ព័ត៌មានអន្តរជាតិ

តៃវ៉ាន់ ស្នើឲ្យធ្វើការ ចាប់ផ្តើមឲ្យបានលឿន នូវកិច្ចពិភាក្សាជំនួញ ជាមួយសហភាពអឺរ៉ុប

បរទេស៖ រដ្ឋាភិបាលរបស់កោះតៃវ៉ាន់ តាមសេចក្តីរាយការណ៍ បានស្នើឲ្យសហភាពអឺរ៉ុប ចាប់ផ្តើមឲ្យបានលឿន នូវកិច្ចពិភាក្សាជំនួញ ក្រោយសហភាពអឺរ៉ុប បានប្តេជ្ញាស្វះស្វែងឲ្យមាន កិច្ចពិភាក្សាជំនួញមួយ ជាមួយតៃវ៉ាន់ ជារឿងដែលទីក្រុងតៃប៉ិ អន្ទះសាររង់ចាំជាយូរមកហើយ។

សហភាពអឺរ៉ុប បានដាក់បញ្ចូលកោះតៃវ៉ាន់ នៅលើបញ្ជីដៃគូជំនួញរបស់ខ្លួន សម្រាប់កិច្ចព្រមព្រៀង វិនិយោគទ្វេភាគីដ៏ធំមួយ នៅក្នុងឆ្នាំ២០១៥ គឺមួយឆ្នាំមុនពេលលោកស្រី ប្រធានាធិបតីតៃវ៉ាន់ ត្សៃ អ៊ីងវិន បានឡើងជាប្រធានាធិបតីតៃវ៉ាន់ ប៉ុន្តែមិនបានប្រារព្ធធ្វើកិច្ច ពិភាក្សាគ្នាជាមួយតៃវ៉ាន់ លើបញ្ហានេះតាំងពីពេលនោះមក។

ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រ ទើបប្រកាសថ្មីរបស់សហភាពអឺរ៉ុប ក្នុងការជំរុញបង្កើនវត្តមានរបស់ខ្លួន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលរួមមានទាំងការស្វះស្វែង រកកិច្ចពិភាក្សាជំនួញ ជាមួយកោះតៃវ៉ាន់នោះ ក្រសួងការបរទេសតៃវ៉ាន់ បាននិយាយនៅថ្ងៃសុក្រនេះថា កិច្ចពិភាក្សាគួរតែ ចាប់ផ្តើមឲ្យឆាប់រហ័ស។

គួរបញ្ជាក់ថា យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន User Wall នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋសភារបស់សហភាពអឺរ៉ូប នាពេលថ្មីៗនេះ បានផ្តល់រួចហើយ នូវការគំាទ្ររបស់ខ្លួន ចំពោះកិច្ចព្រមព្រៀង ជំនួញសហភាពអឺរ៉ុប ជាមួយនឹងកោះតៃវ៉ាន់ ៕

ប្រែសម្រួល៖ ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top