ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន បានថ្លែងថា កម្ពុជាបានប្រែក្លាយវិបត្ដិកូវីដ-១៩ ទៅជាឱកាស នៃការលើកកម្ពស់អប់រំតាមបែបឌីជីថល ព្រមទាំង រួមចំណែកលើកកម្ពស់បំណិន សតវត្សទី២១ ក្រោយពីកូវីដ វាយលុកកម្ពុជាអស់រយៈពេល ជាង២ឆ្នាំមកនេះ។
ក្នុងសន្និសីទសារព័ត៌មានស្តីពី «កម្មវិធីស្វ័យសិក្សា MoEYS E-Learning ៥ខែបន្ទាប់ពីការដាក់ឲ្យប្រើប្រាស់ ជាសាធារណៈ» នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ លោក ហង់ជួន ណារ៉ុន បានឲ្យដឹងថា ទិសដៅរបស់ក្រសួងអប់រំ បន្ដការវិនិយោគ តាមបែបឌីជីថល ដោយការបំពាក់ជាបណ្ដើរៗនូវកុំព្យូរទ័រ នៅតាមសាលារៀន ដើម្បីអនុវត្ដការអប់រំ តាមបែបចម្រុះ ផងដែរ ។
លោកបញ្ជាក់ថា «យើងវាយតម្លៃថា ២ឆ្នាំបន្ទាប់ពីកូវីដ បានវាយលុកនៅកម្ពុជា ក៏ដូចជានៅពិភពលោក យើងបានយកឱកាសនេះ ប្រែក្លាយវិបត្ដិកូវីដ ឲ្យក្លាយទៅជាឱកាសនៃការលើកកម្ពស់ការអប់រំបែបឌីជីថល ហើយក៏នឹងចូលរួមចំណែក ក្នុងការលើកកម្ពស់បំណិនសតវត្សទី២១ ដែលជាបំណិនយ៉ាងសំខាន់ ហើយលោកគ្រូ-អ្នកគ្រូ បានលិខិតខំប្រឹង ប្រែងពង្រឹងសមត្ថភាពខាងផ្នែកឌីជីថល យើងវាយតម្លៃថា កម្ពុជាបានដើរឈានទៅមុខ១០ឆ្នាំ នៅក្នុងការអភិវឌ្ឍបំណិនឌីជីថល»។
លោករដ្ឋមន្ដ្រីលើកឡើងទៀតថា កម្មវិធីស្វ័យសិក្សា MoEYS E-Learning ត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបជាមួយស្ថានភាព នៃការរីករាលដាលជំងឺកូវីដ១៩ ក៏ដូចជាការអនុវត្តទស្សនាទាន «គន្លងជីវិតថ្មី ក្នុងវិស័យអប់រំ»។ កម្មវិធីស្វ័យសិក្សា MoEYS E-Learning ក៏ជាផ្នែកមួយ នៃការរៀបចំខ្លួនដើម្បីជ្រៀតចូលក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម ៤.០ ដែលកំពុងរីកសុសសាយនៅលើពិភពលោក និងជាការបង្កើតវេទិកាបន្ថែមសម្រាប់រៀនដោយខ្លួនឯងគ្រប់ពេលវេលាគ្រប់ទីកន្លែង។
លោក បានបន្ដថា ទោះបីជាក្រសួងអប់រំ ចាប់ផ្ដើមបើកដំណើរការសាលារៀនដោយផ្ទាល់សារឡើងវិញ និងឲ្យរៀនតាមបណ្ដុំក៏ដោយ ក៏កម្មវិធីស្វ័យសិក្សានេះនៅតែអាចត្រូវបានបន្តប្រើប្រាស់ ដើម្បីលើកកម្ពស់ការអនុវត្តការសិក្សាតាមបែបចម្រុះ និងអនុវត្តវិធីសាស្ត្របង្រៀនថ្មី ដើម្បីឲ្យសិស្សចេះស្រាវជ្រាវខ្លួនឯង និងធ្វើស្វ័យសិក្សាដើម្បីពង្រឹងគុណភាពអប់រំ និងលើកកម្ពស់បំណិន នាសតវត្សរ៍ទី២១។
នាឱកាសនោះ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ការសិក្សាបែបឌីជីថល និងការរីកចម្រើននៃបច្ចេកវិទ្យាថា «យើងមិនអាចព្រងើយកន្តើយចំពោះការចូលមកដល់បរិបទបដិវត្តន៍ឧស្សាហកម្មទី៤ បានទេ ព្រោះវាអាចជាឱកាសផង និងហានិភ័យផង។ ប្រសិនណាបើយើងមិន ចាប់ឱកាសនេះឲ្យជាប់នោះទេ យើងនឹងអាចបាត់បង់វាក្នុងមួយប៉ប្រិចភ្នែក»។
លោកជឿជាក់ថា កម្មវិធីស្វ័យសិក្សា MoEYS E-Learning នេះគឺជាផ្នែកមួយនៃការជួយជំរុញការអនុវត្តការរៀន និងបង្រៀន និងការអនុវត្តប្រចាំថ្ងៃដើម្បីផ្សារភ្ជាប់ទៅ នឹងការលូតលាស់នៃបច្ចេកវិទ្យាទាំងអស់នោះ៕