ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបាន បញ្ជាឲ្យលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ព្រមទាំង អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង ពិនិត្យករណី មាននាយទាហានម្នាក់ ល្មើសច្បាប់ហ៊ានចាក់ដី លុបសមុទ្រ នៅខេត្តកោះកុង នាពេលថ្មីៗនេះ។
ក្នុងឱកាសចូលរួម បើកសម្ពោធបុណ្យសមុទ្រ លើកទី៨ ជុំទី២ នារាត្រីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ សម្តេចតេជោ បានថ្លែងថា សម្តេចបានទទួលព័ត៌មានថា មានបុគ្គលម្នាក់ ជានាទាហាន បានចាក់ដីលុបសមុទ្រ នៅខេត្តកោះកុង។
សម្តេចតេជោបន្តថា “ខ្ញុំស្នើឲ្យឯកឧត្តមជា សុផារ៉ា ក៏ដូចជាអភិបាលខេត្តកោះកុង ពិនិត្យជាបន្ទាន់ តើវាមានពិតទេ ហាក់ដូចជាមាន នាទាហានផងដែរ ដែលចូលរួមសកម្មភាពទាំងនេះ។ ប្រសិនបើមានករណីនេះ ខ្ញុំមិនអនុញ្ញាត ឲ្យពួកគេស្ថិតនៅជានាទាហានកម្ពុជា តទៅទៀតទេ។ បើទុកយ៉ាងដូច្នេះ ពួកគេនឹងក្លាយទៅជា អ្នកកសាងរដ្ឋ នៅក្នុងរដ្ឋហើយ មិនអាចអនុញ្ញាតឲ្យមានទេ”។
ប៉ុន្តែទោះបីជាយ៉ាងណា សម្តេចថា ក៏មានករណីខ្លះ ឲ្យលុបដែរ ដូចជា ការកសាងកំពង់ផែ ចាក់ថ្មដើម្បីរាំងទឹករលក សំរាប់តបន់ទេសចរណ៍ដែរ។
នាយករដ្ឋមន្រ្តីអះអាងថា ទាំងនេះមិនមែនជាការ ធ្វើដោយបំពាននោះទេ ។ ដូច្នេះកុំបំផ្លាញបេតិកភណ្ឌ តំបន់ឆ្នេរ និងព្រៃប្រឹក្សា ដើម្បីគ្រាន់តែយកមក បំពេញតម្រូវការ ក្នុងរយៈពេលខ្លី ដោយត្រូវរក្សាទុក នូវអ្វីដែលមានទាំងនេះ ដោយបំពេញបន្ថែម ក្នុងការដាំដើមឈើ។
បើតាមលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ករណីចាក់ដី លុបសមុទ្រនេះ គឺលោកឧត្តមសេនីយ៍ទោ ទុន ដៀត។
ប៉ុន្តែលោក ពេជ្រ ស្រស់ មិនបានបង្ហើបថា ឧត្តមសេនីយ៍រូបនេះ មកពីអង្គភាពណាទេ។
លោក ពេជ្រ ស្រស់បន្តថា “អាចនឹងជ្រុះផ្កាយ ចេញពីស្មានេះ បើយោងទៅតាមប្រសាសន៍របស់ សម្តេចតេជោ ក្នុងពិធីបុណ្យសមុទ្រខេត្តកំពត ឆ្នាំ២០១៩។ លោក ផ្កាយ២ ទុន ដៀត បានធ្វើការចាក់ដីលុបសមុទ្រ នៅភូមិស្មាច់ងាម សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង”៕