ព័ត៌មានអន្តរជាតិ

G-7 ព្រមព្រៀងលុបបំបាត់ ពលកម្មដោយបង្ខំ ខណៈរិះគន់ទង្វើចិន លើជនជាតិអ៊ុយហ្គ័រ

តូក្យូ៖ រដ្ឋមន្ត្រីពាណិជ្ជកម្មមកពីក្រុមប្រទេសឧស្សាហកម្មទាំង៧ ហៅកាត់ថា G-7 បានព្រមព្រៀងគ្នា ដើម្បីលុបបំបាត់ពលកម្មដោយបង្ខំ និងចែករំលែកការព្រួយបារម្ ភរបស់ពួកគេលើការអនុវត្ត ដែលឧបត្ថម្ភដោយរដ្ឋបែបនេះ លើជនជាតិភាគតិច នៅក្នុងការរិះគន់យ៉ាងលាក់លៀមចំពោះទង្វើរបស់ចិនចំពោះជនជាតិ មូស្លីមអ៊ុយហ្គ័រ នៅក្នុងតំបន់ស៊ីនជាំង។

រដ្ឋមន្ត្រីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយបន្ទាប់ពីកិច្ចប្រជុំនិម្មិតរបស់ពួកគេ ដែលរៀបចំដោយចក្រភពអង់គ្លេស ដោយសម្តែងការព្រួយបារម្ភរបស់ពួកគេចំពោះ “ពលកម្មដោយបង្ខំដែលឧបត្ថម្ភដោយរដ្ឋនៃក្រុមងាយរងគ្រោះ និង ជនជាតិភាគតិច” ។

គ្រប់ភាគី បានកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍រួមដំបូងនៃ G-7 លើបញ្ហាដែលថាមនុស្សប្រហែល 25 លាននាក់នៅទូទាំងពិភពលោកទទួលរងនូវពលកម្មដោយបង្ខំ ហើយបានជំរុញឱ្យប្រទេស ស្ថាប័ន និងអាជីវកម្មធ្វើការរួមគ្នា “ដើម្បីលុបបំបាត់ពលកម្មដោយបង្ខំ ពីខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក”។

ការអំពាវនាវនេះកើតឡើង ចំពេលមានការរិះគន់កាន់តែខ្លាំងឡើងពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត ជុំវិញការរំលោភសិទ្ធិមនុស្សរបស់ចិន ប្រឆាំងជនជាតិអ៊ុយហ្គ័រ បន្ទាប់ពីមានការចោទប្រកាន់ថា បាន បង្ខំឲ្យធ្វើការនៅពីក្រោយដំណើរការផលិតកប្បាស។

រដ្ឋមន្រ្តីបានសំដៅលើការងារដោយបង្ខំ ដែលឧបត្ថម្ភដោយរដ្ឋនៃក្រុមងាយរងគ្រោះ និងជនជាតិភាគតិច នៅក្នុងវិស័យកសិកម្ម ថាមពលពន្លឺព្រះអាទិត្យ និងសម្លៀកបំពាក់ ប៉ុន្តែមិនបានផ្តាច់មុខប្រទេសចិនឡើយ។

ជាមួយការចោទប្រកាន់នេះដែរប្រទេសចិន បានបដិសេធថា ខ្លួនមិនបានធ្វើបាបជនជាតិអ៊ុយហ្គ័រជាប្រព័ន្ធ ហើយបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានផ្តោតលើសិទ្ធិមនុស្ស ផ្តោតលើគោលនយោបាយការបរទេសរបស់លោក ដោយដាក់កំហិតពាណិជ្ជកម្មលើក្រុមហ៊ុនចិន ជុំវិញស្ថានភាពនៅស៊ីនជាំង និងរិះគន់ការបង្ក្រាបបាតុកម្ម គាំទ្រលទ្ធិប្រជាធិបតេយ្យ នៅហុងកុង។

លោក Koichi Hagiuda តំណាងរបស់ប្រទេសជប៉ុនបានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីនោះថាក្រុមថ្មីមួយនឹងត្រូវបានបង្កើតឡើងនៅក្នុងក្រសួងរបស់លោក ដើម្បីដោះស្រាយបញ្ហាការងារដោយបង្ខំ។

G-7 រួមមាន អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក រួមទាំងសហភាពអឺរ៉ុប ក៏បានយល់ព្រមលើគោលការណ៍នៃពាណិជ្ជកម្មឌីជីថល ហើយបានលើកឡើងថាពួកគេ“ ប្រឆាំងនឹងការការពារឌីជីថល និងអំណាចផ្តាច់ការ”៕

ដោយ ឈូក បូរ៉ា

To Top