ព័ត៌មានជាតិ

កម្ពុជា-តួកគី កំពុងជួយត្រួសត្រាយផ្លូវដល់ធុរជន និងវិនិយោគិនតួកគី ឲ្យស្វែងយល់ពីឱកាសទីផ្សារ និងការវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ កម្ពុជា-តួកគី បាននិងកំពុងជួយជួយ ត្រួសត្រាយផ្លូវដល់ធុរជន និងវិនិយោគិនតួកគី អាចស្វែងយល់ពីឱកាសពីទីផ្សារ និងការវិនិយោគនៅកម្ពុជា ក៏ដូចជាជួយពង្រឹង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ក្រសួងការបរទេសកម្ពុជា តាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋតួកគី និងក្រុមការងារសម្របសម្រួល ការទូតសេដ្ឋកិច្ច សហការជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធអ្នកជំនួញឧស្សាហកម្មតួកគី SANKON បានរៀបចំ «ជំនួបធុរកិច្ចរវាងកម្ពុជា-តួកគី» ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងតភ្ជាប់ទំនាក់ទំនងរវាងវិនិយោគិន-ធុរជន កម្ពុជានិងតួកគី។

កម្មវិធីនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក ញឹម ខេមរា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ សម្របសម្រួលការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេសខ្មែរ ដោយមានការចូលរួមពីតំណាងសភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធអ្នកជំនួញឧស្សាហកម្មតួកគី ធរុជន និងវិនិយោគិនមកពីវិស័យឯកជន នៃប្រទេសទាំងពីរ សរុបប្រមាណជាង ៣៥០នាក់។

វេទិកាធុរកិច្ចនេះបានផ្តោតលើ ប្រធានបទសំខាន់មួយចំនួនដូចជា ពាណិជ្ជកម្ម កសិ-ឧស្សាហកម្ម វាយនភ័ណ្ឌ សំណង់ ទេសចរណ៍ អប់រំ ព័ត៌មានវិទ្យា និងវិស័យសំខាន់ៗមួយចំនួនទៀត។ គោលបំណងនៃការរៀបចំ ជំនួបធុរកិច្ចនេះ គឺដើម្បីជួយត្រួសត្រាយផ្លូវដល់ធុរជន និងវិនិយោគិនតួកគី អាចស្វែងយល់ពីឱកាសទីផ្សារ និងការវិនិយោគនៅកម្ពុជា ក៏ដូចជាជួយពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ៕

To Top