ភ្នំពេញ ៖ ស្នងការដ្ឋាន នគរបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ពិតជាមានករណីបុរសពីនាក់ បានប្រើប្រាស់អាវុធ គំរាមកំហែង ទៅលើស្រ្តីម្នាក់ កាលពីថ្ងៃទី២១ ខែខែតុលា ឆ្នាំ២០១៩ ហើយពេលនេះសំណុំរឿង ស្ថិតនៅក្នុងដៃព្រះរាជអាជ្ញា អមសាលាដំបូងខេត្តស្ទឹងត្រែង កំពុងចាត់ការតាមនីតិវិធី ព្រោះជនរងគ្រោះ មិនបានដាក់ពាក្យបណ្ដឹង មកស្នងការខេត្តទេ ប៉ុន្តែដាក់ទៅព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ដោយផ្ទាល់តែម្ដង ។
យោងតាមសេចក្ដីបំភ្លឺព័ត៌មាន របស់ស្នងការដ្ឋាន នគរបាល ខេត្តស្ទឹងត្រែង នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩បានឲ្យដឹងថា ករណីមានជនពីរនាក់ ប្រើប្រាស់អាវុធគំរាមកំហែង ទៅលើប្រជាពលរដ្ឋ ។ ករណីនេះ បានកើតតាំងពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ដែលមានមន្ត្រីជលផលមួយរូប ឈ្មោះ វង្ស សាវឿន ភេទប្រុស អាយុ ៤៦ឆ្នាំជនជាតិខ្មែរ មានមុខរបរ ជានាយរងខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង និងគូកនម្នាក់ទៀត បានដកអាវុធខ្លី១ដើម បានគំរាមកំហែងទៅលើជនរងគ្រោះឈ្មោះ ហ៊ឹម ម៉ារី ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មានមុខរបរ ជាអ្នកនេសាទត្រី ។
សេចក្ដីបំភ្លឺបញ្ជាក់ថា ចំពោះករណីនេះ ជនរងគ្រោះ មិនបានដាក់ពាក្យបណ្តឹង មកស្នងការដ្ឋាន នគរបាលខេត្តស្ទឹងត្រែងឡើយ ដោយជនរងគ្រោះបានដាក់ពាក្យបណ្តឹង ទៅព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តដោយផ្ទាល់ ។ ដោយបច្ចុប្បន្ន សំណុំរឿងនេះ កំពុងស្ថិតនៅក្នុងដៃព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត កំពុងចាត់ការតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានបុរស២នាក់ បានយកកាំភ្លើងមកផ្ជង់ក្បាលប្រជាពលរដ្ឋ ជំរិតទារលុយដោយសំអាងថា ខ្លួនមានលោកធំ ជួយការពារ មានលុយនិងមានអំណាច។
យោងតាមគណនីហ្វេសប៊ុក ឈ្មោះ ម៉ារី ស្ទឹងត្រែង បានបង្ហោះរូបបុរស២នាក់នោះ និងសរសេរនៅលើហ្វេសប៊ុកថា “ បងធំពីរនាក់នេះហើយដែល ដើរតែយកកាំភ្លើង មកជំរិតទារលុយ ពីប្រជាពលរដ្ឋរ ព្រោះគាត់អាងមានខ្សែរ. មានលុយនឹងមានអំណាច. យកកាំភ្លើងផ្ជង់ក្បាលខ្ញុំ ហើយបានដេញខ្ញុំអោយទៅប្ដឹងទៀត ហេតុតែគេចឹងបានចឹង” ៕ ដោយ៖ធី លីថូ