ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ថា វីរុសបង្កជំងឺកូវីដ-១៩បានក្លាយជាជំងឺរាតត្បាត ដ៏សាហាវបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលបានសម្លាប់មនុស្សច្រើនជាងមេរោគអេដស៍ទៅទៀតនេះបើយោង តាមគេហទំព័រព័ត៌មានជាតិ ។
វិធីសាស្រ្តដំបូងរបស់រដ្ឋាភិបាលអាមេរិក ចំពោះមេរោគអេដស៍ និងមេរោគបង្កជំងឺកូវីដ-១៩ គឺជា “ ការបដិសេធ និងការព្រងើយកណ្តើយ” ។
នៅគ្រាដែលជំងឺអេដស៍ បានរាលដាលពាសពេញសហគមន៍នៅផ្នែកខ្លះនៃសហរដ្ឋអាមេរិក នៅដើមទសវត្សរ៍ឆ្នាំ១៩៨០រដ្ឋាភិបាលសហព័ន្ធ បានមើលឃើញវិធីផ្សេង ហើយថែមទាំងកាត់បន្ថយការចំណាយ លើភ្នាក់ងារសុខភាពសាធារណៈ ។
របាយការណ៍បានចង្អុលបង្ហាញថា ទាក់ទងនឹងជំងឺរាតត្បាតកូវីដ-១៩ នៅគ្រាដែលវាត្រូវបានគេរាយការណ៍នៅសហរដ្ឋអាមេរិក ខាងសេតវិមានបានកាត់បន្ថយហានិភ័យដោយច្រានចោលវាថា ជា “ជំងឺផ្តាសាយធម្មតា” ប៉ុណ្ណោះ ។
របាយការណ៍បានឲ្យដឹងទៀតថា វិបត្តិទាំង២បានប៉ះពាល់ដល់ក្រុមជនជាតិភាគតិច និងសហគមន៍ក្រីក្រដែលមិនមានសមាមាត្រនឹងគ្នា ។
រហូតមកដល់ពេលនេះ ជំងឺរាតត្បាតកូវីដ-១៩បានសម្លាប់មនុស្សប្រហែល៧៣០.០០០នាក់នៅសហរដ្ឋអាមេរិក ខណៈដែលវាត្រូវបានគេជឿថា យ៉ាងហោចណាស់មនុស្ស៧០០.០០០នាក់នៅក្នុងប្រទេសមួយនេះ បានស្លាប់ដោយសារមេរោគអេដស៍ ឬជំងឺអេដស៍ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា