ព័ត៌មានអន្តរជាតិ

រុស្ស៊ី-អាស៊ាន ព្រមព្រៀង ជំរុញកិច្ចសហប្រតិបត្ដិការ ដើម្បីកសាងសន្ដិភាព និងស្ថេរភាពក្នុងតំបន់

ម៉ូស្គូ៖ ប្រទេសរុស្សី និងរដ្ឋជាសមាជិក នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីកសាង “តំបន់សន្តិភាព ស្ថិរភាព និងនិរន្តរភាព” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារពុត៌មានចិនស៊ិនហួ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងនៅឯកិច្ចប្រជុំកំពូល រុស្ស៊ី-អាស៊ាន លើកទី៤ តាមរយៈតំណភ្ជាប់វីដេអូថា “យើងទាំងអស់គ្នាគាំទ្រ ការពង្រីកកិច្ចសហប្រតិបត្តិការស្មើភាព និងផលប្រយោជន៍ទៅវិញទៅមក នៅក្នុងលំហអាស៊ី-ប៉ាស៊ីហ្វិក”។

លោកបានលើកឡើងថា “ឥឡូវនេះយើងមានឱកាសពិតប្រាកដ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងរុស្ស៊ី និងអាស៊ាន រួមទាំងការពង្រឹងស្ថិរភាព និងសន្តិសុខ ការស្តារសេដ្ឋកិច្ចក្រោយការរាតត្បាត ការជំរុញពាណិជ្ជកម្ម និងការពង្រីកទំនាក់ទំនងមនុស្សធម៌” ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីកិច្ចប្រជុំកំពូល រុស្ស៊ី និងសមាជិកអាស៊ានបានព្រមព្រៀងគ្នា ក្នុងការស្វែងរក កិច្ចសហប្រតិបត្តិការជាក់ស្តែង ដែលអាចកើតមានលើបញ្ហា ដែលមានផលប្រយោជន៍ទៅវិញទៅមក ក្នុងចំណោមអាស៊ាន សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី និងអង្គការសហប្រតិបត្តិការសៀងហៃ។

ភាគីទាំងពីរ បានសន្យាស្វែងរកការសហការគ្នា នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់ ការតភ្ជាប់ក្នុងតំបន់ នេះបើយោងតាមប្រភពព័ត៌មាន។

ភាគីទាំងពីរបានព្រមព្រៀងគ្នា ក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញការតភ្ជាប់ដែនសមុទ្រ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការគ្រប់គ្រងកំពង់ផែ ប្រកបដោយនិរន្តរភាព និងធន់នឹងការដឹកជញ្ជូន។

ភាគីទាំងពីរ ក៏បានសម្តែងការគាំទ្រ សម្រាប់ការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព នៅក្នុងតំបន់ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនកាន់តែជិតស្និទ្ធបន្ថែមទៀត។

ក្នុងអំឡុងកិច្ចប្រជុំកំពូល រុស្ស៊ី និងអាស៊ាន បានអនុម័តផែនការសកម្មភាព គ្រប់ជ្រុងជ្រោយចំនួន ១០៣ ចំណុច សំដៅអនុវត្តកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក សម្រាប់រយៈពេល ពីឆ្នាំ២០២១-២០២៥៕ ដោយ ឈូក បូរ៉ា

To Top