ភ្នំពេញ: ចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តក្រចេះ កាលពីល្ងាច ថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានសម្រេច បង្គាប់ឱ្យឃុំខ្លួន អតីតមេបញ្ជាការកងរាជអាវុធហត្ថក្រុង ក្រចេះ និង គូកន និងបានបញ្ជូនខ្លួន ពួកគេ ទៅឃុំខ្លួនជា បណ្ដោះអាសន្ននៅក្នុង ពន្ធនាគារ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ជាប់ពាក់ព័ន្ធនឹងការវ៉ៃច្រំ និង ធ្វើទារុណកម្មទៅលើកុមារី២នាក់ ដែលជាកូនឈ្នួល និង បង្ខំអោយជនរងគ្រោះ ស៊ីអាចម៍ឆ្កែ និង សំពះផ្នូរខ្មោចដែលងាប់ ប្រព្រឹត្តកាលពីចុង ខែ តុលា ឆ្នាំ ២០២១ ស្ថិតនៅក្នុងផ្ទះវីឡាដ៏ធំស្កឹមស្កៃរបស់ពួកគេ នៅខេត្តក្រចេះ។
យោងតាមដីកា របស់តុលាការ បានអោយដឹងថា ជនត្រូវចោទទាំង២នាក់ ខាងលើនេះរួមមាន៖
-ឈ្មោះ ទេព ហ៊ុយ ភេទប្រុស អាយុ៤២ឆ្នាំ ជាអតីតមេបញ្ជាការកងរាជអាវុធហត្ថ ក្រុងក្រចេះ ត្រូវជាប់ចោទពីបទ: ទារុណកម្មនិងអំពើឃោរឃៅមានស្ថានទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះ , ហិង្សាដោយចេតនាមាន ស្ថានទម្ងន់ទោស ទាក់ទង នឹងជនរងគ្រោះ , គំរាមកំហែងថានឹងសម្លាប់តាមបញ្ញាត្តិមាត្រា ២១១, ២១៩, ៣៣ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ប្រព្រឹត្តនៅហាងយីហោ លាង ហ៊ុយ លក់រថយន្តម៉ូតូនិងទូរស័ព្ទដៃទំនើប ផ្លូវកណ្ដាល ភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ និងនៅចំណុចភូមិរកាកណ្ដាល១ សង្កាត់រកាកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ កាលពីថ្ងៃទី២៧-២៨ ខែតុលា ឆ្នាំ២០២១ ។
ចំណែកឯ ជនជនជាប់ចោទ ម្នាក់ទៀត មាន ឈ្មោះ គឹ ម សុវណ្ណរិទ្ធ ភេទប្រុស អាយុ៤០ឆ្នាំ ត្រូវជាប់ចោទពីបទ: ហិង្សាដោយចេតនាមាន ស្ថានទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះ ,តាមបញ្ញាត្តិមាត្រា ២១៩ នៃក្រមព្រហ្មទណ្ឌនៃ ព្រះរាជាណាចក្រ កម្ពុជា ប្រព្រឹត្តនៅចំណុចហាងយីហោ លាង ហ៊ុយ លក់រថយន្តម៉ូតូនិងទូរស័ព្ទដៃទំនើប ផ្លូវកណ្ដាល ភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ។
ពួកគេត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី៣០ ខែ តុលា ឆ្នាំ ២០២១ តាមបណ្តឹងរបស់ម្តាយ របស់កុមារីរងគ្រោះ៕
ដោយ: រស្មី អាកាស