ព័ត៌មានជាតិ

រដ្ឋាភិបាលហ្វីលីពីន និងក្រុមឧទ្ទាមកុម្មុយនីស្ត ព្រមព្រៀងឈប់បាញ់គ្នា នៅថ្ងៃបុណ្យណូអែល

ម៉ានីល៖ វិមានប្រធានាធិបតីហ្វីលីពីន បានបញ្ជាក់ថា រដ្ឋាភិបាល និងក្រុមឧទ្ទាមកុម្មុយនិស្ត បានយល់ព្រម ចំពោះការផ្តល់អនុសាសន៍ បទឈប់បាញ់គ្នា នៅថ្ងៃឈប់សម្រាក ដើម្បីត្រៀម សម្រាប់ការបន្តកិច្ចចរចាសន្តិភាព។

យោងតាមសារព័ត៌មាន Philstar ចេញផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍រួមរបស់រដ្ឋាភិបាល និងរណសិរ្សប្រជាធិបតេយ្យជាតិ (NDF) បានប្រកាសតាមអ៊ិនធឺរណែត ដោយមេដឹកនាំក្រុមកុម្មុយនិស្ត Jose Maria Sison ថា ក្រុមសន្តិភាពនៃគណបក្សទាំងពីរ នឹងណែនាំដល់គោលការណ៍រៀងៗខ្លួន របស់ពួកគេនៃការចេញ “បទឈប់បាញ់ទូទាំងប្រទេស ជាឯកតោភាគី ទៅវិញទៅមក” ចាប់ពីថ្ងៃទី ២៣ ខែធ្នូដល់ថ្ងៃទី ៧ ខែមករា ។

សេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី ២១ ខែធ្នូ ត្រូវបានចុះហត្ថលេខា ដោយលេខាធិការការងារ លោក Silvestre Bello III អ្នកចរចារដ្ឋាភិបាលលោក Hernani Braganza ទីប្រឹក្សាជាន់ខ្ពស់របស់ NDF លោក Luis Jalandoni និងប្រធាន NDF លោក Fidel Agcaoili ។

អ្នកសម្របសម្រួលភាគីទីបី តំណាងឱ្យរាជរដ្ឋាភិបាលន័រវែស ក៏បានចូលរួមក្នុងការចុះហត្ថលេខា ជាសាក្សីផងដែរ៕ ប្រែសម្រួលៈ ណៃ តុលា

To Top