ព័ត៌មានជាតិ

សេចក្តីព្រាងច្បាប់ វិសោធនកម្មរដ្ឋធម្មនុញ្ញ កំណត់សញ្ជាតិខ្មែរតែមួយរបស់ប្រធានរដ្ឋសភា, ព្រឹទ្ធសភា, រាជរដ្ឋាភិបាល និងក្រុមប្រឹក្សាធម្មនុញ្ញ ឆ្លងផុតគណៈរដ្ឋមន្រ្តី (Video)

ភ្នំពេញ ៖ “សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ មាត្រា១០៦ ថ្មី(មួយ) មាត្រា១១៩ ថ្មី និងមាត្រា១៣៧ ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានាដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ” ក្នុងការកំណត់សញ្ជាតិតែមួយរបស់ប្រធានរដ្ឋសភា, ព្រឹទ្ធសភា, រាជរដ្ឋាភិបាល និងក្រុមប្រឹក្សាធម្មនុញ្ញ បានឆ្លងផុតគណៈរដ្ឋមន្រ្តីហើយនៅព្រឹកថ្ងៃ៨ តុលានេះ ។

កិច្ចប្រជុំគណៈរដ្ឋមន្រ្តីពេញអង្គដែលបានធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានោះបានអនុម័ត និងកែសម្រួលពាក្យពេជន៍មួយចំនួនផងដែរ ។ នេះបើយោងតាមហ្វេសប៊ុករបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល។ 

រដ្ឋសភា, ព្រឹទ្ធសភា, រាជរដ្ឋាភិបាល និងក្រុមប្រឹក្សាធម្មនុញ្ញ គឺជាស្ថាប័នកំពូលរបស់ជាតិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានិងមានការទទួលខុសត្រូវក្នុងការសម្រេចលើកិច្ចការសំខាន់ៗដែលជាអាយុជីវិតរបស់ប្រទេសជាតិ សំដៅធានាការពារឯករាជ្យជាតិ អធិប តេយ្យជាតិ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា, ឧត្តមប្រយោជន៍ជាតិ និងប្រជាជន កម្ពុជា និងការប្រឆាំងដាច់ខាតនឹងការជ្រៀតជ្រែកពីបរទេសចូលក្នុងកិច្ចការផ្ទៃក្នុង របស់ជាតិ ឬ ការបង្គាប់បញ្ហាចំពោះគោលនយោបាយជាតិ និងអន្តរជាតិរបស់កម្ពុជា។ 

ផ្អែកលើមូលដ្ឋាននេះ ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា, នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញសុទ្ធតែត្រូវបានកំណត់ឲ្យមានកាតព្វកិច្ចត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង នៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ ព្រះភ័ក្ត្រនៃសម្តេចព្រះសង្ឃរាជ និងទេវតារក្សាស្វេតច្ឆត្រ ដោយត្រូវសច្ចាប្តេជ្ញាជាដាច់ខាតក្នុងការអនុវត្តកាតព្វកិច្ចស្មោះត្រង់ចំពោះជាតិ និងការការពារឧត្តមប្រយោជន៍ដែលជាអាយុជីវិតរបស់ជាតិ និងប្រជាជនកម្ពុជា។ ទន្ទឹមនេះ រដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់ដែលមានការពាក់ព័ន្ធក៏បានតម្រូវឲ្យតំណាងរាស្ត្រ, សមាជិកព្រឹទ្ធសភា, នាយករដ្ឋមន្ត្រី និងសមាជិកក្រុមប្រឹក្សា ធម្មនុញ្ញទាំងអស់ ត្រូវតែមានសញ្ជាតិខ្មែរតាំងពីកំណើត។ បន្ថែមពីនេះ ប្រធាន អនុប្រធាន និងសមាជិកទាំងអស់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជាស្ថាប័នមានចែងក្នុងរដ្ឋធម្មនុញ្ញផងដែរនោះ ក៏ត្រូវបានច្បាប់កំណត់ឲ្យត្រូវតែមានសញ្ជាតិខ្មែរពីកំណើត និងមានសញ្ជាតិខ្មែរតែមួយគត់ ដើម្បីធានាការបំពេញភារកិច្ចរបស់ខ្លួនទាក់ទងនឹងការងារបោះឆ្នោតដែលជាស្នូលនៃដំណើរការប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ប្រព្រឹត្តទៅដោយឯករាជ្យ ដើម្បីធានាការពារ ឧត្តមប្រយោជន៍ជាតិពីការជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុង ទាក់ទងនឹងកិច្ចដំណើរការបោះឆ្នោតពីខាងក្រៅ។

ដើម្បីធានាបានឱឡារិកភាពទាំងខាងផ្លូវច្បាប់ ទាំងខាងនយោបាយ ចំពោះគោលជំហរនិងការ ប្តេជ្ញាចិត្តស្មោះត្រង់ឥតងាករេចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា នៅគ្រប់កាលៈទេសៈ ទាំងអស់ និងដើម្បីធានាការពារឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជាពីការជ្រៀតជ្រែកពីបរទេស, និងដោយយោងតាមមាត្រា ១៥៣ ថ្មី (ពីរ) នៃរដ្ឋធម្មនុញ្ញកម្ពុជា រាជរដ្ឋាភិបាលស្នើធ្វើវិសោធនកម្មមាត្រា១៩ ថ្មី មាត្រា៨២ ថ្មី មាត្រា១០៦ ថ្មី (មួយ) មាត្រា១១៩ ថ្មី និងមាត្រា១៣៧ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័ន ជាតិ សំដៅចារឹកគោលការណ៍គ្រឹះទាំងនេះចូលទៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់គ្រឹះ និងជាច្បាប់កំពូលរបស់ជាតិ ដោយកំណត់ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា, នាយករដ្ឋមន្ត្រីនិងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែជាឥស្សរជនដែលមាន “សញ្ជាតិខ្មែរតែមួយគត់”៕

To Top