ព័ត៌មានអន្តរជាតិ

ស៊ុយអែត៖ អាហ្វហ្គានីស្ថាន ឆ្ពោះទៅរក ការដួលរលំលឿនជាងរំពឹងទុក

បរទេស៖រដ្ឋមន្ត្រីទទួលបន្ទុកសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិរបស់ប្រទេសស៊ុយអែត តាមសេចក្តីរាយការណ៍ បានធ្វើការព្រមាននៅថ្ងៃសៅរ៍នេះថា ប្រទេសអាហ្វហ្គានីស្ថាន កំពុងតែឆ្ពោះទៅការដួលរលំផ្នែកសេដ្ឋកិច្ច ដែលអាចនឹងរុញច្រានប្រទេសឲ្យធ្លាក់ក្នុងអន្លុងវិបត្តិនយោបាយថ្មី។ 

ប្រទេសអាហ្វហ្គានីស្ថាន បានធ្លាក់ចូលក្នុងវិបត្តិ បន្ទាប់ពីការដួលរំលំនៃរដ្ឋាភិបាលគាំទ្រដោយលោកខាងលិច និងពួកតាលីបង់កាន់កាប់អំណាចនៅក្នុងខែសីហា ដែលជួបប្រទះការបញ្ចប់ជំនួយរាប់លានដុល្លារ សម្រាប់ប្រទេសមានសេដ្ឋកិច្ចពឹងផ្អែកលើជំនួយនេះ។ 

ដោយធ្វើការព្រមានថា ការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងលឿន អាចនឹងផ្តល់ឱកាសដល់ក្រុមភេរវកម្មលូតលាស់ឡើងនោះ លោក  Per Olsson Fridh បានមានប្រសាសន៍ប្រាប់សារព័ត៌មានក្នុងទីក្រុងឌូបៃ ដូច្នេះថា “ក្តីព្រួយបារម្ភរបស់ខ្ញុំគឺថា ប្រទេសកំពុងស្ថិតនៅក្បែរការដួលរំលំ និងថា ការដួលរលំកំពុងតែចូលមកលឿនជាងដែលយើងបានគិត”។ 

គួរបញ្ជាក់ថា សហភាពអឺរ៉ុបមានសមាជិក២៦ប្រទេសរួមទាំងស៊ុយអែតផងនោះ បានបង្កើនជំនួយមនុស្សធម៌ឲ្យដល់អាហ្វហ្គានីស្ថានចាប់តាំងពីពួកតាលីបង់កាន់អំណាចមក ប៉ុន្តែបានផ្អាកជំនួយអភិវឌ្ឍន៍របស់ខ្លួន ជាចំណាត់ការមួយធ្វើឡើងដោយប្រទេសដទៃទៀតជាច្រើន និងធនាគារពិភពលោក៕ 

To Top