សិង្ហបុរី៖ ក្រសួងសុខាភិបាល សិង្ហបុរី បានឲ្យដឹងនៅក្នុង សេចក្តីប្រកាសព័ត៌មាន មួយថា សិង្ហបុរីបានរាយការណ៍ករណីថ្មី នៃជំងឺកូវីដ-១៩ ចំនួន ៣,៤៤៥ ករណី ដែលធ្វើឱ្យចំនួន អ្នកឆ្លងសរុប នៅក្នុងប្រទេសកើនឡើងដល់ ១៤១,៧៧២ ករណី។
ក្នុងចំណោម ករណីថ្មីចំនួន ២,៨២៣ករណី ជាករណីចម្លងជំងឺស្ថិតនៅក្នុងសហគមន៍ ៦២០ ករណីស្ថិតនៅក្នុងអន្តេវាសិកដ្ឋាន ចំណាកស្រុកនិង ២ ករណីទៀតនាំចូលពីក្រៅប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
ក្រសួងបានឲ្យដឹងថា បច្ចុប្បន្ននេះមានករណីសរុបចំនួន ១,៥៩៣ករណី ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យដោយមានជំងឺធ្ងន់ធ្ងរចំនួន ៣២២ករណី ដែលត្រូវការការបន្ថែមអុកស៊ីសែននិង ៤៨ ករណីស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅក្នុងអង្គភាពថែទាំបន្ទាន់។
ក្រៅពីនេះមានករណីចំនួន ៨ ទៀតបានស្លាប់ដោយសារផលវិបាកដោយសារការឆ្លងមេរោគកូវីដ-១៩ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារផលវិបាកដែលបណ្តាលមកពីការឆ្លងមេរោគកូវីដ-១៩ កើនឡើងដល់ ២១៥ នាក់។
គួរបញ្ជាក់ថា ប្រទេសសិង្ហបុរីមាន ៨៤ ភាគរយនៃប្រជាជនក្នុងតំបន់បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួនពីរដូស ហើយ ៨៥ ភាគរយបានទទួលយ៉ាងហោចណាស់មួយដូស៕
ដោយ ឈូក បូរ៉ា