បរទេស ៖ ប្រធានាធិបតីនៃប្រទេស អ៊ីរ៉ង់ លោក Ebrahim Raisi កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការលើកឡើងថាប្រទេស អ៊ីរ៉ង់ បានត្រៀមខ្លួន រួចរាល់ហើយក្នុងការពង្រីក កិច្ចសហប្រតិបត្តិការ ជាពិសេសទៅលើវិស័យ សេដ្ឋកិច្ចជាមួយនឹងបណ្តាប្រទេស ជាសមាជិកនៃអង្គការSCO ។
លោក Raisi ដែលបានធ្វើសេចក្តីថ្លែងការណ៍បែបនេះ នៅក្នុងអំឡុងនៃ កិច្ចប្រជុំរបស់លោកជាមួយនឹង ប្រធានរដ្ឋនិងបណ្តាប្រទេស ជាសមាជិក ដែលកំពុងបំពេញ ទស្សនកិច្ច នៅក្នុងប្រទេសតាជីគីស្ថាន ។
ទោះបីជាយ៉ាងណាក្តីលោក Raisi ក៏បានលើកឡើងអំពីបញ្ហា ទណ្ឌកម្មរបស់អាមេរិកមកលើប្រទេស របស់លោកផងដែរដោយបញ្ជាក់ថា រដ្ឋាភិបាលក្រុងតេហរ៉ង់នៅតែបន្ត ដំណើរការ ក្នុងការស្វែងរកដំណោះស្រាយមួយ ដែលអាចលើកលែងទណ្ឌកម្ម ទាំងឡាយ ដែលកំពុងប្រឆាំងជាមួយនឹងខ្លួន ។
គួរឲ្យដឹងដែរថា អង្គការ SCO ឬ Shanghari Cooperation Organization ត្រូវបានបង្កើតឡើង តាំងតែពីឆ្នាំ២០០១ នៅក្នុងទីក្រុងសៀងហៃ ដោយប្រទេសចិន រួមគ្នា ជាមួយនឹងប្រទេស ផ្សេងទៀត ដែលជាសមាជិក ដូចជា កាហ្សាស្ថាន គីហ្ស៊ីស្ថាន រុស្សី តាជីគីស្ថាន អ៊ុបេគីស្ថាន ហើយមកដល់ឆ្នាំ២០១៧ ទើបមានការចូលរួម ដោយប្រទេសឥណ្ឌា និងប៉ាគីស្ថានផងដែរ និងបន្តបន្ទាប់ ដោយប្រទេស
អ៊ីរ៉ង់និងបេឡារូស ក្នុងនាមជាអ្នកអង្កេតការណ៍ ៕
ប្រែសម្រួល៖ស៊ុនលី