ព័ត៌មានជាតិ

សម្ដេច ស ខេង ស្នើកាត់បន្ថយប៉ូលីស ចរាចរណ៍តាមផ្លូវ តែត្រូវបំពាក់ឧបករណ៍ សម្ភារៈបច្ចេកទេស ជំនួសវិញ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឲ្យកាត់បន្ថយចំនួន នគរបាលចរាចរណ៍ តាមដងផ្លូវ ដោយជំនួសមកវិញ ដោយការបំពាក់ឧបករណ៍ សម្ភារៈ និងបច្ចេកទេស ហើយត្រូវធ្វើយ៉ាងណា ឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការអនុវត្តច្បាប់ចរាចរណ៍។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសាទី១ និងទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២១ របស់គណៈកម្មាធិការជាតិ សុវត្ថិភាព ចរាចរណ៍ផ្លូវគោក នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ សម្ដេច ស ខេង បានលើកយោបល់ ឲ្យមានការគិតការគូពិចារណា ឈានទៅឯកភាពគ្នា កាត់បន្ថយការបង្កើនកម្លាំង នគរបាលចរាចរណ៍ ដោយជំនួសមកវិញនូវឧបករណ៍ សម្ភារៈ និងបច្ចេកទេស។

សម្ដេចបញ្ជាក់ថា «ខ្ញុំសូមស្នើថា យើងគួរឯកភាគ្នាជាគោលការណ៍រួម ជាយុទ្ធសាស្ដ្ររួម យើងថា ត្រូវឈានកាត់បន្ថយនគរបាលចរាចរណ៍ ដោយជំនួយមកវិញដោយឧបករណ៍ សម្ភារៈ និងបច្ចេកទេស»។

សម្ដេចបន្ដថា «បើយើងចំណាយថវិកា ដើម្បីបំពាក់ឧបករណ៍សម្ភារៈ និងចំណាយថវិកាលើការបង្កើន កម្លាំងនគរបាល តើមួយណាមាន លក្ខណៈយុទ្ធសាស្រ្តជាង ឬមួយណាចំណេញជាង។ និយាយអ៊ីចឹង មិនមែនមានន័យថា លែងឲ្យមានកងកម្លាំង នគរបាលនោះទេ ប៉ុន្តែត្រូវបន្ថយតម្រូវការ ដោយប្រើប្រាស់ប៉ូលីសតិច តែមានប្រសិទ្ធភាពខ្ពស់ ឬប្រើមនុស្សតិច តែមានប្រសិទ្ធភាពខ្ពស់»។

សម្ដេចក៏បានគូសបញ្ជាក់ទៀតថា ប្រើប៉ូលីសតិច តែត្រូវមានប្រសិទ្ធភាពខ្ពស់ ។ សម្ដេចបានគូសបញ្ជាក់ អំពីភាពខ្វះខាតនៃការដាក់ស្លាកសញ្ញាចរាចរណ៍ ពិសេសការគូសគំនូសសញ្ញាចរាចរណ៍នៅរាជធានីភ្នំពេញ ដោយសម្ដេចបានណែនាំកុំឲ្យមើលស្រាលបញ្ហានេះ និងបានស្នើអភិបាល រាជធានីភ្នំពេញ ដឹកនាំដោះស្រាយបញ្ហាគំនូស ចរាចរណ៍នេះឲ្យបាន ពីព្រោះការងារនេះ ក៏ជាសេវាសាធារណៈចាំបាច់មួយ ជូនប្រជាពលរដ្ឋដែរ។

សូមរំលឹកថា នៅក្នុងឆមាសទី១ ឆ្នាំ២០២១ សមត្ថកិច្ចបានពិន័យយានយន្តល្មើសច្បាប់ ចំនួន១០៥.៩៩៥គ្រឿង ក្នុងនោះ ទោចក្រយានយន្ត ត្រីចក្រយានយន្ត ចំនួន៧៧.៧៩៤គ្រឿង ស្មើនឹង៧៣ភាគរយ ហើយក្នុងចំណោម៧៣ ភាគរយនោះ មាន៩០ភាគរយមិនពាក់មួកសុវត្ថិភាព ៦ភាគរយល្មើសសញ្ញាចរាចរណ៍ ២ភាគរយគ្មានស្លាកលេខ ២ភាគរយប្រើទូរសព្ទ និង ១ភាគរយទៀតស្រវឹងស្រា៕

To Top