ព័ត៌មានអន្តរជាតិ

រុស្ស៊ីព្រួយបារម្ភថា កិច្ចព្រមព្រៀង AUKUS នឹងអនុញ្ញាតឲ្យ អូស្ត្រាលី ចូលទៅក្នុងក្លិប នាវាមុជទឹកនុយក្លេអ៊ែ

បរទេស៖ ប្រទេសរុស្ស៊ីបាននិយាយ នៅថ្ងៃសុក្រសប្ដាហ៍នេះថា ខ្លួនមានក្តីព្រួយបារម្ភថា កិច្ចព្រមព្រៀងការពារជាតិ AUKUS រវាងអូស្ត្រាលី អង់គ្លេសនិងសហរដ្ឋអាមេរិក នឹងអនុញ្ញាតឲ្យអូស្ត្រាលី ចូលក្នុងក្រុមប្រទេស ដែលប្រតិបត្តិការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែ។ 

ទីក្រុងមូស្គូបាននិយាយនៅដើមសប្ដាហ៍នេះថា ខ្លួនកំពុងស្វែងរកព័ត៌មានបន្ថែម ស្តីពីកិច្ចព្រមព្រៀងនោះ ហើយនៅថ្ងៃសុក្រម្សិលមិញនេះ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បាននិយាយថា លោកបានមើលឃើញថា វាជាឧបសគ្គមួយ ចំពោះការមិនសាយភាយនុយក្លែអ៊ែសកល។ 

លោក Sergei Ryabkov បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងក៏មានក្តីព្រួយបារម្ភ ស្តីពីភាពជាដៃគូដែលនឹងអនុញ្ញាតឲ្យអូស្ត្រាលី ក្រោយការប្រឹក្សាគ្នារយៈពេល១៨ខែនិងការប៉ុនប៉ងជាច្រើនឆ្នាំ នឹងទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែ ក្នុងចំនួនគ្រប់គ្រាន់ ក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសកំពូលទាំង៥ សម្រាប់អាវុធប្រភេទនេះ”។ 

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News បានឲ្យដឹងថា លោកអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះ បាននិយាយបន្តថា “នេះគឺជាបញ្ហាប្រឈមដ៏ធំមួយ ចំពោះច្បាប់មិនសាយភាពអាវុធនុយក្លេអ៊ែអន្តរជាតិ”។ 

គួរបញ្ជាក់ថា កិច្ចព្រមព្រៀង៣ភាគី ដែលអូស្ត្រាលីនឹងទទួលបានបច្ចេកវិទ្យានាវាមុជទឹកនុយក្លេអ៊ែ ពីសហរដ្ឋអាមេរិកនោះ បានធ្វើឲ្យប្រទេសបារាំងខឹងជាខ្លាំង និងធ្វើឲ្យប្រទេសចិនមានក្តីព្រួយបារម្ភ ចាប់តាំងពីវាត្រូវទីក្រុងវ៉ាស៊ីនតោន ទីក្រុងឡុងដ៍ និងទីក្រុងកង់ប៉េរ៉ា ប្រកាសកាលពីខែមុន៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top