បរទេស៖ មន្ត្រីការទូតកូរ៉េខាងត្បូងមួយរូប តាមសេចក្តីរាយការណ៍ បាននិយាយថា រដ្ឋាភិបាលរុស្ស៊ី បានបង្ហាញនូវការគាំទ្រ សម្រាប់ការប្រកាសជាផ្លូវការបញ្ចប់សង្គ្រាមកូរ៉េ នៅក្នុងអំឡុងកិច្ចពិភាក្សាគ្នានៅទីក្រុងមូស្គូ។
លោក Noh Kyu-duk ដែលជាប្រធានប្រេសិតនុយក្លេអ៊ែរបស់ប្រទេសកូរ៉េខាងត្បូង បានជួបគ្នាជាមួយលោក Igor Morgulov អនុរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ ពិភាក្សាគ្នាអំពីបញ្ហាសន្តិភាពនៅលើឧបទ្វីបកូរ៉េ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Noh Kyu-duk បាននិយាយប្រាប់អ្នកសារព័ត៌មានថា រដ្ឋាភិបាលរុស្ស៊ីមើលឃើញការបញ្ចប់សង្គ្រាមជាផ្លូវការថា ជាវិធានការកសាងទំនុកចិត្ត។
ប្រធានប្រេសិតនុយក្លេអ៊ែរ បស់ប្រទេសកូរ៉េខាងត្បូងរូបនេះ បានមានប្រសាសាន៍បន្តទៀតថា លោក Igor Morgulov បានធ្វើការបញ្ជាក់ជាថ្មី នូវការប្តេជ្ញារបស់រដ្ឋាភិបាលរុស្ស៊ី ក្នុងការធ្វើតួនាទីដ៏មានអំណោយផលល្អ សម្រាប់ដំណើរវិវត្តទៅមុខ នៅក្នុងដំណើរការសន្តិភាពលើឧបទ្វីបកូរ៉េ៕
ប្រែសម្រួល៖ប៉ាង កុង