ភ្នំពេញ ៖ លោកស្រី លី អាយទ្បែន នាយិកាអង្គការសុខភាពពិភព (WHO) ប្រចាំកម្ពុជា បានសម្ដែងក្ដីរីករាយដែលរាជរដ្ឋាភិបាលកម្ពុជា មានគម្រោងបើកដំណើរការ សេដ្ឋកិច្ចឡើងវិញ ប៉ុន្ដែត្រូវមានការគ្រប់គ្រងហានិភ័យច្បាស់លាស់ កុំឲ្យផ្ទុះជំងឺកូវីដ-១៩ ឡើងវិញ ផងដែរ។
នាឱកាសទទួលវ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ (Sinovac) ចំនួន១២៤,៨០០ដូសទៀត តាមរយៈយន្តការ COVAX (COVAX Facility) នាយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោកស្រី លី អាយឡែន បានកោតសរសើរកម្ពុជា ធ្វើការយ៉ាងអស្ចារ្យ ទាក់ទងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមទាំង ផ្តល់វ៉ាក់សាំ ងជូនប្រជាពលរដ្ឋ។
លោកស្រីថា ប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេសឈានមុខគេ នៃការផ្តល់តម្លៃរបស់ WHO នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការផ្តល់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ។
លោកស្រី បានបញ្ជាក់ថា «ជាមួយនឹងអត្រាគ្របណ្ដាប់ផ្ដល់វ៉ាក់សាំងខ្ពស់ រួមទាំង ផ្ដល់វ៉ាក់សាំងដល់ប្រជាពលរដ្ឋងាយរងគ្រោះគឺធ្វើឲ្យប្រទេសកម្ពុជាអាចធានានូវសុខភាពសាធារណៈបាន ហើយអាចឈានបើកដំណើរការសង្គមសេដ្ឋកិច្ចជាបន្តបន្ទាប់ទៀតបាន។ ខ្ញុំក៏បានដឹងដែរថា រាជរដ្ឋាភិបាលមានគម្រោងនឹងបើកសេដ្ឋកិច្ចឡើងវិញ ហើយសម្រាប់ខ្ញុំវាជាដំណឹងល្អ ដោយសារតែយើងទាំងអស់គ្នា ហាក់បីដូចជា នឿយណាយ នឹងរឿងជំងឺកូវីដ១៩នេះ យូរដែរហើយ ប៉ុន្តែយើងត្រូវតែមានការរក្សានូវតុល្យភាពក្នុងការបើកឡើងវិញនេះ»។
ទោះបីរាជរដ្ឋាភិបាលកម្ពុជា មានគម្រោងបើកប្រទេសឡើងវិញក៏ដោយ លោកស្រី លី អាយទ្បែន ក៏បានផ្ដល់អនុសាស្ដ្រមួយចំនួន ដូចជា ៖ ត្រូវតែមានការគ្រប់គ្រងហានិភ័យច្បាស់លាស់ ដើម្បីចៀសវាកុំឲ្យមានការត្រឡប់មកវិញ នូវការកើនឡើង នៃការឆ្លងជំងឺកូវីដ-១៩។ លោកស្រី ចាក់ទុកថា ពេលវេលានេះ គឺជាពេលដែលល្អសម្រាប់កម្ពុជា ក្នុងការរៀបចំនូវយុទ្ធសាស្ដ្រប្រព័ន្ធនានា ដើម្បីបើកសេដ្ឋកិច្ចឡើងវិញ។
សូមរំលឹកថា គិតត្រឹមថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១១៧.៥០០នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន១១២.៣៨៣នាក់ និងអ្នកស្លាប់ ចំនួន២.៧១៤នាក់៕