ព័ត៌មានអន្តរជាតិ

ករណីលិចនាវា ១គ្រឿង នៅប្រេស៊ីល សេចក្តីរាយការណ៍ដំបូង ស្លាប់និងបាត់ខ្លួន៧នាក់

រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរក្នុងស្រុកបានរាយការណ៍ កាលពីសៅរ៍ថា ស្លាប់តិចបំផុត៦នាក់ និងម្នាក់ផ្សេងទៀត កំពុងបាត់ខ្លួន បន្ទាប់ពីលិចនាវាមួយគ្រឿង នៅទន្លេ Paraguay River នៅភាគកណ្តាល-ខាងលិចនៃប្រទេសប្រេស៊ីល នៅរដ្ឋ Mato Grosso ។

ព្រឹត្តិការណ៍នេះ បានកើតឡើង កាលពីរសៀលថ្ងៃសុក្រ នៅគ្រាដែលមានខ្យល់ បោកបក់ខ្លាំង បង្កឲ្យលិចនាវាដែលផ្ទុកមនុស្ស ២១នាក់ ភាគច្រើនអ្នកទេសចរ ដែលបានចាកចេញពី Rio Verde រដ្ឋ Goias កាលថ្ងៃទី៨ ខែតុលា ។
ជនរងគ្រោះទាំង៦នាក់ សុទ្ធតែជាបុរស ហើយ៤នាក់ជាអ្នកមកពីគ្រួសារដូចគ្នា ។

ទូកបានស្ថិតនៅចម្ងាយប្រមាណ១០គីឡូម៉ែត្រពីក្រុង Corumba និងមនុស្សចំនួន១៤នាក់នៅលើនាវា មានសមត្ថភាពហែលទឹកប្រកបដោយសុវត្ថិភាព ។ ក្រុមជួយសង្គ្រោះ បានរកឃើញសាកសព ចំនួន៥នាក់ កាលពីថ្ងៃសៅរ៍ និងរកឃើញសាកសព បន្ថែមទៀតចំនួន១នាក់ កាលពីយប់ថ្ងៃសុក្រ ។ អ្នកផ្សេងទៀតកំពុងបាត់ខ្លួន ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top