ព័ត៌មានជាតិ

សាខាកាកបាទក្រហម ខេត្តកំពង់ចាម ប្រគល់ផ្ទះមនុស្សធម៌១ខ្នង ជូនគ្រួសារពិការ ទ័លក្រ នៅស្រុកជើងព្រៃ

កំពង់ចាម ៖ លោក អ៊ុន ចាន់ដា ប្រធានសាខាកាកបាទ ក្រហមកម្ពុជា ខេត្តកំពង់ចាម ព្រមទាំងសការី និងព្រះសង្ឃផងនោះ នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញប្រគល់ផ្ទះមនុស្សធម៌១ខ្នងជូនគ្រួសារមួយមានពិការភាព ទ័លក្រ ឈ្មោះ ឈុន ម៉េន អាយុ ៦៣ឆ្នាំ រស់នៅភូមិអំពិលទ្វារ ឃុំសំពងជ័យ ស្រុកជើងព្រៃ។

នាយកប្រតិបត្តិសាខា កាកបាទក្រហមខេត្តកំពង់ចាម លោក ទូច ឆៃ បានឲ្យដឹងថា លោក ឈុន ម៉េន ជាជនមានពិការភាព ស្វិតជើងឆ្វេង ដោយសារជម្ងឺលើសឈាម មានប្រពន្ធ និងចៅតូចៗ ៤នាក់ក្នុងបន្ទុក ដែលកំព្រារ ដោយសារ ឪពុកម្តាយលែង លះគ្នា។

លោកទូច ឆៃ ឲ្យដឹងទៀតថា ជិត៥ឆ្នាំមកនេះ ក្រោយធ្លាក់ខ្លួនពិការ ហើយមានជម្ងឺប្រចាំកាយថែមទៀតនោះ លោក ឈុន ម៉េន ពុំមានលទ្ធភាពប្រកបរបរកសិកម្មបានទៀតឡើយ ម៉្លោះហើយបន្ទុកត្រូវធ្លាក់ទៅលើ ប្រពន្ធ ដែលគ្មានទាំងទុន គ្មានមុខរបរច្បាស់លាស់ សូម្បីជម្រកស្នាក់នៅ ក៏រស់នៅក្នុងកូនខ្ទមតូចទាបផ្ទាល់ដី ដែលជញ្ជាំងបាំងដោយធាងត្នោត និងដំបូលប្រក់ស្លឹកត្នោតចាស់ ៗ នៅលើដីទំហំ ១៥ម×៣៥ម ។ ហើយ ក្រៅពីការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាល តាមរយៈ ប័ណ្ណសមធម៌ ក្រ ២ ប្រពន្ធលោក ឈុន ម៉េន ត្រូវរ៉ាប់រងចិញ្ចឹមគ្រួសារ ដោយដើររើសខ្យងក្តាមលក់ផង និង ដើរស៊ីឈ្នួល តាមរដូវកាលផង គ្រាន់បានប្រាក់កម្រៃប្រចាំថ្ងៃ ចិញ្ចឹមប្តី និងចៅកំព្រាតូចៗ ទាំង ៤នាក់នោះ។

លោកនាយកប្រតិបត្តិបញ្ជាក់ថា ដោយមើលឃើញពីស្ថានភាពលំបាកនេះ ទើប លោក អ៊ុន ចាន់ដា ប្រធានសាខា បាន សម្រេច ផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសីភ្លីធំ (ទំហំ៤ម×៦ម) ១ខ្នង តម្លៃប្រមាណ ១០,០០០,០០០ រៀល ជាថវិកាបដិភាគ របស់សាខា ជូន លោកឈុន ម៉េន និងគ្រួសារ សម្រាប់ស្នាក់នៅជាកម្មសិទ្ធិតទៅ។

ជាមួយគ្នានោះដែរ ដើម្បីជួយសម្រាលជីវភាពរស់នៅរបស់ពួកគាត់ សាខាកាក បាទក្រហមខេត្ត បានផ្តល់សម្ភារ គ្រឿង ឧបភោគ បរិភោគ ជូនរួមមាន អង្ករ ៥០គក្រ, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប ទឹក ស៊ីអ៊ីវ ១២ដប,មី ២កេស,ឃីត២សម្រាប់, អាវយឺត១២, សម្ភារផ្ទះបាយមួយចំនួន និង ថវិកា ២០០,០០០រៀល ៕

To Top