បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានស្នើឱ្យសាធារណជន និងធុរកិច្ច អនុវត្តយ៉ាងតឹងរ៉ឹងនូវការគ្រប់គ្រងជំងឺ ហើយក្រុមអ្នកតវ៉ា កុំធ្វើឱ្យខូចមុខមាត់ប្រទេសជាតិ ដើម្បីធានាថា ការបើកប្រទេសឡើងវិញ នៅថ្ងៃច័ន្ទ ទទួលបានជោគជ័យ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ថ្លែងបន្ទាប់ពីធ្វើជាប្រធាន កិច្ចប្រជុំនៃមជ្ឈមណ្ឌល គ្រប់គ្រងស្ថានការណ៍ Covid-19 នៅវិមានរដ្ឋាភិបាល នៅថ្ងៃសុក្រ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បាននិយាយថា លោកត្រូវការកិច្ចសហប្រតិបត្តិការ ពីគ្រប់ភាគីសម្រាប់ការ បើកឡើងវិញ សម្រាប់ភ្ញៀវមកពីប្រទេសចំនួន ៤៦ប្រទេស ។
លោកបន្តថា «រដ្ឋាភិបាលបានរៀបចំ វិធានការសមស្របជាច្រើន ហើយអ្នកគ្រប់គ្នាត្រូវតែអនុវត្តតាម ឱ្យបានពេញលេញ និងជៀសវាងហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩»។
នាយករដ្ឋមន្រ្តីថៃរូបនេះ បន្ថែមថា ការធ្វើចត្តាឡីស័ក នឹងត្រូវបានលើកដោយលក្ខខណ្ឌ សម្រាប់ការមកដល់តាមអាកាស ពីប្រទេសដែលបានបញ្ជាក់ ប៉ុន្តែនឹងនៅតែរក្សាដដែល សម្រាប់អ្នកដែលមកតាមផ្លូវគោក និងផ្លូវទឹក៕
ប្រែសម្រួលៈ ណៃ តុលា