើង តាមរយៈការចរចា ។

ខាងកូរ៉េខាងជើង មិនបានឆ្លើយតបយ៉ាងណា ទៅកាន់សហរដ្ឋអាមេរិកវិញនោះទេ ទោះបីជាអាមេរិកបានបង្ហាញ ពីចេតនារបស់ខ្លួន ក្នុងការជួបចរចា ក៏ដោយ ហើយការបាញ់ សាកល្បងមីស៊ីល ក៏ត្រូវបានបញ្ចប់ហើយដែរ ។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ដែលបានផ្សព្វផ្សាយ កាលពីថ្ងៃចន្ទ ទី១៣ ខែកញ្ញានេះ បានបង្ហាញថា ប្រទេសនេះបានបាញ់ សាកល្បងមីស៊ីលតម្រង់គោលដៅ កាលពីថ្ងៃអាទិត្យ ដែលជាប្រភេទមីស៊ីលរយៈចម្ងាយឆ្ងាយ ។

មីស៊ីលតម្រង់គោលដៅ បានហោះហើរ ក្នុងរយៈចម្ងាយជាង១៥០០គីឡូម៉ែត្រ ប្រហាក់ប្រហែលនឹង៩៣០ម៉ាយ ដោយប្រើរយៈពេល២ម៉ោង ៦នាទី និងបានធ្លាក់ចូលទៅក្នុងសមុទ្រ ដែលជាដែនទឹករបស់កូរ៉េខាងជើង ។

ការបាញ់សាកល្បងមីស៊ីលតម្រង់គោលដៅនេះ កូរ៉េខាងជើងចង់បង្ហាញថា ខ្លួនមានបច្ចេកទេសខ្ពស់ក្នុងការបាញ់មីស៊ីលចេញពីជើងទម្រ ហើយការហោះហើររបស់មីស៊ីលនេះត្រូវបានតាមដាន និងគ្រប់គ្រងដំណើរហោះរបស់មីស៊ីលរហូតដល់គោលដៅ ដែលប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងអាចឆ្លើយតបទៅនឹងគោលដៅចង់បានរបស់អ្នកអភិវឌ្ឍមីស៊ីលតម្រង់គោលដៅរយៈចម្ងាយឆ្ងាយរបស់កូរ៉េខាងជើង។

លោក John Kirby អ្នកនាំពាក្យសេតវិមាន បាននិយាយថា មូលហេតុដែលកូរ៉េខាងជើង មិនព្រំលះបង់ចោលនូវកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលរបស់ខ្លួន គឺដោយសារសំអាងលើហេតុផល៥យ៉ាង ។

ហេតុផលទី១ កូរ៉េខាងជើងចង់បង្អួត និងសំញ៉ែងអំពីមីស៊ីលរយៈចម្ងាយឆ្ងាយរបស់ខ្លួនដល់កូរ៉េខាងត្បូង ដែលជាប្រទេសជិតខាង ដែលបានបាញ់សាកល្បងមីស៊ីលបាលីស្ទិកចេញពីនាវាមុជទឹកបានដោយជោគជ័យ កាលពីសប្តាហ៍មុន ។

ហេតុផលទី២ កូរ៉េខាងជើងចង់បង្ហាញថា ខ្លួនមានសមត្ថភាពខ្ពស់ក្នុងការផលិតមីស៊ីល ដែលក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលមិនតិចជាង១៥០គ្រាប់ទេ ទាំងមីស៊ីលរយៈចម្ងាយខ្លី មធ្យម និងចម្ងាយឆ្ងាយ ។
ទោះបីជាកូរ៉េខាងជើងស្ថិតនៅក្រោមសម្ពាធទណ្ឌកម្មសេដ្ឋកិច្ចជាង១០លើកពីអង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិកក៏ដោយ ក៏ប្រទេសនេះនៅតែមានសមត្ថភាពអភិវឌ្ឍន៍សព្វាវុធគ្រប់គ្រាន់ក្នុងការការពារជាតិរបស់ខ្លួនដែរ ។

ហេតុផលទី៣ កូរ៉េខាងជើងចង់ទទួលបានការគាំទ្រកាន់តែខ្លាំងថែមទៀតពីប្រជាពលរដ្ឋរបស់ខ្លួន ខណៈដែលពលរដ្ឋកំពុងជួបប្រទះគ្រោះអត់ឃ្លាន និងមានជីវភាពលំបាក ដោយសារការបិទព្រំដែនជាមួយប្រទេសចិនក្នុងវិបត្តិកូវីដ-១៩ ។
កូរ៉េខាងជើង ចង់បង្ហាញប្រជាពលរដ្ឋរបស់ខ្លួនថា ទោះបី ជាមានការដាក់សម្ពាធធ្ងន់ធ្ងរ ពីខាងក្រៅ ក៏ប្រទេសនេះនៅតែអាចក្លាយ ជាប្រទេសមហាអំណាច នុយក្លេអ៊ែរ និងសម្រេចបាននូវមហិច្ឆិតាផលិតគ្រាប់បែក នុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីល ។

ហេតុផលទី៤ កូរ៉េខាងជើងមានបំណង ចង់អោយប្រទេសជិតខាង របស់ខ្លួន មានកូរ៉េខាងត្បូង និងប្រទេសជប៉ុនជាដើម នៅតែបន្តភ័យខ្លាចកូរ៉េខាងជើង តាមរយៈការបាញ់សាកល្បងមីស៊ីលគ្រប់ប្រភេទ ទាំងមីស៊ីលតម្រង់គោលដៅ មីស៊ីលបាលីស្ទិក និងមូស៊ីល ត្រូវបានបាញ់ចេញពីនាវាមុជទឹក រួមទាំងបច្ចេកវិទ្យាសព្វាវុធទំនើបៗផ្សេងទៀត ដែលប្រទេសនេះបានបាញ់ សាកល្បងជាញឹកញាប់ ។

ហេតុផលទី៥ កូរ៉េខាងជើងចង់បង្ហាញសហគមន៍អន្តរជាតិ ជាពិសេសគឺសហរដ្ឋអាមេរិកអោយដឹងថា កូរ៉េខាងជើងមិនអាចលេង សើចបានទេ ពីព្រោះប្រទេសនេះ បានសម្រេចមហិច្ឆិតារបស់ខ្លួន ជាប្រទេសមហាអំណាច នុយក្លេអ៊ែររួចហើយ ។

ទណ្ឌកម្មសេដ្ឋកិច្ចលើកូរ៉េខាងជើង ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ មិនបានរារាំង ឬបង្អាក់ដំណើរមិនអោយ សម្រេចគោលដៅនុយក្លេអ៊ែរនោះទេ តែផ្ទុយទៅវិញ ប្រទេសនេះបានក្លាយជា មហាអំណាចនុយក្លេអ៊ែរយ៉ាងពិតប្រាកដ ។

ដើមចមនាំអោយកើតរឿង

ដើមចមដែលនាំ អោយសហរដ្ឋអាមេរិក នៅតែបន្តចង់ជួបចរចាជាមួយកូរ៉េខាងជើង ក្នុងដំណើរឈានឆ្ពោះទៅ រកការរំសាយកម្មវិធី នុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីល របស់កូរ៉េខាងជើង គឺដោយសារសហរដ្ឋអាមេរិក បានចាត់ទុកកូរ៉េខាងជើងគឺជាប្រទេសតែមួយគត់ នៅលើពិភពលោក ដែលគំរាមកំហែងដល់ សន្តិសុខជាតិរបស់អាមេរិក ។

អ្នកជំនាញខាងកិច្ចការអន្តរជាតិ ជាច្រើនបាន លើកឡើងថា ប្រសិនបើមិនមែនកូរ៉េខាងជើងទេ សហរដ្ឋអាមេរិក អាចធ្វើអន្តរាគមន៍យោធា ចូលទៅវាយប្រហារផ្តួលរំលំ ដូចប្រទេសជាប្រទេសនានានៅលើពិភពលោក មានប្រទេសលីប៊ី អាហ្វហ្កានិស្ថានជាដើម ប៉ុន្តែសហរដ្ឋអាមេរិក មិនហ៊ានធ្វើអន្តរាគមន៍យោធា ចូលក្នុងប្រទេសកូរ៉េខាងជើងទេ ។

កូរ៉េខាងជើង មានទីតាំងភូមិសាស្ត្រ នៅជាប់ព្រំដែនទាំងព្រំដែនទឹក និងព្រំដែនគោក ជាមួយប្រទេសរុស្ស៊ី និងប្រទេសចិន ដោយរុស្ស៊ី និងចិន គឺជាប្រទេសមហាអំណាច នុយក្លែអ៊ែរ និងសេដ្ឋកិច្ច ហើយប្រទេសទាំងពីរ ក៏មានសម្ព័ន្ធភាពយ៉ាងជិតស្និទ្ធ ជាមួយកូរ៉េខាងជើងផងដែរ ដែលសហរដ្ឋអាមេរិក មិនហ៊ានធ្វើអន្តរាគមន៍ យោធាលើកូរ៉េខាងជើង ។

ម្យ៉ាងទៀត កូរ៉េខាងជើងជាប្រទេសទ្រ នាប់ដ៏សំខាន់របស់រុស្ស៊ី និងចិន ដែលមិនអោយកងទ័ព របស់សហរដ្ឋអាមេរិកចូលទៅជិតរុស្ស៊ី និងចិនបាន ពីព្រោះកងទ័ពអាមេរិកប្រមាណជាង ២៨០០០នាក់ កំពុងឈរជើង នៅកូរ៉េខាងត្បូង ហើយកូរ៉េខាងជើងហាក់ ដូចជាឈរទប់កុំអោយកងទ័ព អាមេរិកចូលទៅជិតព្រំដែនរុស្ស៊ី និងចិនបាន ៕

ដោយ ៖ អ៊ី ជិន

To Top