នយោបាយ

សម្តេចតេជោ ៖ សូមកុំយល់ខុសថា ខ្ញុំចូល Zoom ជាមួយអតីតមន្រ្តីអតីតបក្សប្រឆាំង ជាការផ្តល់សញ្ញាចរចា តែចង់បញ្ជាក់ថា មនុស្សរបស់ហ៊ុន សែន មានគ្រប់កន្លែង (Video)

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាដែលមានឥទ្ធិពលខ្លាំង បានចេញមកបញ្ជាក់ជាលើកដំបូង ទៅក្រុមអតីតមន្រ្តីនៃអតីតគណបក្សប្រឆាំងថា ការសម្តេចចូលក្នុងកិច្ចប្រជុំតាម Zoom ជាមួយពួកគេនោះ គឺមិនមែនជាសញ្ញាចរចានោះទេ ដូច្នេះកុំសង្ឃឹមថា មានកិច្ចចរចាអ្វីមួយនោះទេ គ្មានទេ ។

សម្តេចតេជោបានបញ្ជាក់សង្កត់ធ្ងន់ៗថា ការចូលទៅជជែកក្នុងកិច្ចប្រជុំជាមួយមន្រ្តីអតីតបក្សប្រឆាំងនោះ ដើម្បីគ្រាន់តែផ្ញើសារទៅលោក សម រង្ស៊ីថា ឲ្យភ្លឺភ្នែកថា ទីកន្លែងណាក៏មានមនុស្សរបស់សម្តេចដែរ ដូច្នេះសម្តេចបានព្រមានថា ត្រូវប្រយ័ត្នកុំធ្វើសកម្មភាពណាមួយ ប្រឆាំងជាមួយផលប្រយោជន៍ជាតិ ។

នេះជាសាររបស់សម្តេចតេជោ នៅប្រហែលជាមួយម៉ោងមុន នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ ដែលបានតបខំមិនទៅអាខោនហ្វេសប៊ុកឈ្មោះ Bunchhay San ។

សម្តេចតេជោបានបញ្ជាក់ថា “ខ្ញុំបានធ្វើច្រើនណាស់ហើយក្នុងរឿងបង្រួបបង្រួមជាតិតែពួកក្បត់ជាតិ វាមិនយល់អំពីការបង្រួបបង្រួមជាតិទេ។ ពេលនេះ គ្មានរឿងនយោបាយដែលត្រូវដោះស្រាយដោយការចចារនោះទេ។ អ្វីដែលត្រូវធ្វើ គឺអ្នកមានទោសត្រូវជាប់គុក២/៣សិន ចាំគិតដល់ការលើកលែងទោស ឬបន្ធូបន្ថយទោស” ។

សម្តេចតេជោបន្តថា សម្រាប់ដំណើការនយោបាយកម្ពុជាបាននិងកំពុងឈានទៅបោះឆ្នោតឃុំ-សង្កាត់២០២២ និងបោះឆ្នោតថ្នាក់ជាតិ២០២៣ ដោយមានការចូលរួមពីបក្សនយោបាយទាំងគណបក្សចាស់និងគណបក្សដែលទើបបង្កើតថ្មីយ៉ាងច្រើន។

សម្តេចសង្កត់ធ្ងន់បន្តថា “សុំកុំយល់ខុសថា ខ្ញុំចូលក្នុង Zoom ជាមួយបងប្អូនថ្ងៃមុនថា ជាការផ្តល់សញ្ញាសម្រាប់ការចរចាឲ្យសោះ តែការចូលទៅនោះ ចង់ជូនសារទៅក្រុមឧទ្ទាមឲ្យភ្លឺភ្នែកថា នៅកន្លែងណាក៏មានមនុស្សរបស់ហ៊ុន សែនដែរ ។ សូមប្រុងប្រយ័ត្នកុំធ្វើសកម្មភាពណាមួយប្រឆាំងជាមួយផលប្រយោជន៍ជាតិ” ។

សម្តេចនាយករដ្ឋមន្រ្តីបានបន្តផ្ញើសារទៀតថា “សូមឈប់ស្រមើស្រម៉ៃថា បក្សដែលតុលាការរំលាយនឹងរស់ឡើងវិញ ហ៊ុន សែននឹងលើកលែងទោសឲ្យ ហ៊ុន សែន នឹងបើកការចរចារកដំណោះស្រាយនយោបាយហ៊ុន សែនខ្លាចអន្តរជាតិ។ល។”។

សម្តេចតេជោ បានបង្ហាញការសង្ឃឹមថា “ការបកស្រាយនេះ នឹងធ្វើឲ្យអ្នកវិភាគល្ងង់ទូ និងអ្នករង់ចាំការយោគយល់ពីហ៊ុន សែន ឬហ៊ុន សែនភ័យខ្លាច បានភ្លឺស្វាងឡើងវិញ បន្ទាប់ពីសន្លប់ធំ អស់ប៉ុន្មានថ្ងៃក្រោយ zoom” ។

សូមបញ្ជាក់ថា កិច្ចប្រជុំក្នុង Zoom បានធ្វើឡើងកាលពីថ្ងៃ៩ វិច្ឆិកា ប៉ុន្តែវិដេអូជាង១៣នាទីដែលសម្តេចចូលZoom នោះ បានបែកធ្លាយកាលពីថ្ងៃ១៣ កញ្ញា ។ កិច្ចប្រជុំសង្ងាត់នេះ មានលោក ឡុង រី ជាអ្នកដឹកនាំកិច្ចប្រជុំ ជាមួយក្រុមយុវជនរបស់អតីតបក្សប្រឆាំង ពីអាមេរិក ។ ក្នុងនោះលោក ឡុង រី បានបើកក្បាលនិយាយបានប៉ុន្មាននាទី សម្តេចតេជោក៏បានចូលទៅដែរ ដោយបានហៅឈ្មោះឡុង រីយ៉ាងច្បាស់។ ពេលនោះលោក ឡុង រីក៏បានឆ្លើយយ៉ាងស្រទន់មកសម្តេចវិញផងដែរ ។

ក្នុងពេលចូល Zoom នោះ សម្តេចបានផ្ញើសារទៅកាន់លោក សម រង្ស៊ីតាមរយៈលោក ឡុង រីដែលជាមនុស្សជំនិតរបស់លោកសម រង្ស៊ីថា ឲ្យឈប់វប្បធម៌ធ្វើនយោបាយជេរបញ្ចោគ្នាទៅ។ លោក ឡុង រី តបថា ចំពោះលោកផ្ទាល់មិនដែលបានធ្វើសកម្មភាពនយោបាយបែបនេះទេ តែសម្តេចថា លោកអត់ បានធ្វើ តែមេលោកឯង ជាអ្នកធ្វើ ។

ក្រោយពីឃើញបែកធ្លាយវិដេអូនេះ អតីតមន្រ្តីបក្សប្រឆាំងដែលមាននិន្នាការមកខាងលោក សម រង្ស៊ី និងលោក កឹម សុខា ព្រមទាំងអ្នកវិភាគផ្សេងទៀតបានចេញមកបញ្ចេញមតិយោបល់លើរឿងនេះថា ជាសញ្ញាល្អនៃការឈានទៅដល់ការចរចាគ្នា ដើម្បីបញ្ចប់ជំលោះនយោបាយរវាងសម្តេចតេជោ និងលោក សម រង្ស៊ី ។

អ្វីដែលសំខាន់នោះ ខាងក្រុមលោក កឹម សុខា បានគិតពិចារណាថា សម្តេចចូលក្នុង Zoomនេះ បាន ពិតជាមានអ្នកឲ្យលេខកូដហើយ ទើបចូលបាន ៕

To Top