ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន បានឲ្យដឹងថា កម្ពុជាប្ដេជ្ញាបន្តចូលរួម ជាមួយសហគមន៍អន្តរជាតិ ក្នុងការអនុវត្ត ឲ្យបានជោគជ័យ រាល់កាតព្វកិច្ចរបស់ខ្លួន ព្រមទាំង លុបបំបាត់ការប្រើប្រាស់ សារធាតុបំផ្លាញ ស្រទាប់អូហ្សូន និងសារធាតុមាន សក្តានុពល ធ្វើឲ្យកើនកម្ដៅខ្ពស់។
តាមសារលិខិតអបអរសាទរ ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា ឆ្នាំ២០២១ របស់ក្រសួងបរិស្ថាន ចេញផ្សាយនាថ្ងៃទី១៦ កញ្ញា នេះ លោករដ្ឋមន្រ្តី សាយ សំអាល់ បានថ្លែងថា ទោះបីឆ្នាំនេះជំងឺកូវីដ-១៩ នៅតែបន្តរាតត្បាតយ៉ាងស្រួចស្រាល់ បង្កឲ្យមានផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់សង្គម និងសេដ្ឋកិច្ចក៏ដោយ ក៏មិនអាចបំភ្លេចនូវកាតព្វកិច្ចដ៏ឧត្តុង្គឧត្តមរបស់មនុស្សជាតិ ក្នុងការខិតខំរួមគ្នាថែរក្សាការពារស្រទាប់អូហ្សូន និងកាត់បន្ថយការកើនកម្ដៅភពផែនដី ដោយងាកទៅ ប្រើប្រាស់សារធាតុធ្វើឲ្យ ត្រជាក់ក្នុងបរិក្ខារត្រជាក់ និងម៉ាស៊ីនត្រជាក់ ដែលមិនបំផ្លាញ ស្រទាប់អូហ្សូន និងមានសក្តានុពលកម្ដៅ សកលទាប ។
លោកបន្ដថា ក្នុងនាមជារដ្ឋភាគី កម្ពុជា បានបញ្ឈប់ការប្រើប្រាស់ សារធាតុក្លរ៉ូភ្លុយអរ៉ូកាបូន (CFC) ទាំងស្រុងក្នុងឆ្នាំ២០១០ ហើយក៏កំពុងបន្តអនុវត្តផែនការ គ្រប់គ្រងសារធាតុ ហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន (HCFC) ស្របតាមកាតព្វកិច្ចដែលមានចែងក្នុងពិធីសារម៉ុងរ៉េអាល់។ ទន្ទឹមនេះរាជរដ្ឋាភិបាលក៏កំពុង ត្រៀមរៀបចំផែនការគ្រប់គ្រង សារធាតុហាយដ្រូភ្លុយអរ៉ូកាបូន (HFCs) ក្នុងការ អនុវត្តវិសោធនកម្ម ទីក្រុងគីហ្កាលីនៃពិធីសារ ម៉ុងរ៉េអាល់ ដែលកម្ពុជាបានផ្តល់សច្ចាប័ននៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ក្នុងក្តីសង្ឃឹមថាការកើន កម្ដៅភពផែនដី អាចត្រូវបានកាត់បន្ថយរហូតដល់ ០,៥°C នៅចុងសតវត្សរ៍នេះ តាមរយៈការត្រួតពិនិត្យ និងកាត់បន្ថយការប្រើប្រាស់ សារធាតុ HFCs នេះ។
លោកបញ្ជាក់ថា «ក្នុងន័យនេះ កម្ពុជា ប្ដេជ្ញាបន្តចូលរួមជា មួយសហគមន៍អន្តរជាតិ ក្នុងការអនុវត្តឲ្យបានជោគជ័យនូវរាល់កាតព្វកិច្ចរបស់ខ្លួន សំដៅធានាឲ្យបាននូវប្រសិទ្ធភាព នៃការកាត់បន្ថយ និងការលុបបំបាត់ ការប្រើប្រាស់សារធាតុបំផ្លាញស្រទាប់អូហ្សូន និងសារធាតុដែលមានសក្តានុពល ធ្វើឲ្យកើនកម្ដៅខ្ពស់»។
លោកសាយ សំអាល់ថា កម្ពុជាបាននិងកំពុងអនុវត្តផែនការ គ្រប់គ្រងសារធាតុ ហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន (HCFC Phase-out Management Plan) ក្នុងនោះដំណោះស្រាយប្រសិទ្ធភាពថាមពល ក្នុងការប្រើប្រាស់ឧបករណ៍ត្រជាក់ ដែលមានសក្តានុពល កម្ដៅសកលទាប ឬសូន្យ ត្រូវបានគេរំពឹងថា នឹងផ្តល់នូវអត្ថប្រយោជន៍ដល់សេដ្ឋកិច្ច ព្រមទាំងសុខភាពមនុស្ស និងសន្តិសុខ ថាមពលផងដែរ ៕