បរទេស ៖ កិច្ចព្រមព្រៀងហេដ្ឋារចនា សម្ព័ន្ធសម្រាប់រ៉ែរបស់ចិន នៅទូទាំងទ្វីបអាហ្វ្រិក កំពុងស្ថិត ក្រោមការត្រួតពិនិត្យ កាន់តែខ្លាំងឡើងចំពេលមានការព្រួយបារម្ភថា ផលប្រយោជន៍ ដែលបានសន្យាមិនបានសម្រេច ។
យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ប្រធានាធិបតីលោក Felix Tshisekedi នាពេលថ្មីៗនេះ បានបញ្ជាឱ្យចរចាឡើងវិញ នូវកិច្ចព្រមព្រៀងតម្លៃ ៦ ពាន់លានដុល្លារ រវាងក្រុមហ៊ុនពាណិជ្ជកម្មទំនិញរដ្ឋ និងក្រុមហ៊ុនរ៉ែ Gecamines ជាមួយសម្ព័ន្ធក្រុមហ៊ុនចិន ដឹកនាំដោយ Sinohydro និងសាជីវកម្ម China Railway Engineering Corporation ដើម្បីអភិវឌ្ឍន៍រ៉ែ ទង់ដែងនិងរ៉ែលោហ កូប័ល ។
រដ្ឋាភិបាលទីក្រុង Kinshasa របស់ប្រទេសកុងហ្គោ បានអះអាងថា ខ្លួនមិនទទួលបានអត្ថប្រយោជន៍ច្រើន ពីការរៀបចំនេះទេ ប៉ុន្តែទីក្រុងប៉េកាំងនិយាយថា ខ្លួនបានសាងសង់គម្រោង ជាច្រើននៅក្នុងប្រទេសអាហ្វ្រិកកណ្តាល ទោះបីជាមានឧបសគ្គរួមទាំងកង្វះថាមពល ដើម្បីអភិវឌ្ឍន៍ អណ្តូងរ៉ែក៏ដោយ។
គម្រោងស្រដៀងគ្នា មួយទៀត គឺកិច្ចព្រមព្រៀងបុកស៊ីត (សមាសធាតុគីមី) សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ នៅប្រទេសហ្កាណា ក្រោមការវិនិយោគ របស់ក្រុមហ៊ុនចិន Sinohydro Corp ដែលបានគ្រប់គ្រងដោយរដ្ឋ ក្នុងទឹកប្រាក់ ២ ពាន់លានដុល្លារ លើហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ ផ្ទះសម្បែង និងអគ្គិសនីនៅជនបទ ។
ជាថ្នូរ, ប្រទេសហ្កាណា នឹងប្រើប្រាក់ដែលទទួលបានពីការ លក់រ៉ែបុកស៊ីត ដែលជារ៉ែសំខាន់ដែលប្រើ ដើម្បីផលិតអាលុយមីញ៉ូម បុកស៊ីតចម្រាញ់ និងអាលុយមីញ៉ូម ដើម្បីសងប្រាក់កម្ចី ។ ក្នុងនាមជាវត្ថុបញ្ចាំ ប្រទេសហ្កាណា បានយល់ព្រមបង្កើតគណនី ប្រាក់កម្ចីនៅឯនាយសមុទ្រ សម្រាប់ទទួលបានចំណូល ដែលបានមកពីការលក់បុកស៊ីត ។
យោងតាមការសិក្សាមួយ នៅក្នុងខែមិថុនា ដោយលោក Luis Scungio អ្នកស្រាវជ្រាវ គណនេយ្យភាព សាជីវកម្ម និងជាទីប្រឹក្សា នៅមជ្ឈមណ្ឌលស្រាវជ្រាវ សាជីវកម្មពហុជាតិ គឺថា កិច្ចព្រមព្រៀងបែបនេះ “ឆ្លុះបញ្ចាំងពីការអភិវឌ្ន៍ នៃការអភិវឌ្ន៍ នៃប្រទេស ម្ចាស់ផ្ទះមួយចំនួន ដែលមានធនធានធម្មជាតិ យ៉ាងសំខាន់ រួមជាមួយតម្រូវការផ្លូវថ្នល់ រោងចក្រថាមពល សាលារៀន និងហេដ្ឋារចនា សម្ព័ន្ធផ្សេងទៀត” ។ ការសិក្សានេះបាននិយាយថា ប្រទេសចិនខ្វះធនធានធម្មជាតិ ប៉ុន្តែមានបទពិសោធន៍ច្រើន ក្នុងការសាងសង់ ។ វាក៏បាននិយាយផងដែរថា ប្រទេសចិនបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងស្រដៀងគ្នានេះ ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ នៅពេលដែលជប៉ុនត្រូវការវត្ថុធាតុដើម និងប្រេងពីប្រទេសចិន ដែលកំពុងអភិវឌ្ឍន៍ ៕ប្រែសម្រួលៈ ណៃ តុលា