វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ថាអ្នកនាំពាក្យ បញ្ជាការកណ្តាលអាមេរិក បានលើកឡើងថា យោធាអាមេរិកបានសម្លាប់ មេដឹកនាំអាល់កៃដា ជាន់ខ្ពស់ គឺលោក Abdul Hamid al-Matar នៅក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក នៅប្រទេសស៊ីរី កាលពីថ្ងៃសុក្រទី២២ ខែតុលាម្សិលមិញនេះ ។
លោក John Rigsbee មេបញ្ជាការកងទ័ពអាមេរិក បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការសម្លាប់មេដឹកនាំជាន់ខ្ពស់ អាល់កៃដា រូបនេះ នឹងបង្អាក់សមត្ថភាព របស់អង្គការភេរវករ ក្នុងការធ្វើផែនការបន្ថែមទៀត និងធ្វើការវាយប្រហារ ជាសកលដែលគំរាមកំហែង ដល់ពលរដ្ឋអាមេរិក ដៃគូរបស់យើង និងជនស៊ីវិលស្លូតត្រង់” ។
ការធ្វើវាយប្រហារ តាមដែនអាកាសនេះ បានកើតឡើង២ថ្ងៃ បន្ទាប់ពីទីស្នាក់ការរបស់អាមេរិក នៅភាគខាងត្បូងនៃប្រទេសស៊ីរី ត្រូវបានរងការវាយប្រហារ ។
លោក Rigsbee មិនបានលើកឡើង ថាតើ ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក របស់សហរដ្ឋអាមេរិក ត្រូវបានធ្វើឡើងក្នុងគោលដៅ ដែលជាការសងសឹក ឬយ៉ាងណានោះទេ ៕
ដោយ៖ ម៉ៅ បុប្ផាមករា