ប៉េកាំង ៖ ប្រទេសចិន បានសម្តែងការព្រួយបារម្ភ យ៉ាងខ្លាំង ចំពោះកិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី លើនាវាមុជទឹកនុយក្លេអ៊ែរ ដោយបញ្ជាក់ ថា វាមានចេតនាបង្កើនភាពតានតឹង ក្នុងតំបន់បង្កឱ្យមានការប្រណាំង ប្រជែងអាវុធគំរាមកំហែង ដល់សន្តិភាពនិង ស្ថិរភាពក្នុងតំបន់ និងបំផ្លាញកិច្ចខិតខំប្រឹងប្រែង មិនរីកសាយភាយអាវុធ នុយក្លេអ៊ែរអន្តរជាតិ។
ឆ្លើយនឹងសំណួរសារព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃអ្នកនាំពាក្យក្រសួង ការបរទេសចិន លោក Zhao Lijian បានលើកឡើងថា សហគមន៍អន្តរជាតិជឿជាក់ថា កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងបី បង្កហានិភ័យយ៉ាងធ្ងន់ធ្ងរ ចំពោះការរីកសាយភាយ អាវុធនុយក្លេអ៊ែរ ដោយរំលោភ លើស្មារតីនៃសន្ធិសញ្ញា ស្តីពីការមិនរីកសាយភាយ អាវុធនុយក្លេអ៊ែរ (NPT)
លោកបានបន្ដថា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ទំនងជានាំចេញទៅប្រទេសអូស្ត្រាលី ដែលមានសារធាតុ អ៊ុយរ៉ានីញ៉ូមខ្ពស់ ដែលមានភាពសុទ្ធ ៩០ ភាគរយ ឬច្រើនជាងនេះ ដែលជាវត្ថុធាតុដើមនុយក្លេអ៊ែរ។
លោកបានអះអាងថា “ ក្នុងនាមជារដ្ឋគ្មាន អាវុធនុយក្លេអ៊ែរ ការទិញយកអ៊ុយរ៉ានីញ៉ូម ដែលសំបូរដោយជាតិ ខ្ពស់របស់អូស្ត្រាលី បង្កឱ្យមានការរីកសាយភាយ អាវុធនុយក្លេអ៊ែរ និងហានិភ័យសន្តិសុខ នុយក្លេអ៊ែរយ៉ាងធ្ងន់ធ្ងរ”។
ទោះយ៉ាងណាយន្តការការពារបច្ចុប្បន្នរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ មិនអាចផ្ទៀងផ្ទាត់បាននោះទេថាតើអូស្រ្តាលី នឹងប្រើសារធាតុអ៊ុយរ៉ានីញ៉ូម ដែលចម្រាញ់ខ្ពស់នៅក្នុង រ៉េអាក់ទ័រថាមពល សម្រាប់នាវាមុជទឹកនុយក្លេអ៊ែរសម្រាប់អាវុធនុយក្លេអ៊ែរ” អ្នកនាំពាក្យរូបនេះបានបន្ថែមថា ប្រទេសចិន ជឿជាក់ថាកង្វល់ទាំងនេះរបស់សហគមន៍អន្តរជាតិ គឺត្រឹមត្រូវ និងសមហេតុផលទាំងស្រុង។
លោកបានបញ្ជាក់បន្ថែមថា “ក្នុងនាមជាភាគីរដ្ឋគ្មាន អាវុធនុយក្លេអ៊ែរ ចំពោះសន្ធិសញ្ញាស្តីពី NPT និងជាភាគីនៃសន្ធិសញ្ញាតំបន់ គ្មានអាវុធនុយក្លេអ៊ែរ ប៉ាស៊ីហ្វិកខាងត្បូង ដែលគេស្គាល់ថា ជាសន្ធិសញ្ញារ៉ារ៉ូតុងហ្កា ប្រទេសអូស្រ្តាលីឥឡូវនេះ កំពុងបង្ហាញពីបច្ចេកវិទ្យា នាវាមុជទឹកនុយក្លេអ៊ែរ ដែលមានតម្លៃយុទ្ធសាស្ត្រ និងយោធា សហគមន៍អន្តរជាតិរួម ទាំងប្រទេស ជិតខាងអូស្ត្រាលី មានហេតុផលចោទ សួរពីភាពស្មោះត្រង់របស់អូស្ត្រាលី ក្នុងការគោរពការប្តេជ្ញាមិនរីក សាយអាវុធនុយក្លេអ៊ែររបស់ខ្លួន” ៕
ដោយ ឈូក បូរ៉ា