ព័ត៌មានអន្តរជាតិ

អាមេរិក សន្យាចាត់គ្រប់ វិធានការចាំបាច់ទាំងអស់ ជាមួយចិន ដើម្បីការពារ ផលប្រយោជន៍ របស់ខ្លួនឱ្យ “ដល់ចំណុចកំពូល”

បរទេស៖ សហរដ្ឋអាមេរិក បានសន្យាវិធីសាស្រ្តថ្មីមួយចំពោះទំនាក់ទំនងពាណិជ្ជកម្ម ជាមួយចិនដោយនិយាយថា ខ្លួននឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារផលប្រយោជន៍ អាមេរិក ឱ្យ “ដល់ចំណុចកំពូល” ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា លោកស្រី Katherine Tai តំណាងពាណិជ្ជកម្មអាមេរិក បាននិយាយថា លោកស្រីនឹងស្វែងរកកិច្ចចរចាថ្មីជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង ជុំវិញការខកខានមិនបានរក្សាការសន្យា ដែលបានធ្វើនៅក្នុងផ្នែកដំបូង នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានធ្វើជាមួយ លោកដូណាល់ត្រាំ។

លោកស្រីបន្តថា លោកស្រីក៏មិនច្រានចោល ការដាក់ពន្ធពាណិជ្ជកម្មបន្ថែមទៀតនោះដែរ។ ទោះយ៉ាងណាក៏ដោយ អាមេរិកនឹងទម្លាក់ផែនការធ្វើឱ្យចិនធ្វើកំណែទម្រង់“ សេដ្ឋកិច្ចមិនមែនទីផ្សារ” ។

ផ្ទុយទៅវិញលោកស្រី Katherine Tai បាននិយាយថា អាមេរិកត្រូវតែមានការប្រកួតប្រជែងជាងមុន នៅពេលដែលសេដ្ឋកិច្ចចិនកំពុងរីកចម្រើន។

លោកស្រីបានប្រាប់សន្និសីទ ខ្លីមួយនៅទីក្រុងវ៉ាស៊ីនតោនថា «វា យូរពេកហើយ ការខ្វះការប្រកាន់ខ្ជាប់ របស់ចិនចំពោះបទដ្ឋានពាណិជ្ជកម្មពិភពលោក បានកាត់បន្ថយភាពរុងរឿង របស់ជនជាតិអាមេរិក និងអ្នកដទៃទៀត នៅជុំវិញពិភពលោក” ។

លោកស្រី Katherine Tai បញ្ជាក់ថា «យើងត្រូវតែការពារដើម្បីផលប្រយោជន៍សេដ្ឋកិច្ចរបស់យើង … មានន័យថា យើងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារខ្លួនយើងពីរលកនៃការខូចខាតដែលបានកើតឡើង ជាច្រើនឆ្នាំមកហើយតាមរយៈការប្រកួតប្រជែង មិនយុត្តិធម៌»៕

ប្រែសម្រួលៈ ណៃ តុលា

To Top