ភ្នំពេញ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា វ៉ាក់សាំងកូវីដ-១៩ ប្រភេទ ស៊ីណូវ៉ាក់ ចំនួន៣លានដូសទៀត នឹងដឹកមកដល់កម្ពុជា នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២១ស្អែកនេះ។នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា។
វ៉ាក់សាំងទាំងនេះ ទុកសម្រាប់ ចាក់ជូន កុមារអាយុ ៦ ឆ្នាំ ដល់ ១២ ឆ្នាំ និងសម្រាប់ចាក់ដូសជំរុញ ជូនមនុស្សពេញវ័យ។
លោកស្រីបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ ទាំងវ៉ាក់សាំងជំនួយ និងការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា កម្ពុជាយើងមានវ៉ាក់សាំងនៅក្នុងដៃសរុបចំនួន ៣៥លាន ៥សែនដូសហើយ។
លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ទៀតថា នៅក្នុងខែតុលា ឆ្នាំ ២០២១ ខាងមុខនេះ កម្ពុជានឹង ទទួលបានវ៉ាក់សាំងជាជំនួយរបស់មិត្តចិន ជូនរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ចំនួន ៣លានដូសបន្ថែមទៀត ផងដែរ។
សូមជម្រាបថា ជាមួយនឹងការផ្តល់ជំនួយ យ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់ការអភិវឌ្ឍប្រទេសកម្ពុជា ចិនបានក្លាយជាប្រទេសបង្អែក ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រទេសកម្ពុជា។ មកដល់ពេលនេះ ប្រទេសកម្ពុជាទទួល បានវ៉ាក់សាំងបង្ការការពារមេរោគកូវីដ-១៩ ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងប្រជាជនចិនចំនួន ២៦លាន ៨សែនដូសហើយ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៨,៨០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៩,០៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៧៨,៦៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕