បរទេស៖ រដ្ឋមន្ត្រីសុខាភិបាល នៃប្រទេសអ៊ុយក្រែន តាមសេចក្តីរាយការណ៍ បានជំរុញប្រជាពលរដ្ឋបន្ថែមទៀត ឲ្យទៅចាក់ថ្នាំវ៉ាក់សាំង ស្របពេលដែលករណីស្លាប់ ដោយសារជម្ងឺកូវីដ១៩ ឡើងដល់ចំនួន៧៣៤នាក់ នៅថ្ងៃអង្គារនេះ ហើយចំនួនអ្នកព្យាបាល នៅមន្ទីរពេទ្យ កើនឡើង ជាង១ភាគ៥ លើសប្ដាហ៍ពីមុន។
មួយក្នុងចំណោមប្រទេសអឺរ៉ុប ដ៏ក្រីក្រីបំផុតនោះ ប្រទេសអ៊ុយក្រែន បានខ្វះខាត ក្នុងការប្រជែង យកការផ្គត់ផ្គង់ ថ្នាំវ៉ាក់សាំង នៅក្នុងឆ្នាំនេះ ហើយរហូតមកទល់ ពេលបច្ចុប្បន្ននេះ ប្រជាជនប្រមាណតែ ៧លាននាក់ប៉ុណ្ណោះ ក្នុងចំណោមប្រជាជន ៤១លាននាក់ បានទទួលថ្នាំវ៉ាក់សាំង ទាំងស្រុង។
តាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា អ៊ុយក្រែន គឺជាប្រទេសមួយ ក្នុងចំណោមបណ្ដា ប្រទេសជាច្រើន ស្ថិតនៅអឺរ៉ុប ភាគខាងកើត ដែលអតីតកាន់ លទ្ធិកុម្មុយនិស្ត ជាទីមានអាត្រាចាក់ថ្នាំវ៉ាក់សាំង មានកម្រិតទាបបំផុតប្រចាំទ្វីប ហើយបច្ចុប្បន្ននេះ បានជួបប្រទះការរីករាលដាលឆ្លងដ៏ខ្លាំងក្លា។
រដ្ឋមន្ត្រីសុខាភិបាល លោក Viktor Lyashko បាននិយាយប្រាប់សន្និសីទកាសែតមួយថា ៩៤ភាគរយនៃអ្នកជម្ងឺ ដែលត្រូវការសម្រាកព្យាបាល នៅមន្ទីរពេទ្យ គឺមិនបានចាក់ថ្នាំវ៉ាក់សាំងទេ ហើយ២ភាគ៣នៃចំនួនគ្រែ ដែលមានការផ្គត់ផ្គង់ អុកស៊ីសែន គឺត្រូវបានប្រើប្រាស់ទាំងអស់៕
ប្រែសម្រួល៖ប៉ាង កុង