បរទេស៖ កាសែត Financial Times បានរាយការណ៍មុននេះថា ការសាកល្បង យានយន្ដហោះលឿន ជាងសំឡេង ដោយប្រទេសចិននៅរដូវក្តៅនេះ “ បានធ្វើឱ្យរដ្ឋាភិបាលអាមេរិកមានការភ្ញាក់ផ្អើល” ខណៈដែលវាបានបង្ហាញ ពីភាពជឿនលឿនដ៏អស្ចារ្យ ដែលរដ្ឋាភិបាលទីក្រុងប៉េកាំង សម្រេចបាននៅក្នុងតំបន់នេះ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បាននិយាយថា ប្រទេសចិនមិនបានធ្វើការសាកល្បងអាវុធដែលមានល្បឿនលឿននោះទេ ផ្ទុយទៅវិញខ្លួនបានធ្វើការសាកល្បងយានអវកាសមួយ។ លោក Zhao Lijian បានបន្ថែមថាវាគឺជាការសាកល្បងធម្មតាមួយសម្រាប់បច្ចេកវិទ្យារ៉ុកកែតអវកាសដែលអាចប្រើឡើងវិញបាន។
សូមជម្រាបថា ក្រុមហ៊ុនអាមេរិក SpaceX បានសាកល្បងដោយជោគជ័យនូវបច្ចេកវិទ្យាស្រដៀងគ្នាដោយមានគោលដៅកាត់បន្ថយការចំណាយលើការធ្វើដំណើរក្នុងលំហរ និងការបញ្ជូនយានទៅកាន់គន្លងគោចរ។ យោងតាមអ្នកនាំពាក្យក្រសួងការបរទេសចិន គឺទីក្រុងប៉េកាំងក៏សង្ឃឹមថាបច្ចេកវិទ្យាដែលបានសាកល្បងនៅរដូវក្តៅនេះនឹងផ្តល់នូវវិធីសាស្រ្តដែលមានតម្លៃថោក និងងាយស្រួលសម្រាប់មនុស្សក្នុងការធ្វើដំណើរទៅនិងមកពីលំហដោយសន្តិភាពផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា