ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ព្រមានអំពីគ្រោះថ្នាក់ នៃការពន្លឿនកម្មវិធីនុយក្លេអ៊ែរ របស់អ៊ីរ៉ង់

វ៉ាស៊ិនតោន៖ រដ្ឋមន្ត្រីក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ Faisal bin Farhan កាលពីថ្ងៃសៅរ៍ម្សិលមិញនេះបានធ្វើការលើកឡើងថាបញ្ហាពន្លឿននៃកិច្ចការងារ អភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់ ប្រទេសអ៊ីរ៉ង់នឹងក្លាយទៅជាហនិភ័យបំផុតសម្រាប់ សកលលោក។

ថ្លែងនៅក្នុងសន្និកាសែតមួយនៅក្នុងទីក្រុងវ៉ាស៊ិនតោន ពោលគឺមួយថ្ងៃបន្ទាប់ពីមានកិច្ចប្រជុំជាមួយនឹងរដ្ឋមន្ត្រីក្រសួង ការបរទេសអាមេរិកលោក Antony Blinken ព្រះអង្គម្ចាស់ bin Farhan បានអំពាវនាវឲ្យមានការផ្អាកជាបន្ទាន់ចំពោះសកម្មភាពល្មើសច្បាប់របស់អ៊ីរ៉ង់ក្នុងកិច្ចការងារអភិវឌ្ឍនុយក្លេអ៊ែររបស់ខ្លួន។

ក្នុងនោះផងដែររដ្ឋមន្ត្រីការបរទេសរូបនេះ ក៏បានស្នើសុំឲ្យមានការជួបពិភាក្សាគ្នាដោយផ្ទាល់វិញយ៉ាងប្រញាប់ប្រញ៉ាល់ផងដែររវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ព្រមទាំងបណ្តាលប្រទេសមហាអំណាច ដើម្បីអាចបន្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ឡើងវិញ។

ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahmi Raisi ដែលទើបតែឡើងកាន់តំណែងកាលពីខែសីហាមកដល់ពេលនេះបាន បដិសេធមិនព្រមក្នុងការបន្តកិច្ចពិភាក្សា គ្នាឡើងវិញជាមួយនឹងអាមេរិកដែល គ្រោងនឹងធ្វើឡើងនៅក្នុងទីក្រុងVienna នៅឡើយទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top