ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីផ្ដោតលើគោលនយោបាយ ចំនួន៤០លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកលទ្ធភាពទទួលបានឥណទាន ក្នុងចំណោមសហគ្រាសធុនតូច និងមធ្យម (MSMEs) និងអនុវត្តកំណែទម្រង់ ដើម្បីជំរុញស្ថិរភាពហិរញ្ញវត្ថុ និងធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ វិស័យហិរញ្ញវត្ថុ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា វាជាកម្មវិធីរងទី៣ នៃកម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន បន្ទាប់ពីកម្មវិធីរងចំនួន២ពីមុនដែលត្រូវបានអនុវត្តពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៩ ដើម្បីជួយកម្ពុជា អភិវឌ្ឍវិស័យហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព និងស្ថិរភាពតាមរយៈការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងស្ថិរភាពហិរញ្ញវត្ថុ។
លោកស្រី Benita Ainabe អ្នកឯកទេសផ្នែកហិរញ្ញវត្ថុ របស់ធនាគារអភិវឌ្ឍន៍អាស៊ី បានថ្លែងថា «រាជរដ្ឋាភិបាលកម្ពុជា បានបោះជំហានយ៉ាងសំខាន់ ក្នុងការរក្សាស្ថិរភាពហិរញ្ញវត្ថុ និងធ្វើឲ្យការគ្រប់គ្រងវិបត្តិមានភាពប្រសើរឡើង ក្នុងពេលមានជំងឺរាតត្បាតកូវីដ១៩។ តាមរយៈកម្មវិធីរងថ្មីនេះ រាជរដ្ឋាភិបាល បានអនុម័តច្បាប់សំខាន់ៗដែលគាំទ្រដល់យុទ្ធសាស្រ្តបរិយាប័ន្នហិរញ្ញវត្ថុជាតិ និងបានផ្តួចផ្តើម គំនិតជាច្រើន ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញវត្ថុ រួមទាំងគម្រោងធានា ឥណទានសាធារណៈ (public credit guarantee scheme) សម្រាប់សហគ្រាសធុនតូច និងមធ្យមដំបូងគេនៅកម្ពុជាផងដែរ»។
សេចក្តីប្រកាសបន្តថា នៅកម្ពុជាលទ្ធភាពទទួលបានផលិតផល និងសេវាកម្មហិរញ្ញវត្ថុ សម្រាប់ពលរដ្ឋក្រីក្រ នៅមានកម្រិត ហើយចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅទាប។ មានតែ ២១.៧% នៃប្រជាពលរដ្ឋពេញវ័យរបស់ប្រទេស ប៉ុណ្ណោះដែលមានគណនីធនាគារ ហើយ MSMEs ប្រឈមការលំបាកដើម្បីទទួល បានហិរញ្ញប្បទាន និងធានារ៉ាប់រងខ្នាតតូច។ អាជីវកម្ម ជារឿយៗ ត្រូវបានរារាំងដោយលទ្ធភាពទទួលបានហិរញ្ញវត្ថុរយៈពេល វែងដោយសារកង្វះវត្ថុបញ្ចាំ ការមិនទាន់ទទួលបានការ គាំទ្រពីរាជរដ្ឋាភិបាល ដូចជាសម្រាប់ការធានា និងអនក្ខរភាពហិរញ្ញវត្ថុ។ មានតែប្រជាពលរដ្ឋកម្ពុជា ១៨% ប៉ុណ្ណោះដែលត្រូវបាន ចាត់ទុកថាមានចំណេះ ដឹងផ្នែកហិរញ្ញវត្ថុ៕