នយោបាយ

លោក មុត ចន្ថា ៖ ការប៉ុនប៉ងរៀបចំសមាជ ម្តងជាពីរដង​ របស់បក្សភ្លើងទៀន ជាសញ្ញាដើរចេញពី CNRP

ភ្នំពេញ ៖ ខណៈគណបក្សភ្លើងទៀន នឹងរៀបចំធ្វើសមាជ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ ក្រោយបរាជ័យធ្វើលើកទី១ កាលពីថ្ងៃ២២ ខែសីហា ឆ្នាំ២០២១ មិនបានជោគជ័យនោះ លោក មុត ចន្ថា ជាមនុស្សជំនិត លោក កឹម សុខា បានលើកឡើងថា ការរៀបចំសមាជសាមញ្ញ និងការប៉ុនប៉ងរៀបចំ សមាជវិសាមញ្ញ ម្តងជាពីរដង របស់បក្សភ្លើងទៀននេះ គឺសញ្ញាបង្ហាញមកថា បក្សដើរចេញពី អតីតគណបក្សសង្រ្គោះជាតិ (CNRP)។

គណបក្សភ្លើងទៀន បច្ចុប្បន្នមានលោក ទាវ វណ្ណុល ជាប្រធាន ។ លោក ទាវ វណ្ណុល មានសញ្ជាតិ២ គឺខ្មែរ-អាមេរិក ។

គណបក្សភ្លើងទៀន កើតចេញពីអតីតគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដោយបានច្របាច់បញ្ចូលគ្នា ទាំងរចនាសម្ព័ន្ធ និងទាំងកម្លាំងស្នូល នៅកម្រិតជាតិ និងមូលដ្ឋាន ដើម្បីបង្កើតទៅជា «គណបក្សសង្រ្គោះជាតិ» នៅខែកក្កដា ឆ្នាំ២០១២ ។

លោក មុត ចន្ថា បានឲ្យដឹងក្នុងហ្វេសប៊ុកនាថ្ងៃ២៦ តុលាថា “ការរៀបចំសមាជសាមញ្ញ និងការប៉ុនប៉ងរៀបចំ សមាជវិសាមញ្ញម្តងជាពីរដង របស់គណបក្សភ្លើងទៀន គឺជាសញ្ញាបញ្ជាក់ យ៉ាងច្បាស់ថា គណបក្សភ្លើងទៀន បានសម្រេចដើរចេញពីសម្ព័ន្ធភាព នយោបាយក្នុងអតីតគណបក្ស សង្រ្គោះជាតិ ដែលលោក សម រង្ស៉ី ទន្ទេញជាប់មាត់ថា សម្ព័ន្ធភាព គណបក្សភ្លើងទៀន (អតីតគណបក្សសមរង្ស៉ី) និងគណបក្សសិទ្ធិមនុស្ស នៅតែរឹងមាំ ហើយគាត់ថែមទាំងបង្កើត ដោយអត្តនោម័តនូវពាក្យស្លោកៈ «សម រង្ស៉ី-កឹម សុខា ជាមនុស្សតែមួយ»”។

លោកថា គណបក្សភ្លើងទៀន ជាមរតនយោបាយរបស់លោក សម រង្ស៉ី បានកសាងឡើងតាំង តែពី ខែវិច្ឆិកា ឆ្នាំ១៩៩៥ ដូច្នេះគាត់ប្រាកដជាមិន អនុញ្ញាតឲ្យក្រុម នយោបាយ នៃគណបក្សភ្លើងទៀន បច្ចុប្បន្នយកទៅបំផ្លាញ ចោលដោយងាយនោះទេ ។ បើសិនជាគាត់មិន នៅពីក្រោយ គណបក្សភ្លើងទៀន ដូច្នេះមេដឹកនាំបច្ចុប្បន្ននេះ មិនមានសារ និងសេចក្តីថ្លែងការណ៍នយោបាយ ឬគេហៅថា ទ្រព្យធនគណបក្ស ទៅលក់ឲ្យអ្នកគាំទ្រ ឬប្រជាពលរដ្ឋគាំទ្រណា ។

លោក មុត ចន្ថា បន្ថែមថា បើសិនគណបក្សនេះ សម្រេចចូលរួមបោះឆ្នោតខាងមុខ ដោយគ្មានការគាំទ្រពីលោក សម រង្ស៊ី និងមនុស្សជិតស្និទ្ធរបស់គាត់ ដូចជា លោក អេង ឆៃអ៊ាង និងលោក យឹម សុវណ្ណ រុញឲ្យរចនាសម្ព័ន្ធគណបក្សភ្លើងទៀន ដែលស្ថិតក្នុងក្របខណ្ឌគណបក្សសង្រ្គោះជាតិ ចូលរួមគាំទ្រនិងបញ្ឆេះឲ្យគណបក្សនេះដំណើរការទេ គណបក្សភ្លើងទៀន ប្រាកដជាបរាជ័យក្នុងការបោះឆ្នោត ។

លោក មុត ចន្ថា បានហៅចំណុចនេះថា ជាកលល្បិចទុយ៌ស លួចចាក់ពីក្រោយខ្នង របស់លោក សម រង្ស៊ី ក្នុងគោលបំណងក្បត់លោក កឹម សុខា ទៅស្រវ៉ាបក្សភ្លើងទៀន ៕

To Top