ព័ត៌មានអន្តរជាតិ

វៀតណាម នឹងផ្តល់កញ្ចប់ជំនួយ ឥណទាន 70 ពាន់ពាន់លានដុង ដើម្បីជួយអាជីវកម្មទទួលបាន ប្រាក់កម្ចីអនុគ្រោះ

ហូជីមិញ៖ នាយកដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្ម នៃទីក្រុងហូជីមិញប្រទេសវៀតណាម បាននិយាយថា ខ្លួននឹងផ្តល់កញ្ចប់ជំនួយឥណទានដែលមានតម្លៃ 70 ពាន់ពាន់លានដុង (3.07 ពាន់លានដុល្លារ) នៅឆ្នាំនេះ ដើម្បីជួយអាជីវកម្មទទួលបានប្រាក់កម្ចីអនុគ្រោះដើម្បីស្តារផលិតកម្មឡើងវិញ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា យោងតាមសាខាទីក្រុង ហូជីមិញ របស់ធនាគាររដ្ឋវៀតណាមបានឱ្យដឹងថា វិស័យធនាគារនឹងផ្តល់ឥណទានដល់អាជីវកម្មក្នុងអត្រាការប្រាក់គាំទ្រនៅត្រីមាសនេះ។

លោក Nguyễn Hoàng Minh អនុប្រធានសាខាបាននិយាយថា ជំងឺរាតត្បាត COVID-19 បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសង្គមរបស់ទីក្រុង ប៉ុន្តែការិយាល័យរបស់លោកមានវិធានការកាត់បន្ថយការលំបាកដែលអាជីវកម្មជួបប្រទះ ស្របតាមការណែនាំរបស់ធនាគារកណ្តាល និងគណៈកម្មាធិការប្រជាជនទីក្រុង។

តម្រូវការមូលនិធិនឹងកើនឡើងនៅចុងឆ្នាំ ប៉ុន្តែនឹងមិនមានការខ្វះខាតទេ។ វិស័យធនាគារបានប្តេជ្ញាចិត្តក្នុងការធានានូវប្រាក់កម្ចីគ្រប់គ្រាន់ក្នុងអត្រាការប្រាក់អនុគ្រោះ ដើម្បីជួយអាជីវកម្មរស់ឡើងវិញនូវផលិតកម្ម និងការជួញដូរ៕ប្រែសម្រួលៈ ណៃ តុលា

To Top