ភ្នំពេញ៖ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានជំរុញឲ្យប្រពន្ធ័ផ្សព្វផ្សាយ ធ្វើការផ្សាយ ឲ្យបានកាន់តែទូលំទូលាយ បន្ថែមទៀត ទាក់ទងនឹងបញ្ហាព្រំដែនកម្ពុជា ដើម្បីកុំឲ្យបងប្អូនប្រជាពលរដ្ឋ មានការយល់ច្រឡំ មកលើរាជរដ្ឋាភិបាល។ នេះបើយោងតាមAKP។
ក្នុងឱកាស នៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ ជាមួយថ្នាក់ដឹកនាំ ក្រសួងព័ត៌មាននៅថ្ងៃទី២៣ ខែឆ្នូ ឆ្នាំ២០១៩ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញឲ្យប្រព័ន្ធផ្សផ្សាយ វិទ្យុ ទូរទស្សន៍ និងទីភ្នាក់ងារសារព័ត៌មាន កម្ពុជា (AKP) ធ្វើការផ្សាយ ឲ្យបានកាន់តែទូលំទូលាយ បន្ថែមទៀត ទាក់ទងនឹងបញ្ហាព្រំដែន ពិសេស ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់បានលើកឡើង ពីបញ្ហាព្រំដែននេះ កាលពីពេលកន្លងមក។
លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ទោះបីជាមានការបកស្រាយ ពន្យល់យ៉ាងនេះក្តី ក៏ប៉ុន្តែក្រុមប្រឆាំង នៅតែធ្វើមិនដឹង មិនយល់ ហើយបង្វែរទៅជារឿងនយោបាយ ចោទប្រកាន់មកប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាត់ទឹកដី អោយទៅបរទេសទៅវិញ។ ដូច្នេះ ត្រូវធ្វើការបកស្រាយ និងពន្យល់អោយបានច្បាស់លាស់ ទាំងលើទិដ្ឋភាពច្បាប់ និងឯកសារផ្សេងៗ ដើម្បីកុំអោយបងប្អូនប្រជាពលរដ្ឋ មានការយល់ច្រឡំ មកលើរាជរដ្ឋាភិបាល តាមរយៈការផ្សាយ សំលេង រូបភាព និងអក្សរ ទៅក្នុងគ្រប់ប្រពន្ធ័ផ្សព្វផ្សាយទាំងអស់ អោយសាធារណៈជនបាន ដឹង និងគិតពិចារណាបានគ្រប់ជ្រុងជ្រោយ។
គួររំលឹកដែរថា សម្ដេចតេជោ ធ្លាប់បានអះអាងថា ប្រទេសកម្ពុជា មិនមានបាត់បង់ដីបន្ដិចណានោះទេ ពោលបើផ្អែកតាមតួលេខ ដែលគេតែងចាំរត់មាត់ ចំនួន១៨១,០៣៥គីឡូម៉ែត្រក្រឡា ហើយបានកត់ត្រាទុក ក្នុងគេហទំព័រ របស់អង្គការសហប្រជាជាតិ បើធៀបជាមួយតួលេខជាក់ស្ដែង គឺមានចំនួនលើស អ្វីដែលបានកត់ត្រាទុកកន្លងមកទៀត៕